ធនាគារកណ្តាលនៃប្រទេសហូឡង់ បានធ្វើប្រតិបត្តិការផ្លាស់ទីមាសរបស់ខ្លួនចន្លោះពីខែមីនា ដល់ខែសីហា ឆ្នាំនេះ ដោយផ្ទេរមាសចេញពីឃ្លាំងនៅទីក្រុងញូវយ៉ក និងទីក្រុងអូតាវ៉ា ប្រទេសកាណាដា ទៅរក្សាទុកនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ចំណាត់ការនេះបានកាត់បន្ថយចំណែកមាសរបស់ហូឡង់ ដែលរក្សាទុកនៅធនាគារកណ្តាលអាម៉េរិក ក្នុងទីក្រុងញូវយ៉ក ពីជាង៣១% មកត្រឹមជាង១៨% នៃទុនបម្រុងមាសសរុប។
ផ្ទុយទៅវិញ ធនាគារអង់គ្លេសនៅទីក្រុងឡុងដ៍ ពេលនេះរក្សាទុកមាសរបស់ហូឡង់ប្រមាណជាង៣២% ដែលធ្វើឱ្យទីក្រុងឡុងដ៍ ក្លាយជាទីតាំងរក្សាទុកមាសក្រៅប្រទេសធំបំផុតរបស់ហូឡង់។ ធនាគារកណ្តាលហូឡង់បានបញ្ជាក់ថា មូលហេតុសំខាន់នៃការផ្លាស់ប្តូរនេះ គឺដើម្បីត្រៀមខ្លួនសម្រាប់វិបត្តិធ្ងន់ធ្ងរ និងអាចបំប្លែងមាសទៅជាសាច់ប្រាក់បានលឿនក្នុងករណីមានវិបត្តិហិរញ្ញវត្ថុ។
ប៉ុន្តែអ្នកជំនាញហិរញ្ញវត្ថុលោក ជូហាន ដេ រ៉ូយធ័រ (Johan de Ruiter) បានព្រមានថា មាសរបស់ហូឡង់គួរតែដកចេញពីអាម៉េរិកឱ្យបានឆាប់ ដោយលោកយល់ថា ការរក្សាទុកទ្រព្យសម្បត្តិជាតិនៅក្រៅប្រទេសក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្នអាចបង្កហានិភ័យ។
នៅក្នុងប្រតិបត្តិការផ្លាស់ប្តូរទីតាំងស្តុកមាសរបស់ហូឡង់នេះ មាសប្រមាណ៥៩តោនត្រូវបានលក់នៅទីក្រុងញូវយ៉ក ហើយទិញជំនួសនៅទីក្រុងឡុងដ៍ ខណៈមាសជាង២៧តោនត្រូវបានដឹកជញ្ជូនដោយផ្ទាល់តាមប្រព័ន្ធសន្តិសុខកម្រិតខ្ពស់។ ដោយសារទុនបម្រុងមាសសរុបរបស់ហូឡង់មានតម្លៃដល់ទៅជាង៨០ពាន់លានដុល្លារអាម៉េរិក ការផ្លាស់ប្តូរនេះបានទាក់ទាញការចាប់អារម្មណ៍ថា បណ្ដាស្ថាប័នហិរញ្ញវត្ថុអឺរ៉ុបកំពុងបង្កើនការការពារទ្រព្យសម្បត្តិរបស់ខ្លួនពីភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងហិរញ្ញវត្ថុឬយ៉ាងណា៕
ដោយ: តែម សុខុម