វិស័យហិរញ្ញវត្ថុ

អ្នកជំនាញរំពឹងការចាប់ដៃគ្នារវាងធនាគារកណ្តាលកម្ពុជា-ចិន នឹងជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនរបស់កម្ពុជាកាន់តែល្អប្រសើរ


ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។
2
ដោយ

អនុស្សរណៈយោគយល់ទាំងពីរនេះរួមមាន កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និងការបង្កើតកិច្ចសម្របសម្រួ ក្នុងការទូទាត់ និងផាត់ទាត់នៅកម្ពុជា។ ជុំវិញការចាប់ដៃគ្នារវាងភាគីកម្ពុជា និងចិននាពេលនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានបង្ហាញការសាទរ និងមានគំនិតសុទិដ្ឋិយមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះវានឹងធ្វើឱ្យកាន់តែស៊ីជម្រៅក្នុងការជួយជំរុញលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា​។

លោកបណ្ឌិត អ៊ិន ចាន់នី អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា យល់ឃើញថា ការចាប់ដៃគ្នារវាងធនាគារជាតិនៃកម្ពុជា ជាមួយធនាគារកណ្ដាលចិននាពេលនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ សំខាន់ក៏ដោយសារតែប្រទេសចិន គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោក ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការនេះ វានឹងជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុ និងការទូទាត់ផាត់សងឆ្លងដែនរបស់កម្ពុជាកាន់តែមានភាពរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ បើតាមលោកបណ្ឌិត អ៊ិន ចាន់នី នៅក្នុងប្រទេសចិន មានបណ្ដាញទូទាត់ប្រាក់យ៉ាងទូលំទូលាយ សម្រាប់អតិថិជនជ្រើសរើសជាជម្រើសក្នុងការប្រើប្រាស់ ហើយនៅកម្ពុជានាពេលបច្ចុប្បន្នការទូទាត់ក៏មានជម្រើសច្រើនដូចគ្នាដែរ។ សម្រាប់អ្នកជំនាញរូបនេះ ភាពជាដៃគូរវាងធនាគារកណ្តាលរបស់ប្រទេសទាំងពីរ មិនត្រឹមតែជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី និងជួយរួមចំណែកទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជាផងដែរ។

បើតាមធនាគារជាតិនៃកម្ពុជា ការចុះអនុសារណៈដែលធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីកន្លងមកនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន និងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិន និងកម្ពុជា។ ជាមួយគ្នានេះកាលពីពេលថ្មីៗ ធនាគារជាតិនៃកម្ពុជា ទើបតែចុះអនុសារណៈនៃការយោគយល់គ្នាជាមួយ Alipay Plus ដើម្បីពង្រឹងបន្ថែមនូវការតភ្ជាប់ការទូទាត់របស់កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់បទពិសោធន៍ទេសចរណ៍ឱ្យកាន់តែប្រសើរឡើង និងជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក។

សូមបញ្ជាក់ថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ ពោលគឺនៅរយៈពេល១០ខែក្នុងឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង១០ពាន់លានដុល្លារកើនឡើង៤,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនមានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ កើនឡើងជាង១៩% ខណៈការនាំចូលពីទីផ្សារចិនមកកាន់កម្ពុជាវិញមានទំហំជាង៨ពាន់លានដុល្លារ កើនឡើងជិត៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញវាយតម្លៃអចលនវត្ថុមកពី៣២ក្រុមហ៊ុនបានចាប់ដៃគ្នា ដើម្បីលើកកម្ពស់ និងពង្រឹងគុណភាពវាយតម្លៃអចលនទ្រព្យនៅកម្ពុជា

ព័ត៌មាន
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រកាសគាំទ្រដល់ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជ…

ប្រទេសជប៉ុននឹងបន្ធូរបន្ថយច្បាប់វិនិយោគសម្រាប់ធនាគារ ដើម្បីជំរុញការវិនិយោគលើអាជីវកម្មបង្កើតថ្មី

ព័ត៌មាន
ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុរបស់ប្រទេសជប៉ុននឹងបន្ធូរបន្ថយការរឹតបន្តឹងច្បាប់ទម្លាប់ខ្លះៗទៅលើធនាគារ ដែលបានវិនិយោគលើក្រុមហ៊ុនដែលមានអាយុលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ