ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៣ ប្រតិបត្តិការសេវាទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកមានជាង៦០០លានប្រតិបត្តិការ កើនឡើងជិត២៩% និងមានទំហំទឹកប្រាក់ជិត៧៦ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងឆ្នាំ២០២២ ដែលស្មើនឹងប្រមាណ២,៤ដងនៃទំហំផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា។
របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យឃើញថា សេវាផាត់ទូទាត់តាមប្រព័ន្ធឌីជីថលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដូច្នេះផលិតផល ឬសេវាឌីជីថលបែបច្នៃប្រឌិតថ្មីៗយ៉ាងសម្បូរបែបត្រូវបានដាក់ចេញ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ការរីកចម្រើនទាំងនេះអាចសម្រេចទៅបានដោយសារការដាក់ចេញនូវបទប្បញ្ញត្តិ ដែលមានភាពអំណោយផលដល់ការប្រកួតប្រជែងរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងយន្តការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ធនាគារជាតិនៃកម្ពុជា កន្លងមក។
ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៣ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់សរុបមានចំនួន៣៣ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចំនួន២ ទទួលបានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការទូទាត់សងប្រាក់ ដែលមានអតិថិជនចុះឈ្មោះបង្កើតគណនីអីវ៉ាឡេតសរុបប្រមាណជិត២០លានគណនី។ ជាមួយគ្នានេះ ប្រតិបត្តិការសេវាទូទាត់សងប្រាក់បានកើនឡើងជិត២៩% បើធៀបនឹងឆ្នាំ២០២២ ដែលកើនដល់ជាង៦០០លានប្រតិបត្តិការ និងមានទំហំទឹកប្រាក់សរុបជិត៧៦ពាន់លានដុល្លារកើនឡើង១៨% ឬស្មើនឹងប្រមាណ ២,៤ដង នៃ GDP របស់កម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា បានបង្ហាញពីភាពរីកចម្រើនរបស់អេស៊ីលីដាម៉ូបាល ក្នុងការរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ច តាមរយៈការជួយសម្រួលប្រតិបត្តិការទូទាត់ និងលើកកម្ពស់នៃសកម្មភាពអាជីវកម្ម ក្នុងការសម្រួលដំណើរការទូទាត់កាន់តែងាយស្រួល សម្រាប់ទូទាត់ពីអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងជំរុញទីផ្សារអេឡិចត្រូនិក និងទីផ្សារអនឡាញ ដែលអនុញ្ញាតឱ្យអាជីវកម្មពង្រីកមូលដ្ឋានអតិថិជនរបស់ពួកគេ និងឈានដល់ទីផ្សារថ្មីៗ។ ជាពិសេសអនុញ្ញាតឱ្យបុគ្គលម្នាក់ៗធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយកាត់បន្ថយតម្រូវការសម្រាប់វត្តមានរូបវ័ន្តនៅធនាគារ ឬមជ្ឈមណ្ឌលទូទាត់ ក៏ដូចជាលុបបំបាត់នូវភាពលំបាកនៃការយកសាច់ប្រាក់ និងហានិភ័យដែលទាក់ទងនឹងការលួច ឬការបាត់បង់ប្រាក់ជាដើម។
បើតាមលោកស្រី ម៉ារ អមរា ការធ្វើប្រតិបត្តិការទូទាត់នានានៅលើអេស៊ីលីដាម៉ូបាលនៅឆ្នាំ២០២៣កន្លងទៅ សម្រេចបានទំហំប្រតិបត្តិការចំនួនប្រមាណ៣៦៨លានប្រតិបត្តិការ និងទឹកប្រាក់ចំនួន៩១ពាន់លានដុល្លារ មានការប្រែប្រួលយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែចំនួន១៤៦លានប្រតិបត្តិការ និងទឹកប្រាក់ចំនួន៤៨ពាន់លានដុល្លារតែប៉ុណ្ណោះ។ ផ្អែកលើកំណើនទាំងនេះ អ្នកជំនាញរូបនេះ រំពឹងថា ការទូទាត់នានាតាមរយៈអេស៊ីលីដាម៉ូបាលនឹងកើនឡើងចន្លោះពី២២០% ទៅ២៤០% នៅឆ្នាំ២០២៤នេះ ក្រោយមើលឃើញពីសន្ទុះនៃការរីកលូតលាស់ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជាមានការកើនឡើង ដ្បិតថា ប្រជាជនមានការយល់ដឹងពីប្រពន្ធបច្ចេកវិទ្យាកាន់តែច្រើន ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលជំរុញការទូទាត់ឆ្លងដែនតាមរយៈការស្កេនឃ្យូអរកូដ រវាងបណ្តាប្រទេសសមាជិកអាស៊ានជាដើម៕