ឱនភាពវិស័យកសិកម្មនាំមកនូវឱនភាពវិស័យសេដ្ឋកិច្ច។ ទោះបីជាសន្ទុះនៃការរីកចម្រើនសេដ្ឋកិច្ចមានកំណើនប្រមាណ ៧% ក្នុង១ឆ្នាំក៏ដោយ ក៏មិនឆ្លុះបញ្ចាំងពីជីវភាពពលរដ្ឋភាគច្រើនដែរ។ បើនិយាយថា សេដ្ឋកិច្ចខ្មែរមានកំណើន ៧% ក្នុងមួយឆ្នាំ គឺគួរតែនិយាយថា មានតែមនុស្សប្រមាណ ៧%ប៉ុណ្ណោះ ដែលបានទទួលផលពីកំណើនសេដ្ឋកិច្ចនេះ។
បើយើងមើលសសរស្តម្ភសេដ្ឋកិច្ចយើង សព្វថ្ងៃ ដែលថាមានកំណើននោះ គឺសឹងតែគ្មានការចូលរួមសោះពីវិស័យកសិកម្ម។ ភាគច្រើន សេដ្ឋកិច្ចរបស់យើងគឺឈរលើវិស័យកាត់ដេរ ទេសចរណ៍ និងសំណង់។ គ្រាន់តែមើលវិស័យនេះ យើងក៏អាចដឹងដែរថា គឺមិនមែនជាវិស័យសម្រាប់ពលរដ្ឋកម្ពុជា ដែលភាគច្រើនជាកសិករនោះទេ។
ពលរដ្ឋជាង ៥០% ជាកសិករ តែសសរស្តម្ភសេដ្ឋកិច្ច មិនមែនជាវិស័យកសិកម្ម នេះបញ្ជាក់ឲ្យឃើញថា សេដ្ឋកិច្ចយើងនៅទ្រេតទ្រោតនៅឡើយ។ ឧទាហរណ៍ បើថ្ងៃណាមួយ អឺរ៉ុបបិទការនាំចូលសម្លៀកបំពាក់ គឺយើងដួលដោយមិនបាច់រុញឡើយ។
ឱនភាពសេដ្ឋកិច្ចឆ្លុះបញ្ចាំងពីចំណាកស្រុករបស់ពលរដ្ឋដោយខុសច្បាប់ ជាង១លាននាក់ទៅក្រៅប្រទេស និងកំណើននៃការសងបំណុលត្រឡប់មកវិញមិនទាន់ពេល កាន់តែកើនឡើងពី១ខែទៅ១ខែ។
បញ្ហាបីនៅក្នុងឃឿនសេដ្ឋកិច្ចខ្មែរ ដែលកំពុងជួបបញ្ហាគឺ៖
- បំណុលរុំកោះ ធ្វើឲ្យវិស័យហិរញ្ញវត្ថុ ទទួលរងនូវការគំរាមកំហែង។
- ចំណាកស្រុកខុសច្បាប់ ធ្វើឲ្យខ្សោះកម្លាំងពលកម្ម កម្លាំងផលិតកម្មក្នុងស្រុក។
- បញ្ហាកសិកផលគ្មានទីផ្សារច្បាស់លាស់ ធ្វើឲ្យកសិករបោះបង់មុខរបរកសិកម្ម។
បញ្ហាទាំងបីនោះគឺរួមមកតែ១ គឺបញ្ហា «កសិកផលគ្មានទីផ្សារច្បាស់លាស់» ដែលលោកបណ្ឌិតខ្លះថា៖ មកពីកសិករដាំមិនមើលទីផ្សារនិងមិនមើលរដូវ។ បើកសិផលមានទីផ្សារតម្លៃសមរម្យ កសិករនឹងមានចំណូលសម្រាប់ទូទាត់បំណុល ហើយការចំណាកស្រុកនឹងត្រូវកាត់បន្ថយជាអតិបរិមា។
កសិផលគ្មានទីផ្សារច្បាស់លាស់ គឺមានចំណុចសំខាន់ពីរ គឺកសិផលដែលជាវត្ថុធាតុដើមហូរចេញក្រៅប្រទេស ជាជាងនាំចេញផលិផលសម្រេច។ ការនាំចេញវត្ថុធាតុដើមធ្វើឲ្យរោងចក្រ (ឧ. ម្សៅមី រោងម៉ាស៊ីនកិនស្រូវ) ខ្វះវត្ថុធាតុដើមសម្រាប់ផលិតជាផលិតផលសម្រេច ដែលធ្វើឲ្យរោងចក្រទាំងនោះប្រឈមមុខនឹងការបិទទ្វារ (ឧ. នៅឆ្នាំ២០១៥ រោងម៉ាស៊ីនកិនស្រូវជាង ៤០% ប្រឈមមុខនឹងការបិទទ្វារ)។
បញ្ហាដែលពលរដ្ឋត្រូវលក់ អោយឈ្មូញកណ្តាល ទាំងប្រថុចញ៉ុច គឺដោយសារ កសិករគ្មានជំរើស និង គំនាបពីម្ចាស់បំណុល ក្នុងការសងត្រឡប់ទៅវិញ។
ការដែលឈ្មូញកណ្តាលភាគច្រើនលក់ទៅឲ្យឈ្មូញបរទេស ជាជាងរោងចក្រក្នុងស្រុក សម្រាប់ការនាំចេញវត្ថុធាតុដើមនេះ គឺមានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយមន្រ្តីរដ្ឋាភិបាល ដែលមានអំណាចមួយចំនួន។
រួមសេចក្តីមក បញ្ហាដែលត្រូវដោះស្រាយមាន៣ចំណុច៖
- ដោះស្រាយបញ្ហាទីផ្សារកសិផល តាមរយៈការលើកកម្ពស់សង្វាក់ផលិតកម្ម ច្នៃកសិផល ទៅជាផលិតផលសម្រេចក្នុងស្រុក។
- បិទការនាំចេញកសិផល ដែលជាវត្ថុធាតុដើម។
- សម្របសម្រួលប្រព័ន្ធសងកម្ចីទៅតាមសមត្ថភាពនិងលទ្ធភាពកសិករ។
ចង្កៀងគ្មានប្រេង ដូចមនុស្សគ្មានឈាម។ សេដ្ឋកិច្ចគ្មានឃឿន គឺដូចមនុស្សគ្មានដង្ហើម៕
សម្គាល់៖ អត្ថបទវិភាគនេះ ជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ និងមិនឆ្លុះបញ្ចាំងទស្សនៈរបស់គេហទំព័រ ខេមបូណូមីស ឡើយ។