ការឈានដល់មានការប្ដឹងផ្ដល់គ្នានេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាជំហានមួយទៀត ក្នុងផែនការរបស់អឺរ៉ុប ដើម្បីកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បន្ទាប់ពីក្រុមហ៊ុនអង់គ្លេសមួយនេះ បានកាត់បន្ថយការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ មកឲ្យអឺរ៉ុបម្ដងហើយម្ដងទៀត ដែលបណ្ដាលឲ្យមានការពន្យារពេលអស់ជាយូរក្នុងការចាក់វ៉ាក់សាំងនៅក្នុងតំបន់នេះ។
ដោយឡែក អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បាននិយាយថា អ្វីដែលសំខាន់នៅពេលនេះ គឺអឺរ៉ុបធានាថា ការផ្ដល់ជូននូវចំនួនវ៉ាក់សាំង នឹងត្រូវមានគ្រប់គ្រាន់តាមអ្វីដែលក្រុមហ៊ុនបានប្ដេជ្ញាចិត្តនាពេលកន្លងមក។ ហើយសមាជិកអឺរ៉ុបរួមគ្នាស្វែងគ្រប់ជម្រើសទាំងអស់ដើម្បីធ្វើឲ្យផែនការផ្គត់ផ្គង់វ៉ាក់សាំងនេះត្រូវធ្វើឡើងតាមផែនការ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា គណៈកម្មការអឺរ៉ុបក៏បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុន AstraZeneca ដែរ ស្របពេលដែលថ្ងៃផុតកំណត់នៃការពន្យារពេលផ្គត់ផ្គត់វ៉ាក់សាំងនឹងត្រូវបញ្ចប់នៅក្នុងខែនេះ។ អឺរ៉ុបក៏បានចោទសួរ ទៅកាន់ក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេសមួយនេះផងដែរ ទាក់ទងនឹងទឹកប្រាក់ ២៧០លានដុល្លារ ដែលអឺរ៉ុបបានផ្ដល់ឲ្យកាលពីខែកញ្ញាឆ្នាំមុន ដើម្បីទិញវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំងនោះ ថាតើក្រុមហ៊ុនបានចាយវាយវាយ៉ាងដូចម្តេច0x017d7 និងបានទិញអ្វីខ្លះ0x017d7
តាមកិច្ចសន្យារវាងក្រុមហ៊ុន AstraZeneca និងសហភាពអឺរ៉ុប គឺខាងក្រុមហ៊ុនត្រូវមានទំនួលខុសត្រូវផ្ដល់ជូនវ៉ាក់សាំង ១៨០លានដូស ទៅឲ្យអឺរ៉ុបនៅក្នុងត្រីមាសទី២ឆ្នាំនេះ ហើយសរុបដល់ ៣០០លានដូស នៅក្នុងចន្លោះខែធ្នូឆ្នាំនេះ ដល់ខែមិថុនាឆ្នាំក្រោយ។ ក៏ប៉ុន្ដែ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី ១២ ខែមីនាថា នឹងផ្ដល់ជូនឲ្យអឺរ៉ុបបានត្រឹមតែ ១ភាគបីនៃចំនួនដែលបានព្រមព្រៀងគ្នាប៉ុណ្ណោះ។
សហភាពអឺរ៉ុប ក៏បានសម្រេចចិត្តរួចហើយថា ខ្លួននឹងមិនទិញវ៉ាក់សាំងបន្ថែម ១០០លានដូសបន្ថែម ពីក្រុមហ៊ុន AstraZeneca ដូចដែលមានចែងក្នុងកិច្ចសន្យានោះទេ បន្ទាប់ពីមានការផ្គត់ផ្គង់ពន្យារពេល ហើយក៏មានការបារម្ភពីបញ្ហាសុវត្ថិភាពទាក់ទងនឹងវ៉ាក់សាំងនេះផងដែរ៕