EU-កម្ពុជា-EBA

សហភាព​អឺរ៉ុប​"ចាប់​ផ្ដើម​ដំណើរការ"​ដក​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា


សហភាព​អឺរ៉ុប (EU) បានជូន​ដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា ថា ខ្លួន​នឹង​​ចាប់​ផ្ដើម​អនុវត្ត​ដំណើរការ​នីតិវិធី​សម្រាប់​ការ​ដក​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «ទំនិញ​គ្រប់​មុខ​លើក​លែង​តែ​អាវុធ» ឬ EBA របស់​សហភាព​​អឺរ៉ុប និង​ថា ដំណើរការ​នេះ​អាចនឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី EBA ប្រសិន​បើ​កម្ពុជា​មិន​ធ្វើ​ឲ្យ​មាន​ការកែ​លម្អ​ច្បាស់លាស់ និង​មាន​ភ័ស្តុតាង​បញ្ជាក់​​ទេនោះ។
សហភាព​អឺរ៉ុប​ប្រាប់​កម្ពុជា​នៅថ្ងៃទី៥ តុលា ២០១៨ ថា ខ្លួន​"ចាប់​ផ្ដើម​ដំណើរការ"​ដក​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។
ដោយ

នេះ​បើ​យោង​តាម​អត្ថបទ​ប្លុក​មួយ​​របស់​លោកស្រី Cecilia Malmström ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម ដែល​ចេញ​ផ្សាយ​នៅថ្ងៃសុក្រ ទី៥ ខែ​តុលា ឆ្នាំ​២០១៨។ អាន​អត្ថបទ​ប្លុក​ជា​ភាសា​អង់គ្លេស >>

លោកស្រី Cecilia Malmström សរសេរ​ថា «ថ្ងៃនេះ តំណាងជាន់ខ្ពស់ Federica Mogherini និង​រូប​ខ្ញុំ​ បានជូន​ដំណឹង​ដល់​កម្ពុជា​ថា យើង​នឹង​ចាប់ផ្ដើម​ដំណើរការ​សម្រាប់​ការ​ដក​ការអនុគ្រោះ​ពន្ធ​របស់​ប្រទេស​នេះ នៅក្រោមកម្មវិធី EBA»។ 

លោកស្រី​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម សរសេរ​ថា «នៅ​កម្ពុជា យើង​កំពុង​ឃើញ​នូវ​ការវិវឌ្ឍ​ដែលគួរ​ឲ្យ​រំខាន ជាមួយ​នឹងការ​ធ្លាក់​ចុះ​ដុនដាប​នៃ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ ដោយ​មិន​ឃើញ​មាន​ការ​កែ​លម្អ​​ប្រសើរឡើងវិញ​ដែលអាច​ជឿជាក់​បានសោះ។ បេសកកម្ម​ថ្មីៗ​របស់ EU ទៅកាន់​ប្រទេស​នេះ [កម្ពុជា] បាន​រក​ឃើញ​នូវ​ការរំលោភធ្ងន់ធ្ងរ​និង​ជា​លក្ខណៈ​ប្រព័ន្ធ​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ការងារ និង​សេរីភាព​​ក្នុង​ការ​បង្កើត​សមាគម ជាដើម»។ 

ប្រទេស​កម្ពុជា​ទទួល​ផល​ប្រយោជន៍​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ EBA ដែល​ធានា​ការចូលទៅទីផ្សារ​អឺរ៉ុប​ដោយ​ឥត​បង់​ពន្ធ​​សម្រាប់​គ្រប់​ទំនិញ​នាំ​ចេញ​ទាំង​អស់ លើកលែងតែអាវុធ​ចេញ។ ប៉ុន្តែ ការអនុគ្រោះ​ពន្ធ​នេះ គឺ​ភ្ជាប់ជាមួយ​លក្ខខណ្ឌ​នៃទំនួលខុសត្រូវ​គោរព​និង​ការពារ​គុណតម្លៃ​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​គោល​ចំនួន ១៥ របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ។

តួលេខ​គណៈកម្មការអឺរ៉ុប​បង្ហាញថា ឆ្នាំ​២០១៧ សហភាព​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បំផុត​ទីពីររបស់​ប្រទេស​កម្ពុជា ដោយ​នាំចូល​ទំនិញ​ពី​កម្ពុជា​ក្នុងទឹក​ប្រាក់​ជិត ៦ពាន់​លានដុល្លារ ភាគច្រើន​ជា​ផលិត​ផល​​សម្លៀក​បំពាក់​កាត់ដេរ ស្បែកជើង និង​ផលិត​ផល​កសិកម្ម។ 

អ្នក​វិភាគ​និង​អ្នក​សេដ្ឋកិច្ច​លើកឡើងជារឿយៗ ថា ប្រសិន​បើ​កម្ពុជា​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ វិស័យ​ដែល​នឹង​រង​ផល​ប៉ះពាល់​ខ្លាំងជាងគេ​បំផុត គឺ​វិស័យ​កាត់ដេរ​និង​ផលិត​ស្បែកជើង ដែល​ផ្ដល់​ការងារ​​ដល់​កម្មករជាង ៧សែន​នាក់។

ទោះយ៉ាងណា វិធានការ​របស់​សហភាពអឺរ៉ុប​ជុំវិញ​ការអនុគ្រោះពន្ធ​​ EBA សម្រាប់​កម្ពុជា​នេះ មិនទាន់ជាការ​បិទ​ផ្លូវទាំងស្រុងនៅ​ឡើយទេ។ លោកស្រី​ស្នងការ​ពាណិជ្ជកម្មអឺរ៉ុប Cecilia Malmström សរសេរ​នៅ​ក្នុង​អត្ថបទ​ប្លុក​របស់​លោកស្រីថា «យើង​នឹង​បើក​ចំហ​ច្រក​សន្ទនា​សម្រាប់​ប្រទេស​ទាំងពីរ [កម្ពុជា និង មីយ៉ាន់ម៉ា]។ នឹង​មាន​លំហ​សម្រាប់​ការចរចា​និង​ការសន្ទនា​​សម្រាប់​ប្រទេស​ទាំង​ពីរ នៅក្នុង​ដំណើរការ​នេះ»។ 

លោកស្រី Cecilia Malmström បន្ត​ថា «យើង​មិនទាន់​ទៅដល់​មាត់​ជ្រោះ​នៅឡើយទេ ហើយ​ពេល​វេលា​នៅ​មាន​នៅឡើយ​សម្រាប់​កម្ពុជា និងមីយ៉ាន់ម៉ា ដើម្បី​ដក​ខ្លួន​ចេញ​ពី​មាត់ជ្រោះ​នេះ។ ប៉ុន្តែ ទោះយ៉ាងណា ផល​វិបាក​នៃ​ផ្លូវ​ដែល​ប្រទេស​ទាំងពីរ​នេះ​កំពុង​ដើរ​ ឥឡូវនេះ មើលឃើញកាន់តែច្បាស់»។

ជុំវិញ​ការអនុគ្រោះ​ពន្ធ​ក្រោម​​កម្មវិធី EBA មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​លើកឡើងជា​រឿយៗ ថា មែនទែន​ទៅ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA នេះ នឹងមិន​ស្ថិត​នៅជាមួយ​កម្ពុជា បាន​រហូត​នោះទេ ពោលគឺ​វានឹង​​ត្រូវបាត់​បង់​នៅថ្ងៃណា​មួយ ព្រោះ​ប្រព័ន្ធអនុ​គ្រោះពន្ធ​នេះ គឺមាន​សម្រាប់តែ​ប្រទេស​​មានការ​អភិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ (LDC) ដូច្នេះ ​ប្រសិនបើ​កម្ពុជា ឡើង​ឋានៈ​ហួស​ពីនេះ ច្បាស់​ណាស់ កម្ពុជា​នឹងត្រូវ​របូត EBA នេះហើយ៕

None



អត្ថបទបន្ទាប់


ផ្សារទំនើបអ៊ីអន ទី៣ នឹងសង់ក្នុងទីក្រុងរណប ING គ្រោងបើកទ្វារ នៅឆ្នាំ ២០២៣

ផ្សារទំនើបអ៊ីអន ដែលត្រូវបានគេចាត់ទុកថា ជាផ្សារទំនើបខ្នាតយក្សនៅកម្ពុជានោះ បានប្រកាសនឹងសាងសង់គម្រោងផ្សារទំនើបសាខាទី៣ របស់ខ្លួន នៅក្នុងតំប…

ជម្រើស​ហ្សបហោស៍​៥​ប្រភេទ ជាមួយ​នឹង​ប្រាក់​ត្រឹម​តែ​១០០០​ដុល្លារ​ប៉ុណ្ណោះ ត្រឹម​ដំណាច់​ខែ​តុលា​នេះ!

ហ្សបហោស៍ (Shophouse) ជា​លំនៅដ្ឋាន​មួយ​ដែល​ពេញ​និយម និង​មាន​តម្រូវការ​ច្រើន​សម្រាប់​អតិថិជន ព្រោះ​ជា​គេហដ្ឋាន​ដែល​អាច​ប្រកប​អាជីវកម្ម​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ