ក្រុមហ៊ុន Twitter បានប្រកាសតាមរយៈសារអ៊ីមែលមួយផ្ញើទៅគ្រប់បុគ្គលិកទាំងអស់ អំពីការជូនដំណឹងពីការកាត់បន្ថយបុគ្គលិក នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ដែលក្រុមហ៊ុនបានពន្យល់ថា វាជាដំណើរការដ៏ពិបាក និងជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជួយបន្តដង្ហើមរបស់ក្រុមហ៊ុន។
ជាមួយគ្នានេះ Twitter ក៏នឹងបិទការិយាល័យ និងច្រកចេញចូលទាំងអស់របស់ខ្លួន ដើម្បីធានាដល់សុវត្ថិភាពដល់គ្រប់បុគ្គលិក ព្រមទាំងប្រព័ន្ធ Twitter និងទិន្នន័យរបស់អ្នកប្រើប្រាស់។
បុគ្គលិក២រូប បានបង្ហើបប្រាប់ឱ្យដឹងថា បន្ទាប់ពីសារអ៊ីមែលនេះ ត្រូវបានផ្ញើចូលដល់ប្រអប់សារបុគ្គលិកភ្លាម មនុស្សរាប់រយនាក់បានចូលបង្ហោះយ៉ាងគគ្រឹកគគ្រេងក្នុងឆាណែល Slack របស់ក្រុមហ៊ុននូវពាក្យថា «លាហើយ»។
ទន្ទឹមនឹងនេះដែរ មហាសេដ្ឋី លោក Elon Musk ក៏បានណែនាំផ្ទាល់ទៅក្រុមការងារ ឱ្យព្យាយាមសន្សំសំចៃការចំណាយឲ្យបាល់ដល់ ១ពាន់លានដុល្លារ ពោលគឺធ្វើយ៉ាងណាត្រូវរឹតត្បិតការចំណាយប្រចាំឆ្នាំលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមិនចាំបាច់។
បើតាមសាររបស់ក្រុមហ៊ុនដដែលនេះ បានលើកឡើងពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការសន្សំសំចៃពី ១ លាន ៥សែនដុល្លារ ទៅ ៣លានដុល្លារក្នុងមួយថ្ងៃ ពី ប្រព័ន្ធផ្ទុក Servers និង សេវា Cloud។ ប៉ុន្តែការរឹតត្បិតបែបនេះ អាចនឹងធ្វើឱ្យ Twitter កាន់តែរអិលធ្លាក់ចុះជាងនេះទៀត ព្រោះនឹងប៉ះពាល់ដល់ការបង្ហោះ និងការចែករំលែកព័ត៌មានផ្សេងៗរបស់អ្នកប្រើប្រាស់ ក្នុងអំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនាប៉ុន្មានថ្ងៃខាងមុខនេះ។
ឯកសារផ្ទៃក្នុងរបស់ Twitter ត្រូវបានទម្លាយឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននេះ បានខាតប្រហែល ៣លានដុល្លារក្នុង១ថ្ងៃ។
សូមជម្រាបដែរថា ក្រោយការទិញ Twitter ក្នុងទឹកប្រាក់ ៤៤ពាន់លានដុល្លារ របស់លោក Elon Musk កាលពីសប្តាហ៍មុន បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីមានជាងគេបំផុតរបស់ពិភពលោកមួយនេះ បានធ្លាក់ចុះអស់ ៩ពាន់លានដុល្លារហើយគិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា។
លោក Elon Musk ពេលនេះត្រូវប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Twitter ដែលបរាជ័យក្នុងការរកប្រាក់ចំណេញប្រចាំឆ្នាំ ក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ។ ប្រាក់ចំណូល ៩០% របស់ Twitter គឺបានមកពីការផ្សាយពាណិជ្ជកម្ម ដែលវាសុទ្ធតែបានធ្លាក់ចុះផងដែរនៅតាមបណ្តាញសង្គមផ្សេងៗ។ ដើម្បីស្តារស្ថានភាពបានខ្លះឡើងវិញ លោក Elon Musk នឹងគិតថ្លៃ ៨ដុល្លារពីអ្នកប្រើប្រាស់ ដើម្បីទទួលបានការបញ្ជាក់គណនីផ្លូវការរបស់ពួកគេផងដែរ៕
អត្ថបទ៖ នៅ សំភី