សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបានដាក់វិធានការទប់ស្កាត់លើទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលរុស្ស៊ីចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមលុកលុយចូលអ៊ុយក្រែន ជាសកម្មភាពមួយដែលទីក្រុងម៉ូស្គូពិពណ៌នាថាជា "ប្រតិបត្តិការយោធាពិសេស"។
លោក Borrell បានប្រាប់កាសែត Financial Times (FT) ថា វាសមហេតុផលសម្រាប់សហភាពអឺរ៉ុបក្នុងការធ្វើអ្វីមួយដូចដែលសហរដ្ឋអាមេរិកធ្លាប់បានធ្វើជាមួយ ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានបន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់អំណាច។
សូមរំលឹកថា ជាបទពិសោធន៍ដែលអាមេរិកធ្លាប់បានធ្វើទៅលើប្រទេសអាហ្វហ្គានីស្ថាន គឺថារដ្ឋបាលក្រុងវ៉ាស៊ីនតោនបានបង្កកមូលនិធិធនាគារកណ្ដាលអាហ្វហ្គានីស្ថានបន្ទាប់ពីក្រុមតាលីបង់បានឡើងកាន់កាប់ប្រទេសនេះ ហើយគ្រោងនឹងប្រើប្រាស់មូលនិធិមួយចំនួន ដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថាន ខណៈដែលនៅសល់ប៉ុន្មានទៀតអាចយកទៅប្រើប្រាស់សម្រាប់បណ្តឹងពាក់ព័ន្ធនឹងអំពើភេរវកម្មប្រឆាំងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការបង្កកទុនបម្រុងរបស់រុស្ស៊ីនេះដែរ ធនាគារកណ្ដាលរុស្ស៊ីនិយាយថា រុស្ស៊ីគ្រោងនឹងចាត់វិធានការផ្លូវច្បាប់តបវិញ ដើម្បីទទួលបានមកវិញនូវទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនចំនួន ៣០០ ពាន់លានដុល្លារអាមេរិកដែលក្រុមរដ្ឋាភិបាលបស្ចិមលោកបានបង្កកទុក ហើយទីក្រុងម៉ូស្គូទាមទារឱ្យលុបចោលវិធានការទណ្ឌកម្មទាំងឡាយផងដែរ។
ផែនការផ្លូវច្បាប់ដើម្បីចាត់វិធានការ ប្រឆាំងនឹងរឿងនេះ ត្រូវបានប្រកាសដោយប្រធានធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីដោយគ្មានបញ្ជាក់លម្អិតពីដំណើរការនិងពេលវេលាជាក់លាក់ណាមួយឡើយ។
លោកស្រី Elvira Nabiullina ប្រធានធនាគារកណ្ដាលរបស់រុស្ស៊ បានប្រាប់ទីភ្នាក់ងារ Interfax ថា ការបង្កកទុនបម្រុងអន្តរជាតិរបស់រុស្ស៊ីដោយក្រុមបស្ចិមលោក គឺជាការបង្កកមិនធ្លាប់មានពីមុនមក ដូច្នេះហើយរុស្ស៊ីនឹងរៀបចំពាក្យបណ្តឹង ហើយពិតណាស់រុស្ស៊ីកំពុងតែរៀបចំអនុវត្តលើរឿងនេះ។
សូមរំឭកថា ពីរថ្ងៃបន្ទាប់នៅពេលដែលរុស្ស៊ីបានចាប់ផ្តើមលុកលុយលើអ៊ុយក្រែននៅចុងខែកុម្ភៈ ក្រុមប្រទេស G7 និងគណៈកម្មការអឺរ៉ុបបានប្រកាសថា ពួកគេនឹងដាក់ទណ្ឌកម្មលើធនាគារកណ្តាលរុស្ស៊ីដើម្បីរារាំងប្រទេសនេះ មិនឱ្យចូលទៅកាន់កាប់រូបិយបណ្ណបរទេសរបស់ខ្លួនដែលមាននៅធនាគារប្រទេសលោកខាងលិចនោះឡើយ។
មកដល់ពេលនេះធនាគារកណ្តាលរុស្ស៊ី មិនអាចប្រើប្រាស់ទុនបម្រុងរបស់ខ្លួនជិតពាក់កណ្តាលក្នុងចំណោមទុនបម្រុងអន្តរជាតិជាង ៦០០ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ប្រាក់រូប្លរបស់រុស្ស៊ីធ្វើឱ្យតម្លៃរូបិយបណ្ណរុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការលុកលុយនេះ ជាហេតុបង្ខំឱ្យរុស្ស៊ីដាក់ការគ្រប់គ្រងដើមទុន និងណែនាំក្រុមអ្នកនាំចេញឱ្យប្ដូររូបិយបណ្ណបរទេសទៅជាប្រាក់រូប្ល តួយ៉ាងដូចជាការទូទាត់ថ្លៃប្រេង និងឧស្ម័នជាដើម។ ប៉ុន្ដែ ប្រទេសសហភាពអឺរ៉ុប ជាច្រើនមិនព្រមធ្វើតាមការទាមទាររបស់រុស្ស៊ីនោះឡើយ ខណៈមកទល់ពេលនេះ ពួកគេកំពុងតែបន្ដពិភាក្សាគ្នាដើម្បីឈានទៅអនុម័តទណ្ឌកម្មថ្មីលើរុស្ស៊ី រួមទាំងការកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីផងដែរ៕
អត្ថបទ៖ សុខ ជា