កត្តាទាំងនេះ កំពុងជំរុញឱ្យសេដ្ឋវិទូ និងអ្នកជំនាញជាច្រើនពិចារណាឡើងវិញថា តើនៅពេលណា ដែលចិនអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិកជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ១ ឬមួយក៏ចិនមិនអាចដណ្តើមតំណែងអាមេរិកបានជារៀងរហូត។
កាលពីពេលកន្លងមកអ្នកសេដ្ឋកិច្ចជាច្រើនបានសន្មត់ថា ផលិតផលក្នុងស្រុកសរុប(GDP) របស់ចិនដែលគិតជាប្រាក់ដុល្លារ នឹងកើនលើស GDP របស់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០៣០ ។ នៅគ្រានោះ ការប៉ាន់ស្មានដូច្នេះគឺជារឿងដែលសមហេតុសមផល ដោយសារតែគ្រប់គ្នាបានមើលឃើញពីភាពរីកចម្រើនរបស់ចិន ពិសេសនៅមុនពេលមានជំងឺរាតត្បាតកូវីដ១៩។
ប៉ុន្តែអ្វីៗបានប្រែប្រួលអស់ សេដ្ឋកិច្ចចិនផ្តើមអាប់អួរម្តងបន្តិចៗពីពេលផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ខណៈដែលនៅក្នុងឆ្នាំ២០២២នេះ ទោះបីអ្វីៗបានប្រសើរឡើងហើយមែន តែសេដ្ឋកិច្ចចិននៅបន្តជួបការលំបាកដដែល។ ទាំងនេះក៏ដោយសារតែភាពរឹងទទឹង មិនព្រមបោះបង់ចោលគោលនយោបាយគ្មានកូវីដ១៩ គួបផ្សំនឹងភាពរង្គោះរង្គើក្នុងវិស័យអចលនទ្រព្យ ដែលជាវិស័យជន្ទល់សេដ្ឋកិច្ចមួយរបស់ចិនផងដែរ។
ស្របពេលដែលស្ថាប័នជំនាញជាច្រើនបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចចិនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះ សេដ្ឋវិទូជាច្រើនកំពុងបារម្ភថា ពីទស្សនវិស័យសេដ្ឋកិច្ចចិននៅរយៈពេលវែង។ ជាមួយនឹងកំណើននិស្សិតទើបបញ្ចប់ការសិក្សាតែគ្មានការងារធ្វើ និងកម្រិតបំណុលខ្ពស់ សុទ្ធសឹងតែជាបន្ទុកមួយកំរិតទៀតដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន។
នៅក្នុងការព្យាករចុងក្រោយបំផុតមួយពីមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ចដែលមានទីតាំងនៅចក្រភពអង់គ្លេស គេបានប៉ាន់ស្មានថាប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនៅឆ្នាំ២០៣២។ ការប៉ាន់ស្មានចុងក្រោយនេះខុសពីអ្វីដែលស្ថានប័ននេះធ្លាប់ព្យាករណ៍កាលពីឆ្នាំ២០២០ ដែលគ្រានោះគេរំពឹងថា ចិនអាចវ៉ាដាច់សេដ្ឋកិច្ចអាមេរិកនៅត្រឹមឆ្នាំ២០៣០។
ដោយឡែក មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុនវិញបាននិយាយថា GDP ចិនអាចកើនលើស GDP របស់អាមេរិកនៅឆ្នាំ២០៣៣ ខណៈដែលស្ថាប័នមានទីតាំងនៅក្រុងតូក្យូមួយនេះធ្លាប់រំពឹងពីមុនមកថាសេដ្ឋកិច្ចចិននឹងកើនលើសសេដ្ឋកិច្ចអាមេរិកក្នុងឆ្នាំ២០២៩។
អ្វីដែលគួរកត់សម្គាល់នោះគឺ អ្នកសេដ្ឋវិទូខ្លះថែមទាំងហ៊ានលើកឡើងថា ចិនទំនងជាមិនអាចដណ្តើមដំណែងអាមេរិកបានជារៀងរហូតថែមទៀតផង។
ទោះយ៉ាងណាក៏នៅមានរបាយការណ៍ពីអ្នកជំនាញខ្លះទៀត នៅតែមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចចិនដដែល។ វិទ្យាស្ថាន Lowy នៅប្រទេសអូស្ត្រាលីបានសន្និដ្ឋានថា ចិននៅតែអាចឡើងមកអង្គុយតំណែងកំពូលសេដ្ឋកិច្ចសកលបានដដែល ទោះបីជាកំណើនសេដ្ឋកិច្ចមានជាមធ្យម ២%ទៅ៣% ក្នុងមួយឆ្នាំក៏ដោយ។
សូមជម្រាបថា បើគិតលើអំណាចនៃការទិញ(PPP) ដែលគិតគូរពីតម្លៃទំនិញ និងសេវាកម្មផ្សេងៗគ្នានៅទូទាំងប្រទេស ប្រទេសចិនបានវ៉ាដាច់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិករួចហើយក្នុងឆ្នាំ ២០១៦។ ទោះយ៉ាងណា បើគេគិតជាប្រាក់ដុល្លារ GDP របស់ចិននៅឆ្នាំ២០២១មានចំនួនស្មើនឹង៧៧% នៃទំហំGDPសរុបរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមតួលេខរបស់ធនាគារពិភពលោក៕