ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក

ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក កើនដល់ ២៧២ពាន់លានដុល្លារ ស្មើនឹងជាង ១០ដងនៃGDPកម្ពុជា


ធនាគារជាតិនៃកម្ពុជាបានធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ការទូទាត់ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាព។ ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានជំរុញឲ្យការធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាកំពុងមានការពេញនិយម និងរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក កើនដល់ ២៧២ពាន់លានដុល្លារ ស្មើនឹងជាង ១០ដងនៃGDPកម្ពុជា

ជាក់ស្តែង តាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា​​ ចំនួនគណនីអីវ៉ាឡេតបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ជិត ១៨ លានគណនី ហើយចំនួនប្រតិបត្តិការរបស់សេវាទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនេះ​បានកើនដល់ប្រមាណ ១ពាន់លានប្រតិបត្តិការ ក្នុងទំហំទឹកប្រាក់ជាង ២៧២ ពាន់លានដុល្លារ ដែលស្មើនឹងជាង ១០ដងនៃផលិតផលក្នុងស្រុកសរុបរបស់​ប្រទេសកម្ពុជាទាំងមូល។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ប្រព័ន្ធផាត់ទាត់ជាតិ និងប្រព័ន្ធសេវាទូទាត់រហ័ស កំពុងត្រូវបានធ្វើបច្ចុប្បន្នកម្មឱ្យមានភាពប្រសើរជាងមុន ហើយស្តង់ដារ KHQR កូដ ត្រូវបានម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីពង្រឹងសុវត្ថិភាព កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។ យ៉ាងណាមិញ ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង បានជួយសម្រួលអន្តរប្រតិបត្តិការ​រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាពក្នុងប្រព័ន្ធទូទាត់សងប្រាក់ និងជំរុញ​ការទូទាត់​ដោយមិនប្រើប្រាស់សាច់ប្រាក់។

បើតាមធនាគារជាតិនៃកម្ពុជា ស្របតាមវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារ ប្រព័ន្ធទូទាត់សងប្រាក់ដើរតួនាទីយ៉ាងសំខាន់ ដើម្បីរក្សាប្រសិទ្ធភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទាំងមូល។

ពាក់ព័ន្ធនឹងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនេះដែរ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា បានបង្ហាញពីភាពរីកចម្រើនរបស់អេស៊ីលីដាម៉ូបាល ក្នុងការរួមចំណែកជួយអភិវឌ្ឍប្រព័ន្ធទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលកំពុងមាន​ការពេញនិយម និងរីកចម្រើនខ្លាំងនៅកម្ពុជា​នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ នៅឆ្នាំ២០២២​ កន្លងទៅ ការធ្វើប្រតិបត្តិការទូទាត់នានានៅលើអេស៊ីលីដាម៉ូបាលមានចំនួន ១៣៧លានប្រតិបត្តិការ ក្នុងទំហំទឹកប្រាក់ជិត​ ១៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែ ៧៧លានប្រតិបត្តិការ ជាមួយទំហំទឹកប្រាក់​ប្រមាណ ៨៨លានដុល្លារប៉ុណ្ណោះ ពោលគឺ ទំហំទឹកប្រាក់ប្រតិបត្តិការនេះ មានការកើនឡើងជាង ៨០% ឯណោះ។

បន្ថែមពីនេះ បើតាម​ការអះអាង​របស់​លោកស្រី សុខ សោភា នៅឆ្នាំ២០២៣នេះ អេស៊ីលីដារំពឹងថា ប្រតិបត្តិការទូទាត់តាមរយៈអេស៊ីលីដាម៉ូបាល នឹងកើនឡើង២ ឬ៣ដងឯណោះ បើធៀបនឹង​ឆ្នាំ២០២២ ខណៈដែលធនាគារអេស៊ីលីដា នៅតែបន្ដ​លើកទឹកចិត្ត​ដល់អតិថិជន​ឆ្លាតវៃរបស់ខ្លួន ក្នុងការ​ប្រើប្រាស់អេស៊ីលីដាម៉ូបាល ស្របទៅតាម​កំណើនតម្រូវការនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ធនាគារជាតិ​នៃកម្ពុជា ក៏បាន​ជំរុញឲ្យមានការ​ការទូទាត់ឆ្លងដែនតាមប្រព័ន្ធឌីជីថលនេះ ជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ ដែលបច្ចុប្បន្ន​កំពុងជំរុញតភ្ជាប់ការទូទាត់ឆ្លង​ដែន ជាមួយប្រទេសឡាវ និងវៀតណាម បន្ទាប់ពីសម្រេចបានការតភ្ជាប់ជាមួយប្រទេសថៃ និងម៉ាឡេស៊ី ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្ទេរប្រាក់ឆ្លងដែនឱ្យកាន់តែមានភាពងាយស្រួលឆាប់រហ័ស និងសុវត្ថិភាព៕




អត្ថបទបន្ទាប់


តើក្រោយបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរជនជាតិចិននឹងចូលមកកម្ពុជាកាន់តែច្រើន ឬក៏យ៉ាងណា?

បើទោះបីប្រទេសចិនបើកព្រំដែនឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរចេញចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កក៏ដោយ តែលំហូរភ្ញៀវទេសចរជនជាតិចិនចូល…

ធនាគារអេស៊ីលីដា រំពឹងថា ប្រតិបត្តិការនៅលើអេស៊ីលីដាម៉ូបាល នឹងកើនទ្វេដងនៅឆ្នាំ២០២៣

ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា ថ្មីៗនេះ បានបង្ហាញក្ដីរំពឹងខ្ពស់ថា ប្រតិបត្តិការសេវាទូទាត់នានា ក៏ដូចជាការផ្ទេរប្រាក់តាមរយៈអេស៊ីលី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ