តាមការប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបដដែលនេះ បានឲ្យដឹងថា ភាពអនុគ្រោះពន្ធ បានផ្ដល់ប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដែលប្រព័ន្ធអនុគ្រោះពន្ធនេះ អឺរ៉ុបបានផ្ដល់ជូនសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច។
សហភាព អឺរ៉ុបបានបញ្ជាក់ទៀតថា ការដកផ្នែកខ្លះនៃ EBA ពីកម្ពុជានេះ គឺដោយសារតែមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សដែលបានកើតឡើងនៅកម្ពុជា។ សហភាពអឺរ៉ុបបានបញ្ជាក់ទៀតថា អឺរ៉ុបនៅតែបើកចំហរ ដើម្បីចូលរួមជាមួយកម្ពុជាលើការធ្វើកំណែទម្រងចាំបាច់។
លោក Phil Hogan ស្នងការពាណិជ្ជកម្មអឺរ៉ុបបាននិយាយថា «យើងបានផ្ដល់ឲ្យកម្ពុជានូវឱកាសពាណិជ្ជកម្ម ដែលអនុញ្ញាតឲ្យប្រទេសនេះ អភិវឌ្ឍឧស្សាហកម្មផ្ដោតលើការនាំចេញ និងបានផ្ដល់នូវការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា។ ឥឡូវនេះ យើងក៏នៅតែមានគោលជំហរនៅជាមួយពួកគេដែរ នៅក្នុងស្ថានភាពដ៏លំបាកនាពេលឥឡូវនេះ ព្រោះតែមេរោគរាតត្បាត»។
លោក Hogan គូសបញ្ជាក់ទៀតថា «ទោះជាយ៉ាងណា ការបន្តការគាំទ្ររបស់យើង មិនបានបន្ថយនូវតម្រូវការបន្ទាន់សម្រាប់ឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនោះទេ។ ខ្ញុំត្រៀមខ្លួនរួចស្រេចហើយ ដើម្បីបន្តការចូលរួមរបស់យើង និងដើម្បីស្ដារឡើងវិញសម្រាប់ផលិតផលកម្ពុជាអាចចូលក្នុងទីផ្សារអឺរ៉ុបដោយសេរីពេញលេញ ដោយការផ្ដល់ឲ្យយើងមើលឃើញនូវភាពប្រសើរឡើងប្រកបដោយនិរន្ដរភាពនៅក្នុងការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនេះ»។
លោក គេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា បានអះអាងកាលពីថ្ងៃទី ០៧ ខែសីហាថា កន្លងមកខាងភាគីកម្ពុជាបានខិតខំ តវ៉ា និងស្នើទៅកាន់សភាពអឺរ៉ុបអស់លទ្ធភាពហើយ។
ទោះយ៉ាងណា អគ្គលេខាធិការសមាគមរោងចក្រកាត់ដេររូបនេះ បានគូសបញ្ជាក់ទៀតថា បញ្ហាធំរបស់វិស័យកាត់ដេរកម្ពុជានាពេលនេះ មិនមែនរឿង EBA ទៀតទេ គឺរឿងកូវីដ-១៩ ដោយបញ្ហាមេរោគរាតត្បាតមួយនេះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរយ៉ាងខ្លាំង ខណៈដែលរោងចក្របិទទ្វារ និងផ្អាកដំណើរការបានកើនឡើងកាន់តែច្រើន។
សហភាពអឺរ៉ុបបានឲ្យដឹងទៀតថា ការដកយកវិញ នូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBAនេះ គឺមានប្រហែល២០% នៃផលិតផលសរុបរបស់កម្ពុជាដែលនាំទៅអឺរ៉ុប ហើយកម្ពុជានៅតែអាចនាំចេញផលិតផលទាំងនោះ ទៅអឺរ៉ុប ប៉ុន្ដែ ត្រូវបង់ពន្ធទូទៅដូចដែលមានអនុវត្តចំពោះសមាជិកផ្សេងទៀតនៃអង្គការពាណិជ្ជកម្មពិភពលោកដែរ។ នៅសល់ទំនិញកម្ពុជានាំចេញទៅអឺរ៉ុប៨០%ទៀត នឹងបន្ដទទួលបានការអនុគ្រោះ (ដោយមិនគិតពន្ធ មិនគិតកូតា) សម្រាប់នាំចេញទៅអឺរ៉ុបដដែល។
បើតាមសហភាពអឺរ៉ុប បានឲ្យដឹងថា ផលិតផលរបស់កម្ពុជាដែលនឹងត្រូវអឺរ៉ុប ដកភាពអនុគ្រោះពន្ធនោះ មានដូចជា ផលិផលសម្លៀកបំពាក់មួយចំនួន ស្បែកជើង ផលិតផលសម្រាប់ការធ្វើដំណើរ និងស្ករសជាដើម។
តាមការលើកឡើងរបស់ឯកឧត្តម ហេង សួរអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីដើមខែកក្កដាកន្លងទៅនេះបានឲ្យដឹងថាមានរោងចក្រកាត់ដេរប្រមាណជាង៤៥០ រោងចក្រហើយ បានព្យួរការងារ និងមានកម្មករកម្មការិនីប្រមាណជាង១៣ម៉ឺននាក់បានប៉ះពាល់ការការ។ កត្តានេះ បានធ្វើឲ្យការនាំចេញនៃវិស័យកាត់ដេរ បានធ្លាក់ចុះពីចំនួនជាង ៤ពាន់លានដុល្លារ កាលពីឆមាសទី១ឆ្នាំ២០១៩ មកនៅត្រឹមតែជិត៣ពាន់៨រយលានដុល្លារអាមេរិកប៉ុណ្ណោះ នៅឆមាសទី១ឆ្នាំ២០២០នេះ ពៅលគឺធ្លាក់ចុះប្រមាណ៥,៤%។
តាមតួលេខពីសហភាពអឺរ៉ុបបានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអឺរ៉ុបនិងកម្ពុជាសម្រេចបានដល់ទៅ ជាង៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅអឺរ៉ុបប្រមាណជាង៥ពាន់លានដុល្លារ ខណៈដែលអឺរ៉ុបនាំចូលមកកម្ពុជាវិញប្រមាណ១ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបនៅឆ្នាំ២០១៩ គឺរហូតដល់ទៅ ៩៨% ទទួលបានការអនុគ្រោះពន្ធ EBA។ អឺរ៉ុប ក៏ជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់កម្ពុជាផងដែរ បន្ទាប់ពីប្រទេសចិនផងដែរ៕