អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺទម្រាំតែសមត្ថកិច្ចបង្ក្រាបទាន់ ជើងមាន់បង្កកដែលមានប្រភពមិនច្បាស់លាស់ និងផ្ទុកទៅដោយមេរោគទាំងនោះ ត្រូវបានលក់ចែកចាយបន្ត និងហូរចូលទៅក្នុងចានអាហាររបស់អ្នកបរិភោគស្ទើរតែអស់ទៅហើយ។
សមត្ថកិច្ចបានរកឃើញជើងមាន់បង្កកជាង១,០០០តោន ដែលក្នុងនោះមានដល់ទៅ២៦០តោនជាជើងមាន់ហួសសុពលភាពប្រើប្រាស់ មានសភាពស្អុយរលួយ និងដុះផ្សិតពណ៌សយ៉ាងគួរឱ្យខ្ពើមរអើម ដែលត្រៀមនឹងយកទៅលាងគីមីដើម្បីបន្លំភ្នែកចែកចាយបន្ត។ អ្វីដែលគួរឱ្យតក់ស្លុតបំផុតនោះ គឺក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ក្រុមហ៊ុនទុច្ចរិតមួយនេះបានលួចនាំចូលជើងមាន់ចំនួន៣៣៩កុងតឺន័រសរុបជាង១២,០០០តោន ដែលមានតម្លៃរហូតដល់ទៅជាង ១៣លានដុល្លារ។ អ្វីដែលសាហាវយង់ឃ្នង គឺជើងមាន់ទាំងនេះត្រូវបានប្រមូលទិញមកពីបណ្តាប្រទេស ដែលកំពុងមានការផ្ទុះជំងឺផ្ដាសាយបក្សី ក្រោមលេសថា នាំចូលមកដើម្បីកែច្នៃ រួចនាំចេញទៅក្រៅប្រទេសវិញ។ ប៉ុន្តែធាតុពិត ពួកគេមិនបានកែច្នៃអ្វីទាំងអស់ គឺបានលួចបញ្ចេញជើងមាន់បង្កកផ្ទុកមេរោគទាំងនោះទៅលក់បំពុលប្រជាពលរដ្ឋក្នុងស្រុកអស់ជាង១០,០០០តោន បាត់ទៅហើយ។
ករណីនេះជាសារព្រមានដាស់ស្មារតីប្រជាពលរដ្ឋខ្មែរយើងដូចគ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតលើរបបអាហារប្រចាំថ្ងៃ។ ក្នុងនាមជាអ្នកប្រើប្រាស់ មុននឹងសម្រេចចិត្តទិញ ឬបរិភោគគ្រឿងសមុទ្រ និងសាច់បង្កកជាពិសេសជើងមាន់ តាមហាងបុកល្ហុង ឬហាងសាច់អាំងត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ ជៀសវាងដាច់ខាតការបរិភោគសាច់ដែលមានតម្លៃថោកខុសពីធម្មតា, ត្រូវសង្កេតមើលពណ៌ និងក្លិន ព្រោះសាច់បង្កកដែលប្រើគីមីលាងច្រើនតែមានពណ៌សខុសធម្មជាតិ និងគ្មានភាពស្រស់៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស