យោងតាមគេហទំព័រផ្សារហ៊ុន Nasnaq របស់សហរដ្ឋអាម៉េរិក ចុះផ្សាយកាលពីខែវិច្ឆិកា បានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ក្នុងចំណោមប្រទេសផលិតមាសកំពូលទាំង១០ទូទាំងពិភពលោកប្រចាំឆ្នាំ២០២៣ មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ បានជាប់ចំណាត់ថ្នាក់លេខ១ ចំណែកឯសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី១ ជាប់ចំណាត់ថ្នាក់លេខ៥ ឯណោះ ខណៈដែលទិន្នន័យឆ្នាំ២០២៤ នេះមិនទាន់មាននៅឡើយទេ។
គេហទំព័រផ្សារហ៊ុនអាម៉េរិក Nasnaq បានឱ្យដឹងទៀតថា ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសចិន ដែលផលិតមាសបានរហូតដល់ទៅ៣៧០តោន ក្នុងឆ្នាំ២០២៣។ ចំណាត់ថ្នាក់លេខ២បានទៅលើប្រទេសអូស្ត្រាលី និងរុស្ស៊ី ដែលផលិតមាសបានរហូតដល់ទៅ៣១០ ដូចគ្នា។ ចំណែកចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសកាណាដា ក្រោយផលិតមាសបាន២០០តោន ចំណាត់ថ្នាក់លេខ៥ បានទៅលើសហរដ្ឋអាម៉េរិក ដែលផលិតមាសបាន១៧០តោន, ចំណាត់ថ្នាក់លេខ៦ បានទៅលើប្រទេសកាហ្សាក់ស្ថាន ជាមួយមាស១៣០តោន, ចំណាត់ថ្នាក់លេខ៧ បានទៅលើប្រទេសម៉ិចស៊ិក ក្រោយផលិតមាសបាន១២០តោន, ចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសឥណ្ឌូនេស៊ី ក្រោយផលិតមាសបាន១១០តោន និងចំណាត់ថ្នាក់លេខ៩ បានទៅលើប្រទេសអាហ្វ្រិកខាងត្បូង និងអ៊ូបេគីស្ថាន ក្រោយផលិតមាសបាន១០០តោនដូចគ្នា៕
ដោយ: តែម សុខុម