Elon Musk បណ្តេញមេធំៗ Twitter ណាខ្លះ?

ក្រោយទិញសម្រេចទិញយក Twitter លោក Elon Musk បានបណ្តេញនាយកធំៗណាខ្លះ?


លោក Elon Musk បានសម្រេចការទិញ និងក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter ហើយ ក្នុងទំហំទឹកប្រាក់ ៤៤ពាន់លានដុល្លារ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បើទោះបីជាមានរឿងចម្រូងចម្រាស់ជាច្រើនជុំវិញការទិញក្រុមហ៊ុននេះនាពេលកន្លងមកក្តី។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ ការងារទីមួយរបស់លោកក្រោយពីទិញបានបណ្ដាញសង្គមយក្សមួយនេះហើយ គឺលោកបានបណ្តេញនាយកធំៗជាច្រើនរូបរបស់ Twitter ចេញពីក្រុមហ៊ុនភ្លាមៗតែម្ដង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសធំៗ។
Elon Musk បណ្តេញមេធំៗ Twitter ចេញភ្លាមៗក្រោយទិញក្រុមហ៊ុននេះបានសម្រេច
ដោយ

ស្ថាបនិក​ក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បាន​បង្ហើបឱ្យដឹងថា លោកមានផែនការកែទម្រង់ថ្មី​នូវមាតិកានៅលើ Twitter កម្ចាត់ព័ត៌មានក្លែងក្លាយ និង​ការពារ​មិន​ឱ្យ​​វាក្លាយជា​កន្លែងនៃការបង្ហោះ​ដែលពោរពេញដោយការស្អប់ខ្ពើម និង​បែងចែកបក្សពួក​គ្នានោះទេ ព្រមទាំង​​កំណត់​នូវមាតិការឿងរ៉ាវ​ដែលរសើបៗ​ផងដែរ។

លោកអះអាងថា លោកទិញ Twitter មិនមែន​ដើម្បីបង្កើត​លុយឱ្យ​កាន់តែច្រើនទេ តែដើម្បី​​ព្យាយាម​ជួយដល់​មនុស្ស។

បន្ទាប់ពី​​បានក្លាយ​អ្នកដឹកនាំកំពូលថ្មី​របស់​បណ្តាញ​សង្គម​យក្ស​មួយនេះ លោក Elon Musk បាន​បណ្តេញនាយកប្រតិបត្តិ Twitter លោក Parag Agrawal និងប្រធាន​មន្ត្រី​ហិរញ្ញវត្ថុ លោក Ned Segal ព្រមទាំង​ប្រធាន​ផ្នែក​កិច្ចការច្បាប់ និងគោលនយោបាយ លោក Vijaya Gadde ផងដែរ ក្រោមការ​ចោទប្រកាន់ថា ប្រធានធំៗទាំងនេះ​​បាន​ផ្តល់​តួលេខ​ឲ្យ​លោក ខុសទាក់ទងនឹង​​ចំនួន​គណនី​ក្លែង​ក្លាយ​​លើ​ Twitter។ នៅពេលកិច្ចព្រមព្រៀង​ត្រូវបាន​សម្រេច​ភ្លាមៗ ពេលនោះគេបាន​ឃើញ​លោក Agrawal និង Segal ត្រូវបានអមនាំចេញពី​ទីស្នាក់​ការកណ្តាល​​ក្រុមហ៊ុន Twitter ក្នុងរដ្ឋ San Francisco។

មហាសេដ្ឋីលំដាប់ទីមួយក្នុងលោករូបនេះ ក៏គ្រោង​​កាត់បន្ថយ​បុគ្គលិក​ក្នុងក្រុមហ៊ុន​នេះដែរ ដែល​ធ្វើឱ្យ​​និយោជិក​ប្រមាណ ៧៥០០នាក់​ ត្រូវខ្វល់ខ្វាយ​ពី​អនាគត​ការងារ​របស់ពួកគេ។

គួររំលឹក​ថា កាលពីខែមេសា​កន្លងទៅ​ ក្រុមហ៊ុន Twitter បាន​ទទួល​យកសំណើ​​របស់​លោក Elon Musk ក្នុងការទិញ​បណ្តាញ​សង្គមនេះ។ ប៉ុន្តែក្រោយមក លោកមាន​ការសង្ស័យ​ចំពោះ​ទិន្នន័យ​មិនគ្រប់គ្រាន់​​ពីចំនួន​អ្នក​ប្រើ​គណនីក្លែងក្លាយ​ ដែល​បាន​ដាក់​នៅក្នុងកិច្ចព្រមព្រៀង។ ពេលនោះ​លោកបាន​បង្ហើប​ថា លោក​នឹង​លុបចោលកិច្ចព្រមព្រៀង​​នេះវិញ ប៉ុន្តែត្រូវបាន​ប្តឹងដោយ​ក្រុមហ៊ុន Twitter ដោយចោទ​លោកថា មិនគោរព​កាតព្វកិច្ចរបស់លោក​ចំពោះ​ក្រុមហ៊ុន Twitter និង​ម្ចាស់ភាគហ៊ុន។

ការប្តឹង​ផ្តល់គ្នានេះ​បាន​ឡើង​​ដល់តុលាការ​អស់រយៈពេលជាច្រើនខែ រហូតដល់​ថ្ងៃទី៥ ខែ​តុលាកន្លងទៅនេះ ទើបលោក Elon Musk បានប្តូរចិត្ត ហើយចង់​​បន្តទិញ​ Twitter ដដែល​​ ប្រសិន​បើ​ Twitter ព្រមបញ្ចប់​រឿងក្តីនេះ។ មួយ​ថ្ងៃក្រោយ​មក តុលាការរដ្ឋ Delaware បាន​សម្រេចពន្យារពេលកាត់ក្តីទៅដល់ខែវិច្ឆិកា និង​បង្គាប់ឱ្យភាគីទាំងពីរ ត្រូវសម្រេច​កិច្ចព្រមព្រៀង​ឱ្យបាន​នៅត្រឹមថ្ងៃទី២៨ ខែតុលា។

ចំពោះ​កត្តា​មួយ​ផ្សេងទៀត​​​ដែលជំរុញឱ្យលោក Elon Musk ទិញ​យក Twitter នោះគឺពាក់ព័ន្ធ​នឹងកម្មវិធីដ៏អាថ៌កំបាំងមួយ។ លោក​បាន​បង្ហោះ​ឱ្យដឹង​កាលពីដើមខែតុលាថា ការ​ទិញ Twitter គឺ​ជាសន្ទុះ​នៃការបង្កើតអ្វីមួយ​ ដែល​ជាកម្មវិធី App មាន​អ្វីៗគ្រប់យ៉ាងនៅក្នុងនេះទាំងអស់។

គេមិនទាន់ដឹងទេថា App នេះ​ជាអ្វីឱ្យពិតប្រាកដនោះទេ។ ប៉ុន្តែលោក Elon Musk បាន​ចាប់អារម្មណ៍​នៅក្នុងការបង្កើត​បណ្តាញសង្គម​មួយ​ ដែលយកគំរូតាម​បណ្តាញសង្គម​ចិន WeChat របស់​ក្រុមហ៊ុន Tencent។

យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន New York Times ឱ្យដឹងថា នៅក្នុងប្រទេសចិន WeChat ត្រូវបាន​ប្រើប្រាស់​​ដោយ​មនុស្ស​ជាង ១ពាន់លាននាក់ ដោយវា​ជា App បណ្តាញសង្គម ផ្ញើសារ និងទូទាត់​លុយ។ វាក៏ជា App ដែល​អ្នកប្រើប្រាស់​​អាច​កម្មង់អាហារ កក់តាក់ស៊ី និង​ស្វែងរកព័ត៌មាន ដែល​ជាទម្លាប់ប្រចាំថ្ងៃ​របស់មនុស្ស។ លោក Elon Musk និយាយថា ប្រសិនបើ​មាន​មនុស្ស​គ្រប់គ្រាន់​ប្រើប្រាស់ App ស្រដៀងគ្នានេះ វាក៏អាច​បង្កើត​នូវប្រព័ន្ធទូទាត់លុយដូចគ្នាផងដែរ៕អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


កម្ពុជាកំពុងអភិវឌ្ឍគេហទំព័រគាំទ្រផ្នែកជីឌីថលសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញធុរកិច្ចឌីជីថល

ព័ត៌មាន
គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងក្រុមហ៊ុន Meta បានសហការរៀបចំសិក្ខាសាលាស្តីពី «វេបផតថលសម្…

លោកពូទីនព្រមានប្រាប់លោកខាងលិចថា ពិភពលោកកំពុងជួបស្ថានការណ៍ដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ តុលា បាននិយាយថា «ពិភពលោកនឹងប្រឈមមុខនូវទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុតមិនធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ