ការបន្ថែមទណ្ឌកម្មផ្ទួនៗទៅលើរុស្ស៊ី និងការថ្កោលទោសជាអន្តរជាតិទៅលើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនេះ ត្រូវបានគេមើលឃើញថា កំពុងរុញឲ្យប្រទេសមហាអំណាចយោធាមួយនេះ កំពុងធ្លាក់ចុះទៅរកការដួលរលំសេដ្ឋកិច្ចធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមកនោះទេ គិតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក Josep Borrell ប្រធានអង្គភាពគោលនយោបាយការបរទេសនៅគណៈកម្មាធិការប្រតិបត្តិរបស់សហភាពអឺរ៉ុបបាននិយាយនៅក្នុងបណ្តាញសង្គម twitter របស់លោកថា សហភាពអឺរ៉ុបកំពុងធ្វើការងារលើការដាក់ទណ្ឌកម្មទី៦ របស់ខ្លួន ទៅលើទីក្រុងម៉ូស្គូ ក្នុងនោះ មានគោលបំណងលុបបំបាត់ធនាគាររបស់រុស្ស៊ីបន្ថែមទៀត ចេញពីប្រព័ន្ធទូទាត់ប្រាក់អន្តជាតិ SWIFT ព្រមទាំងការដាក់ទណ្ឌកម្មទៅលើអង្គភាពដែលចេញផ្សាយព័ត៌មានមិនពិត និងកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ីមកសហភាពអឺរ៉ុបជាដើម។ អ្នកការទូតរូបនេះបានអះអាងថា ការដាក់ទណ្ឌកម្មទី ៦ នេះក៏នឹងប៉ះពាល់ដល់ធនាគា Sberbank (SBER.MM) ដែលជាអ្នកផ្តល់ប្រាក់កម្ចីកំពូលរបស់រុស្ស៊ីផងដែរ។
គួររំលឹកថា ការដាក់ចេញនៅទណ្ឌកម្មទី ៦ របស់សហភាពអឺរ៉ុបធ្វើឡើង បន្ទាប់ពីប្រទេសអាឡឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបបានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ី។
ការហ៊ុមព័ទ្ធលើទណ្ឌកម្មនាំចេញប្រេងពីរុស្សី ពីសំណាក់ សហភាពអឺរ៉ុប នឹងកាត់ផ្តាច់ទីក្រុងមូស្គូពីលំហូរសាច់ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ពីវិស័យនេះ ប៉ុន្តែការឈានដល់កិច្ចព្រមព្រៀងស្តីពីវិធានការកាត់ផ្តាច់ប្រេងទៅកាន់សហភាពអឺរ៉ុបនោះ នៅមានភាពចម្រូងចម្រាស់នៅក្នុងសមាជិកសហភាពអឺរ៉ុប ដ្បិតថា ប្រទេសខ្លះដូចជា ហុងគ្រី និងស្លូវ៉ាគី មិនព្រមដាក់ទណ្ឌកម្មលើការនាំចូលប្រេងពីរុស្ស៊ីនោះទេ ពីព្រោះថាប្រទេសទាំងពីរនេះ មានការពឹងផ្អែកខ្លាំង លើការនាំចូលប្រេងពីរុស្ស៊ី។ ប្លុកអឺរ៉ុប ត្រូវបានគេដឹងថា មានតម្រូវការនាំចូលប្រេងពីរុស្ស៊ីជាង ២៦% នៃចំនួនប្រេងនាំចូលសរុប។ ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន បណ្តាប្រទេសនៅអឺរ៉ុបបានបង់ប្រាក់ជាង ៤៧ ពាន់លានដុល្លារ ដល់ប្រទេសរុស្ស៊ីសម្រាប់ទូទាត់ថ្លៃឧស្ម័ន និងប្រេង។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត។
សូមបញ្ជាក់ថា ចាប់តាំងពីបុរសខ្លាំងរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឲ្យយោធារបស់ខ្លួនចូលឈ្លានពានលើអ៊ុយក្រែនមក សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ ត្រូវបានគេរំពឹងទុកថា នឹងទទួលរងការដួលរលំសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ដោយសារការដាក់ទណ្ឌកម្មយ៉ាងចាស់ដៃពីប្រទេសលោកខាងលិច រួមមានសហភាពអឺរ៉ុប និង អាមេរិកជាដើម ហើយវានឹងក្លាយជាវិបត្តិសេដ្ឋកិច្ចខ្លាំងជាងពេលណាៗទាំងអស់ ដែលទីក្រុងម៉ូស្គូធ្លាប់បានឆ្លងកាត់។
កាលពីថ្ងៃទី ២៩ ខែមេសា ទេសាភិបាលធនាគារកណ្តាលរុស្ស៊ីលោកស្រីអៀលវីរ៉ា ណាប៊ុយលីណា (Elvira Nabiullina) បានទម្លាក់អត្រាការប្រាក់របស់ធនាគារនៅប្រទេសរុស្ស៊ីចំនួន៣% ជាលើកទី២ក្នុងរយៈពេលមិនដល់មួយខែផង បន្ទាប់ពីបានព្យាករណ៍ពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ តម្លៃទំនិញកើនឡើង និងការចលាចលទីផ្សារការងារនាពេលខាងមុខ ខណៈដែលប្រទេសនេះអាចត្រូវរងទុក្ខសម្រាប់សង្គ្រាមឈ្លានពានលើអ៊ុយក្រែន។
គួរជម្រាបថា ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី ត្រូវបានធនាគារពិភពលោក រំពឹងថានឹងធ្លាក់ចុះការនាំចេញយ៉ាងហោចណាស់ចន្លោះពី ៨% ទៅ ១០% នៅឆ្នាំនេះ ដែលការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ១៩៩៤មក។ ក្នុងនោះធនាគារពិភពលោកបានព្យាករណ៍ទៀតថា តម្លៃទំនិញប្រើប្រាស់ក្នុងទីក្រុងម៉ូស្គូអាចកើនឡើងពី ១៨% ទៅ ២៣% នៅឆ្នាំនេះ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន