អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ បាននិយាយថា មន្ដ្រីសហភាពអឺរ៉ុបទាំងនោះ នឹងជួបតំណាងនៅតាមក្រសួងនានា ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការបរទេស ក្រសួងដែនដីនគរូបនីយកម្ម និងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក កេត សោផាន់ បាននិយាយតាមសារតេឡេក្រាម ដូច្នេះថា ៖ «ដូចដែលខ្ញុំបានធ្វើការសង្ខេបជូនបណ្តាញព័ត៌មានក្នុងអំឡុងពេលបេសកកម្មលើកដំបូង គឺថា នឹងមានបេសកកម្មមួយទៀត ដែលនឹងកើតឡើងនៅក្នុងខែមិថុនានេះ។»
លោក កេត សោផាន់ បានបន្តថា ៖ «ដូច្នេះ នេះគឺជាផ្នែកមួយនៃដំណើរការភ្ជាប់ទំនាក់ទំនងធម្មតារវាងគណៈកម្មការអឺរ៉ុប និងរាជរដ្ឋាភិបាល បន្ទាប់ពីការដាក់ដំណើរការនីតិវិធីបណ្តោះអាសន្ន EBA នៅក្នុងខែកុម្ភៈ។»
បន្ទាប់ពីលើកឡើងពីការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា សហភាពអឺរ៉ុបបានប្រកាសកាលពីខែកុម្ភៈ ថា ខ្លួនចាប់ផ្តើមដំណើរការនីតិវិធីផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអនុគ្រោះពន្ធ EBA។
EBA គឺជាគំនិតផ្តួចផ្តើមរបស់សហគមន៍អឺរ៉ុបដើម្បីជួយបណ្តាប្រទេសក្រីក្រឲ្យនាំចូលទំនិញទៅទីផ្សារអឺរ៉ុបដោយមិនបាច់បង់ពន្ធ ហើយកម្មវិធីអនុគ្រោះពន្ធនេះ អាចត្រូវបានដកចេញវិញ ក្នុងករណីមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។
យោងតាមតួលេខផ្លូវការ ទំនិញដល់ទៅ ៤០ភាគរយនៃទំនិញទាំងអស់ ដែលនាំចេញពីកម្ពុជាទៅទីផ្សារអន្តរជាតិ គឺបាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប។
បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ អឺរ៉ុបបាននិយាយថា ខ្លួនសង្ឃឹមថា នឹងមានការរីកចម្រើនដោយនិរន្តរភាពនិងការវិវត្តន៍ដ៏រឹងមាំក្នុងវិស័យពាក់ព័ន្ធដែលស្ថិតក្រោម EBA ហើយសង្ឃឹមថា កម្ពុជានឹងចាត់វិធានការចាំបាច់ជាបន្ទាន់ដើម្បីរក្សាការទទួលផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។
នៅពេលនោះ សហគមន៍អឺរ៉ុបក៏បាននិយាយផងដែរថា ទស្សនកិច្ចនៅកម្ពុជាគឺជាឱកាសដំបូងសម្រាប់កិច្ចពិភាក្សាក្នុងអំឡុងពេលតាមដាននិងវាយតម្លៃបន្ទាប់ពីអឺរ៉ុបបានប្រកាសនូវនីតិវិធីដែលអាចនាំឱ្យមានការដក EBA ជាបណ្តោះអាសន្នពីកម្ពុជា៕