ស្ថិរភាពតម្លៃប្រាក់រៀល

អគ្គទេសាភិបាលធនាគារជាតិ៖ ការរក្សាបាននូវស្ថិរភាពតម្លៃប្រាក់រៀល គឺជាការរួមចំណែកក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា


ស្ថិតនៅក្នុងស្ថានភាពនៃការរីករាតត្បាតជំងឺកូវីដ-១៩ ការគ្រប់គ្រងតម្លៃប្រាក់រៀល ដែលប្រកបដោយប្រសិទ្ធភាព វាពិតជាមានសារៈសំខាន់ណាស់ នៅក្នុងវិស័យសេដ្ឋកិច្ច ទាំងមូល។
រូបក្រដាសប្រាក់រៀលខ្មែរ
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុទ្ធតែបានយល់ឃើញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គឺមានការគាំទ្រយ៉ាងសំខាន់ពីវិស័យធនាគារនិង​ហិរញ្ញវត្ថុ ពិសេសការរក្សាបាននូវស្ថិរភាពថ្លៃ និងតម្លៃប្រាក់រៀលនៅក្នុងទីផ្សារ ខណៈកាលពីឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញលក់ប្រាក់ដុល្លារអាមេរិកប្រមាណ ៥០០លានដុល្លារ ដើម្បីរក្សាស្ថិរភាពប្រាក់រៀលក្នុងទីផ្សារផងដែរ។ 

ថ្លែងនាឱកាសបើកសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ស្របតាមដំណើរការសេដ្ឋកិច្ច និងការរស់នៅតាមគន្លងថ្មី ដែលបានបង្កើនការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក (E-Commerce) ដូចជា ការទិញ-លក់ទំនិញអនឡាញ ជាដើម ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍ និងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការទូទាត់និងការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទាំងក្នុងនិងក្រៅប្រទេស ដែលទាំងអស់នេះ បានរួមចំណែករក្សានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ឯកឧត្តម ជា ចាន់តូ ក៏បានបន្តថា ស្ថិតក្នុងស្ថានភាពដ៏បាកនៃការរាតត្បាតជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់តាមរយៈការលក់ប្រាក់ដុល្លារអាមេរិក ជាង៥០០លានដុល្លារ ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាទីផ្សារអត្រាប្តូរប្រាក់ ឱ្យមានស្ថិរភាពក្នុងរង្វង់ ៤,០៩៩ រៀល ក្នុងមួយដុល្លារអាមេរិក។ បើធៀបនឹងឆ្នាំ២០១៩ អត្រាប្តូរប្រាក់បានប្រែប្រួលប្រមាណ១% ប៉ុណ្ណោះ។

ដោយឡែក អ្នកជំនាញសេដ្ឋកិច្ចមានការយល់ថា ជាការពិត ការរក្សានូវស្ថិរភាពប្រាក់រៀល ពិតជារួមចំណែកសំខាន់ក្នុងការស្ដារ និងអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា។ លោកបណ្ឌិត ហុង វណ្ណៈ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការប្រែប្រួលនៃអត្រាប្ដូរប្រាក់ដែលខុសប្រក្រតី អាចនឹងធ្វើឱ្យមានឱនភាពនៃរូបិយវត្ថុជាតិ ក៏ដូចជា អាចនឹងមានវិបត្តិសេដ្ឋកិច្ចផងដែរ ពិសេសអត្រានៃការដោះដូររូបិយវត្ថុជាតិ និងអន្តរជាតិ។ អ្នកជំនាញសេ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ ទៀតថា បើសិនណា តម្លៃប្រាក់រៀលមានការប្រែប្រួលខ្លាំង វានឹងធ្វើឱ្យឱនភាពនៃប្រាក់រៀល ដែលអាចធ្វើឱ្យមានវិបត្តិនៅកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា ដើម្បីរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា ក៏បានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុ ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបជាង ៣៧ម៉ឺនគណនី ដែលស្មើនឹង ៥ពាន់៥រយលានដុល្លារ ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋនិងអាជីវកម្ម បានមួយកម្រិត ផងដែរ៕
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅឆ្នាំ២០២១ សិស្សជាប់បាក់ឌុបមានជាង ៧ម៉ឺននាក់ ខណៈនិទ្ទេស A មានជាង១ពាន់នាក់

ព័ត៌មាន
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញឲ្យឃើញថា នៅឆ្នាំ២០២១ មានសិស្សជាង៧ម៉ឺន២ពាន់នាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា...

អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកការលើកលែងពន្ធលើមុខទំនិញមួយចំនួនពីរដ្ឋជាការរួមចំណែកជួយរក្សាតម្លៃទំនិញលើទីផ្សារ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារចាំបាច់មួយចំនួន ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្នុងអំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ