មន្រ្តីមកពីគណៈកម្មការអឺរ៉ុបនិងសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុប (EEAS) បានធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ជាផ្នែកមួយនៃការបន្តពិភាក្សានយោបាយនិងការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែមីនា អឺរ៉ុបបាននិយាយដូច្នេះថា ៖ «គណៈកម្មការអឺរ៉ុបនិង EEAS សង្ឃឹមថា នឹងមានការរីកចម្រើនដោយនិរន្តភាព និងការវិវត្តន៍ដ៏រឹងមាំក្នុងវិស័យពាក់ព័ន្ធ ដែលស្ថិតក្រោម EBA ហើយសង្ឃឹមថា កម្ពុជានឹងចាត់វិធានការចាំបាច់ជាបន្ទាន់ដើម្បីរក្សាការទទួលផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA។»
សហគមន៍អឺរ៉ុបបាននិយាយថា ទស្សនកិច្ចនៅកម្ពុជា គឺជាឱកាសដំបូងសម្រាប់កិច្ចពិភាក្សាក្នុងអំឡុងពេលតាមដាននិងវាយតម្លៃ បន្ទាប់ពីអឺរ៉ុបបានប្រកាសកាលពីខែកុម្ភៈ នូវនីតិវិធីមួយដែលអាចនាំឱ្យមានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្តោះអាសន្នពីកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលនិយាយថា ៖ «មន្រ្តីសហភាពអឺរ៉ុបបានពិភាក្សាគ្នាដោយត្រង់ៗជាមួយឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ ក៏ដូចជា សង្គមស៊ីវិល អង្គការសហប្រជាជាតិ និងតំណាងអង្គការពលកម្មអន្តរជាតិនៅក្នុងប្រទេស។»
ពេលដែលគណៈប្រតិភូអឺរ៉ុបដែលមានសមាជិក ៤រូប និងមួយរូបទៀត គឺឯកអគ្គរដ្ឋទូតអឺរ៉ុបនៅកម្ពុជា មកធ្វើទស្សនកិច្ច លោក ប្រាក់ សុខុន បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុបដែលបានជួយដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ឲ្យទទួលនូវផលប្រយោជន៍ពាណិជ្ជកម្មនិងជំនួយផ្សេងៗ ដែលមានរយៈពេល ២៥ឆ្នាំមកហើយ។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបរវាងលោក ប្រាក់ សុខុន និងប្រតិភូសហភាពអឺរ៉ុប ថា កិច្ចពិភាក្សាមានលក្ខណៈស្ថាបនា និង«មិនមានការប្រទូស្តរ៉ាយគ្នា»នោះទេ ហើយថា ភាគីទាំងពីរបានប្ដេជ្ញាថា នឹងរក្សា EBA មិនឲ្យបាត់បង់ទេ៕