ទោះយ៉ាងណា បើមើលទៅលើទីផ្សារលក់ផ្ទះវីឡាប្រណិតៗ ថ្លៃៗ និង ខុនដូវិញ គឺនៅតែបន្ដរងផលប៉ះពាល់ខ្លាំងជាងគេដដែល បើធៀបនឹងប្រភេទអចលនទ្រព្យផ្សេងៗទៀត ដ្បិតអតិថិជនក្នុងទីផ្សារផ្ទះវីឡារ និង ខុនដូ ទំនើបៗ នេះ មានចំនួនតិច និង ទីផ្សារខុនដូរភាគច្រើនជាជនបរទេស។
លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និង ជាអគ្គនាយកក្រុមហ៊ុន CPL ដែលជាក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យដ៏ធំជាងគេមួយអស់រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ បានប្រាប់ខេមបូណូមីស ថា បើទោះបីជាជំងឺកូវីដ១៩ បាននឹងកំពុងបន្តអូសបន្លាយរីករាលដាលឆ្លងអស់រយៈពេល ជិត២ឆ្នាំដែលបានធ្វើឲ្យវិស័យអចលនទ្រព្យ និង សំណង់រងប៉ះពាល់យ៉ាងណាក្តី ប៉ុន្តែវិស័យនេះនូវតែមានភាពធន់ដដែល។ ឧកញ៉ា ចេង ខេង កត់សម្គាល់ឃើញថា ទីផ្សារអចលនទ្រព្យនៅតែមានសកម្មភាពទិញលក់ជាធម្មតាទោះបីជាសកម្មភាពទិញលក់មានការថបថយបន្តិច ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ អូសបន្លាយក៏ដោយ។ ឧកញ៉ា ចេង ខេង បន្តថា បើនិយាយពីទីផ្សារលក់ផ្ទះល្វែងតម្លៃទាប និង មធ្យម នៅតែមានតម្រូវការដដែល ប៉ុន្ដែ បើមើលទៅលើទីផ្សារផ្ទះតម្លៃថ្លៃ វីឡា ខុនដូវិញ គឺនៅតែបន្ដរងផលប៉ះពាល់ខ្លាំងជាងគេដដែល។
ដោយឡែក បើតាម លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងប្រាប់ខេមបូណូមីសថា ទីផ្សារផ្ទះល្វែងនៅតែមានចរន្តទិញលក់ធម្មតា ទោះបីទីផ្សារក្នុងវិស័យអចលនទ្រព្យជារួម កំពុងរងនូវការរំខានអុកឡុកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ដោយ។ ទោះបីយ៉ាងនេះក្តី បរិមាណទិញលក់ក្នុងទីផ្សារផ្ទះល្វែងហាក់មានការថយចុះបើធៀបនឹងការលក់មុនពេលកម្ពុជាទទួលរងនូវការឆ្លងជំងឺកូវីដ-១៩។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា កត្តា ដែលធ្វើឲ្យទីផ្សារផ្ទះល្វែងនៅតែអាចរក្សាបាននូវភាពរឹងមាំ ដ្បិតផ្ទះល្វែងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ គួបផ្សំតម្រូវការនៅតែបន្ដមានការកើនឡើង។ ទន្ទឹមនឹងទីផ្សារផ្ទះល្វែងរក្សាបាននូវភាពរឹងមាំ ទីផ្សារខុនដូឯណេះវិញ ត្រូវបានអ្នកជំនាញមើលឃើញថា នៅតែជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេពីឥទ្ធិពលកូវីដ-១៩។ លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា មូលហេតុ ដែលទីផ្សារខុនដូរងផលប៉ះពាល់ខ្លាំងជាងគេ គឺដោយសារអតិថិជនខុនដូភាគច្រើនជាជនបរទេស ខណៈការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានរឹតបន្តឹង ដោយសារវិធានការកូវីដ-១៩ ដែលធ្វើឲ្យជនបរទេសពិបាកធ្វើដំណើរមកកម្ពុជា។
ពាក់ព័ន្ធបញ្ហាទីផ្សារផ្ទះល្វែងនេះដែរ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Pointer បានអះអាងថា ក្រោយកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចរន្តទិញលក់អចលនទ្រព្យនៅកម្ពុជាហាក់មានការថយចុះ ពិសេសដីនៅតំបន់ឆ្ងាយៗ និងអចលនទ្រព្យដែលមានតម្លៃថ្លៃៗ។ ប៉ុន្តែបើនិយាយពីផ្សារផ្ទះល្វែងវិញ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះ សង្កេតឃើញថា ការទិញលក់ផ្ទះល្វែងនៅមានចរន្តជាហូរហែ គ្រាន់តែមានការធ្លាក់ចុះនូវបរិមាណបន្តិចបន្តួច។ ការធ្លាក់ចុះនេះ ត្រូវបានលោក ឆាយលាង កត់សម្គាលឃើញថា គឺបន្ទាប់ពីកូវីដ-១៩ បង្កការរំខានដល់ការជួបគ្នារវាងលក់ និងអ្នកទិញ ដ្បិតការទិញលក់អចលនទ្រព្យត្រូវការមើលភាពជាក់ស្តែងរបស់អចលនទ្រព្យ មុនសម្រេចចិត្តទិញ។
បើតាមក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងកន្លងមកថា វិស័យអចលនទ្រព្យនៅឆ្នាំ២០២១ពុំមានសញ្ហាណាមួយបង្ហាញថា អាចមានភាពល្អប្រសើរជាងឆ្នាំ២០២០ នោះទេ ខណៈបច្ចុប្បន្នការទិញលក់ក្នុងវិស័យនេះគិតជារួមគឺនៅមានសភាពស្ងាត់នៅឡើយ៕