លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកកំណើនខ្ពស់ នៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា នៅឆមាសទី១ឆ្នាំនេះ គឺជាសញ្ញាណវិជ្ជមានយ៉ាងច្បាស់មួយដែលស្តែងឱ្យឃើញថា វិនិយោគិនបរទេសនៅតែមានទំនុកចិត្តខ្ពស់លើសេដ្ឋកិច្ចកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ កត្តាសំខាន់ៗ ដែលរុញច្រានកំណើននេះ រួមមាន ការរក្សាបាននូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច, ការធ្វើកែទម្រង់បរិយាកាសវិនិយោគ, ការធ្វើបរិវត្តកម្មឌីជីថល និងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ លោកបណ្ឌិតបានបន្ថែមថា ទុនវិនិយោគផ្ទាល់ពីបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ, ការផ្ទេរបច្ចេកវិទ្យា, ការបង្កើនទំហំនាំចេញ និងពង្រឹងផលិតភាព ដែលជាកម្លាំងចលករបង្កើនភាពធន់ នៃសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទ ដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនច្បាស់លាស់។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងជួបការរង្គោះរង្គើខ្លាំង ប៉ុន្តែលទ្ធផលផ្លែផ្កាដែលកម្ពុជា ទទួលបាននៅឆមាសទី១ឆ្នាំនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង នៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចយ៉ាងសកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវសុខសន្តិភាព និងកសាងទំនុកចិត្តយ៉ាងរឹងមាំដល់វិនិយោគិន។ អ្នកជំនាញរូបនេះវាយតម្លៃថា លទ្ធផលដ៏ល្អប្រសើរនេះមិនត្រឹមតែរួមចំណែកជំរុញការលូតលាស់ នៃសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពធន់នៅឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិនៅបណ្តាឆ្នាំខាងមុខទៀតផង។
បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានចំនួន២,៦ពាន់លានដុល្លារកើនឡើងជាង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានការគាំទ្រចម្បងពីកំណើនវិនិយោគក្នុងវិស័យសំខាន់ៗដូចជាវិស័យថាមពល កើនឡើងជាង២៣% វិស័យកម្មន្តសាល កើនឡើង១៤% និងវិស័យសំណង់ជាដើម។ ទោះជាយ៉ាងណា ការវិនិយោគក្នុងវិស័យមួយចំនួនបានថយចុះដូចជាវិស័យកសិកម្មធ្លាក់ចុះជិត៣០% វិស័យអចលនទ្រព្យធ្លាក់ចុះជាង២០% និងវិស័យសណ្ឋាគារ និងការកម្សាន្តធ្លាក់ចុះ១២% ផងដែរ៕