ការតភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនវៀតណាមនេះបានកើតឡើងក្រោយដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីពេលថ្មីៗ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមចំនួន២ កំពុងធ្វើប្រតិបត្តិការហោះហើរជាមួយកម្ពុជា។ ក្រុមហ៊ុនទាំងនេះរួមមាន វៀតណាម អ៊ែឡាញ និងក្រុមហ៊ុន Vietjet ដែលភ្ជាប់ជើងហោះហើរពីវៀតណាមចូលរាជធានីភ្នំពេញ និងខេត្តសៀមរាប។ បើតាមការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នក្រុមហ៊ុនវៀតណាម អ៊ែឡាញ បានធ្វើប្រតិបត្តិការហោះហើរទៅមកពីទីក្រុងហូជីមិញ មកសៀមរាប ចំនួន១៤ជើង ក្នុងមួយសប្ដាហ៍, ពីក្រុងហាណូយមកខេត្តសៀមរាប ចំនួន២ជើង ក្នុងមួយថ្ងៃ និងពីហាណូយ-ហ្លួងព្រះបាង-សៀមរាបមួយសប្ដាហ៍ចំនួន៥ជើង។ ដោយឡែកក្រុមហ៊ុន Vietjet ដែលជាក្រុមចំណូលថ្មីបានភ្ជាប់ជើងហោះហើរពីទីក្រុងហាណូយមកកាន់ខេត្តសៀមរាបក្នុង១សប្តាហ៍ចំនួន៣ជើង។
អ្នកជំនាញរំពឹងថា តាមរយៈការតភ្ជាប់ជើងហោះហើរពីទីក្រុងហាណូយ មកកាន់ខេត្តសៀមរាបនេះ វានឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ជាពិសេសខេត្តសៀមរាបឱ្យកាន់តែច្រើនបន្ថែមទៀត។ បន្ថែមលើនេះ វានឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់កម្ពុជាតាមរយៈលំហូរធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។
បើតាមអ្នកនាំពាក្យរូបនេះ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៣ អាកាសយានដ្ឋានទាំងបីរបស់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានសៀមរាបអង្គរ និងអាកាសយានដ្ឋាន ខេត្តព្រះសីហនុទទួលបានជើងហោះហើរសរុបជិត១ពាន់ជើង។ បើយោងតាមទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៩បានចុះបញ្ជីធ្វើប្រិបត្តិការហោះហើរនៅកម្ពុជារួមមាន ក្រុមហ៊ុន Cambodia Angkor Air, Singapore Airlines, Air Asia Berhad ,Thai Airways, Bangkok Airways, Thai AirAsia, Vietnam Airlines, ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Lao Airlines៕