អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកការទទួលបន្ទុកអាករលើតម្លៃបន្ថែមពីរដ្ឋនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពពលរដ្ឋនោះទេ តែវាក៏ជាផ្នែកមួយជួយរួមចំណែករក្សាអតិផរណាតម្លៃទំនិញលើទីផ្សារផងដែរ។ អ្នកជំនាញជឿជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបន្តដាក់ចេញវិធានការជាបន្តបន្ទាប់ទៀត ប្រសិនបើការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមានក្នុងសហគមន៍។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានចាត់ទុកការដាក់ចេញយន្តការលើកលែងអាករលើតម្លៃបន្ថែមលើមុខទំនិញមួយចំនួនដែលជាអាហារចាំបាច់របស់ប្រជាពលរដ្ឋពីសំណាក់រដ្ឋាភិបាល គឺជាគោលនយោបាយមួយ ដ៏សមស្របក្នុងបរិបទបច្ចុប្បន្ន។ ព្រោះយន្តការនេះ វានឹងជួយរួមចំណែករក្សាស្ថិរភាពតម្លៃទំនិញលើទីផ្សារមិនឲ្យឡើងថ្លៃខ្ពស់ ដែលជាផ្នែកមួយជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ យន្តការនេះ ក៏ជាកត្តាមួយជួយរួមចំណែកលើកកម្ពស់ប្រាក់ចំណូលរបស់ប្រតិបត្តិករ អាជីវករ និងជីវភាពរស់នៅប្រជាពលរដ្ឋទូទៅផងដែរ។
អ្នកជំនាញរូបនេះសង្កេតឃើញថា វិបត្តិកូវីដ-១៩ ពីរឆ្នាំកន្លងមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃបន្ទាប់ពីប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ខណៈតម្លៃទំនិញចាំបាច់មួយចំនួនត្រូវបានជនឆ្លៀតឱកាសដំឡើងថ្លៃ។ ដូច្នេះតាមរយៈយន្តការនេះលោកបណ្ឌិត ហុង វណ្ណៈ ជឿជាក់ថា វានឹងជួយសម្រួលការលំបាក និងរួមចំណែកស្តារ និងជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយសម្រេចដាក់អាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារចាំបាច់របស់ពលរដ្ឋមួយចំនួនជាបន្ទុករបស់រដ្ឋ។ ប៉ុន្តែសេចក្តីប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសង្កត់ធ្ងន់ថា បន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ។
ការលើកលែងអាករលើតម្លៃបន្ថែមនេះមានរយៈពេលពីរឆ្នាំ ដោយអនុវត្តចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៣។ មុខទំនិញដែលទទួលបានការលើកលែងរួមមានទឹកត្រី ស្ករ អំបិល ទឹកស៊ីអ៊ីវ ត្រីទឹកសាប និងប្រៃ និងមុខទំនិញប្រភេទសាច់ និងស៊ុតចិញ្ចឹម។
ស្របពេលកម្ពុជា កំពុងទទួលរងនូវរលកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងក្នុងសហគមន៍ លោកបណ្ឌិត ហុង វណ្ណៈ ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តដាក់ចេញវិធានការថ្មីៗបន្ថែមទៀត ដើម្បីជួយដោះស្រាយ និងសម្រួលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្រាប់អ្នកជំនាញរូបនេះ ការដាក់ចេញយន្តការរឿងសំខាន់មួយ តែអ្វីដែលកាន់តែសំខាន់ទៀតនោះ គឺរាជរដ្ឋាភិបាលគួរតាមដានការអនុវត្តវិធានការទាំងនោះឲ្យប្រកបដោយប្រសិទ្ធភាព៕