សំឡេងស៊ីរ៉ែនពីលើអាកាសបានបន្លឺសម្លេងលាន់រំពងនៅក្នុងទីក្រុង Kyiv ខណៈដែលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុន (Emmanuel Macron), អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ឈូល និងនាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រេហ្គី (Mario Draghi) បានឈានជើងចូលក្នុងទីក្រុង Kyiv ដោយមេដឹកនាំទាំងបីនេះ បានធ្វើដំណើរទៅកាន់ទីប្រជុំជនក្បែរនោះ ដែលត្រូវបានបំផ្លាញស្ទើរក្លាយជាផេះផង់ទៅហើយ ដោយសារតែការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងទ័ពអ៊ុយក្រែន និងកងទ័ពរុស្ស៊ី។
បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី (Volodymyr Zelenskiy) មេដឹកនាំទាំងបី បានផ្តល់សញ្ញាថា អ៊ុយក្រែនគួរតែត្រូវបានផ្តល់ភ្លើងខៀវក្នុងការចូលជាសមាជិកនៃសហភាពអឺរ៉ុប ដែលនេះជានិមិត្តរូបមួយក្នុងការទាញទីក្រុង Kyiv ឱ្យចូលទៅក្នុងប្លុកសេដ្ឋកិច្ចអឺរ៉ុប។
លោក អូឡាហ្វ ឈូលអធិការបតីអាល្លឺម៉ង់ បាននិយាយថា អាឡឺម៉ង់បានទទួលយកជនភៀសខ្លួនអ៊ុយក្រែន ៨ សែននាក់រួចមកហើយ ដែលបានភៀសខ្លួនចេញពីសង្រ្គាម ហើយលោកនឹងនៅបន្តគាំទ្រជនភៀសខ្លួនអ៊ុយក្រែនបន្ថែមទៀត ដរាបណាមានការស្នើឲ្យជួយ ដោយលោកបានបញ្ជាក់ទៀតថា "អ៊ុយក្រែនជាគ្រួសាររបស់អឺរ៉ុប" ។
យ៉ាងណាមិញ នៅលើសមរភូមិ មន្ត្រីអ៊ុយក្រែនបានពិពណ៌នាថា កងទ័ពរបស់ពួកគេនៅតែទប់ទល់នឹងការទម្លាក់គ្រាប់បែកឥតត្រាប្រណីពីរុស្ស៊ីនៅក្នុងទីក្រុងសៀវរីរ៉ូដូណេ(Sievierodonetsk) ភាគខាងកើត ហើយថា រុស្សីបានវាយសម្រុកជាថ្មីនៅភាគខាងត្បូងប្រទេស។
ប៉ុន្តែពួកគេបាននិយាយថា ការប្រយុទ្ធទប់ទល់នឹងរុស្សី គឺត្រូវការចាំបាច់ខ្លាំងណាស់នូវជំនួយសព្វាវុធពីលោកខាងលិច ជាពិសេសកាំភ្លើងធំ ដែលមានសមត្ថភាពក្នុងការរាំងខ្ទប់កងទ័ពរុស្ស៊ីយ៉ាងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះដែរ លោក Macron ប្រធានាធិបតីបារាំង បាននិយាយថា ប្រទេសបារាំងនឹងបង្កើនការផ្តល់អាវុធដល់ទីក្រុង Kyiv ខណៈដែលនៅក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ថ្នាក់រដ្ឋមន្ត្រីការពារជាតិណាតូ បានសន្យានឹងផ្តល់អាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន ស្របពេលដែលអង្គការណាតូត្រៀមរៀបចំផែនការដើម្បីពង្រឹងសម្ព័ន្ធមិត្តយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកផងដែរ។
មែនទែនទៅ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវរបស់មេដឹកនាំសហភាពអឺរ៉ុបដ៏មានឥទ្ធិពលបំផុតទាំងបីរួមមានមេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៊ីតាលីនេះ ត្រូវបានគេមើលឃើញថាបានប្រើពេលជាច្រើនសប្តាយ៍ក្នុងការរៀបចំ ហើយវាជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ថា អឺរ៉ុបនឹងនៅតែឈរជាមួយប្រជាជនអ៊ុយក្រែន ដែលស្រលាញ់សេរីភាព និងសន្តិភាព។ ត្បិតតែមានមតិរិះគន់ថា វាហាក់បីដូចជាចង់ហួសពេលទៅហើយដែលមេដឹកនាំប្រទេសទាំងបីនេះ បានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ព្រោះសង្រ្គាមបានចាប់ផ្តើមជាងបីខែមកហើយនោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Macron បានសង្កត់ធ្ងន់ថា “ការធ្វើដំណើររបស់លោកមកកាន់ទីក្រុងកៀវនេះ គឺដើម្បីសន្តិភាពរបស់អឺរ៉ុប មិនមែនសង្គ្រាមទេ” ។ ហើយលោកមេដឹកនាំទាំងបីសុទ្ធតែនិយាយដូចគ្នាថា ពួកគេគឺនៅតែគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង ដោយបានចាត់វិធានការជាក់ស្តែង ដូចជាការកាត់បន្ថយការពឹងផ្អែកខ្លាំងរបស់អឺរ៉ុបលើថាមពលរុស្ស៊ី ថែមទាំងស្វះស្វែងផ្តល់អាវុធនិងជំនួយផ្សេងៗទៀតដល់ទីក្រុង Kyiv ផងដែរ។
បើក្រឡេកទៅមើលសមរភូមិប្រយុទ្ធដ៏ក្តៅគគុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងទ័ពអ៊ុយក្រែន និងរុស្ស៊ី បាននឹងកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងទីក្រុងសៀវរីរ៉ូដូណេ (Sievierodonetsk) ភាគខាងកើត ដែលមានជនស៊ីវិលរាប់រយនាក់ត្រូវបានប្រមូលផ្តុំនៅក្នុងរោងចក្រគីមី។ ខណៈពេលដែល នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនវិញ កងកម្លាំងរបស់ខ្លួនបាននិយាយថា ខ្លួនកំពុងដណ្តើមផ្លូវចូលទៅក្នុងខេត្ត ឃើសុន (Kherson) ដែលរុស្ស៊ីបានកាន់កាប់នៅដើមដំបូងនៃការឈ្លានពានរបស់ខ្លួនវិញហើយ៕