លោក ង៉ែត ជូ បានបញ្ជាក់ថា គម្រោងវិនិយោគ"មហាយាន" ដែលសំដៅលើការនាំយុវជនឲ្យមានសេរីភាពហិរញ្ញវត្ថុនេះ នឹងចាប់ផ្តើមដំណើរការនៅខែធ្នូខាងមុខ ហើយគ្រោងចំណាយទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានអត្ថាធិប្បាយថា៖ «យើងនឹងទិញដីនៅស្រុកឧដុង្គ ១០ហិកតា ដើម្បីប្រមូលឈើប្រណីត យកមកដាំបង្កើតជារមណីយដ្ឋានធម្មជាតិ ដែលជាកន្លែងលម្ហែនៅជិតក្រុង ក្នុងនោះមានសួនបន្លែធម្មជាតិ និងលក់ដីឡូតិ៍នៅតំបន់នោះ ដើម្បីបំពេញបំណងអ្នកចង់រស់នៅជាយក្រុងជាមួយធម្មជាតិ»។
លោកបន្ថែមថា គម្រោងនេះនឹងចាប់ផ្តើមលក់១០០ហ៊ុននៅខែធ្នូ ខាងមុខនេះ ដោយក្នុងមួយហ៊ុនមានតម្លៃ ១ពាន់ដុល្លារ ខណៈម្នាក់មានសិទ្ធិទិញតែ៣ហ៊ុនប៉ុណ្ណោះ។ បើតាម លោក ង៉ែត ជូ គម្រោងនេះនឹងដាំដើមឈើដូចជា ប្រភេទ បេង នាងនួន ប៉ុន្តែ ឈើភាគច្រើនបំផុត គឺដើមច័ន្ទគិរី ព្រោះ ឈើនេះងាយស្រួលក្នុងការធ្វើគ្រឿងសង្ហារិម។
«បច្ចុប្បន្ននេះ ព្រៃឈើកាន់តែថយចុះ និងដីនៅជាយក្រុងកាន់តែឡើងថ្លៃ ដែលធ្វើឲ្យគម្រោងនេះកាន់តែមានប្រជាប្រិយភាព ព្រោះមានមនុស្សជាច្រើនកំពុងមកទាក់ទងខ្ញុំ»។ នេះជាការអះអាងរបស់លោក ង៉ែត ជូ ដោយលម្អិតថា ដីនៅតំបន់សក្តានុពលពង្រីកជាយក្រុងនៅ១០ឆ្នាំទៀត នឹងឡើងថ្លៃយ៉ាងតិច ៥ដងនៃតម្លៃដីបច្ចុប្បន្ន ហើយក្នុងដីមួយហិកតា ដែលគ្រោងដាំដើមច័ន្ទគិរី ៣០០ដើម នៅ ១០ឆ្នាំទៀត ដីមួយហិកតានេះ នឹងឲ្យផលច័ន្ទគិរីគិតជាទឹកប្រាក់ប្រហែល ២ម៉ឺន៧ពាន់ដុល្លារសហរដ្ឋអាមេរិក (គិតតាមតម្លៃទីផ្សារឈើបច្ចុប្បន្ន)។
លោកបន្តថា គម្រោងនេះគឺធ្វើឡើងដើម្បីពង្រឹងយុវជន និងលើកទឹកចិត្តពួកគេចូលរួមជាភាគហ៊ុន ដើម្បីចូលរួមសកម្មជាមួយគ្នា ដើម្បីទទួលប្រយោជន៍ច្រើន រួមទាំងទទួលបានការបណ្តុះបណ្តាលមួយចំនួនស្តីពីចំណេះដឹងហិរញ្ញវត្ថុជាដើម។
ក្រៅពីផ្តល់ប្រយោជន៍ដល់ម្ចាស់ភាគហ៊ុន លោក ង៉ែត ជូ បានអះអាងថា គម្រោងនេះនឹងផ្តល់ចំណូលដល់កសិករនៅតំបន់នេះ ពីព្រោះ គម្រោងនេះនឹងសហការជាមួយអ្នកជំនាញកសិកម្ម ដើម្បីបណ្តុះបណ្តាលផ្តល់បច្ចេកទេសដល់កសិករ ដែលជាការជំរុញពួកគេចូលមកដាំបន្លែសរីរាង្គនៅតំបន់ដើមកូនឈើប្រណីតនេះ។
បើតាមអ្នកជំនាញសេដ្ឋកិច្ចវ័យក្មេងរូបនេះ នៅឆ្នាំ២០១៨នេះ គម្រោងនេះនឹងចាប់ផ្តើមទិញដី១០ហិកតា និងនៅពាក់កណ្តាលឆ្នាំ២០១៨ នឹងចាប់ផ្តើមដាំដើមឈើជាផ្លូវការ៕