ក្រោយពីទទួលបានការពិន័យកាតលឿង ពីសហភាពអឺរ៉ុប ទាក់ទឹងនឹងការនេសាទសមុទ្រខុសច្បាប់ កាលពីចុងឆ្នាំ ២០១៧ ប្រទេសវៀតណាម បានភ័យបុកពោះអស់មួយរយៈ។ បុកពោះ ព្រោះថា ខ្លាចជលផលសមុទ្ររបស់ខ្លួន នឹងត្រូវហាមឃាត់ នាំចូលទៅកាន់ទីផ្សារអឺរ៉ុប បើសិនជា អាជ្ញាធរអឺរ៉ុបរកឃើញថា បទនេសាទខុសច្បាប់នៅតែបន្តកើតមានឡើង ឬគ្មានដំណោះស្រាយជាក់លាក់ណាមួយដែលជាការប៉ះប៉ូវហេតុការណ៍ដែលបានកើតឡើងនាពេលកន្លងមក។
ត្រូវបានដកស្រង់សម្ដី ដោយសារព័ត៌មាន វៀតណាម Express កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានអះអាងថា បន្ទាប់ពីបានធ្វើការវាយតម្លៃចុងក្រោយកាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី២៤ ខែឧសភា កន្លងទៅនេះ គណៈកម្មការសហគមន៍អឺរ៉ុប ដែលជាអង្គភាព ប្រតិបត្តិនៃប្លុក២៨ប្រទេស រួមទាំងចក្រភពអង់គ្លេសផងនោះ បានសម្រេចចិត្តថា នឹងពិចារណា ដកកាតលឿង ដែលជាការពិន័យលើបទល្មើសជលផលសមុទ្រ ចេញពីវៀតណាមវិញហើយ។ ការដកកាតលឿងនេះ នឹងត្រូវធ្វើឡើង នៅខែមករា ឆ្នាំ ២០១៩ខាងមុខ ដោយគណៈកម្មាការសហគមន៍អឺរ៉ុប (EC) មើលឃើញថា វៀតណាម មានការកែប្រែឲ្យមានភាពប្រសើរឡើង ជុំវិញនឹងប្រតិបត្តិការនេសាទសមុទ្ររបស់ខ្លួន។
គណៈកម្មការសហគមន៍អឺរ៉ុប បានចេញកាតលឿងព្រមាន វៀតណាម កាលពីចុងខែតុលា ឆ្នាំ២០១៧ ដោយសាររកឃើញថា ប្រទេសនេះមានប្រព្រឹត្តបទល្មើសនេសាទខុសនឹងគោលការច្បាប់កំណត់ ហើយប្រសិនជា មិនមានដំណោះស្រាយលើបញ្ហាទាំងអស់នេះទេ ឬនៅតែបន្តឲ្យមានបទល្មើសថ្មីបន្ថែមទៀត នោះវៀតណាមនឹងត្រូវទទួលបានកាតក្រហម ដែលជាការហាមឃាត់ការនាំចូលផលិតគ្រឿងសមុទ្រទៅកាន់អឺរ៉ុប។
បច្ចុប្បន្ន វៀតណាម មាននាវានេសាទសមុទ្រ ប្រហែល ៣៣.០០០ គ្រឿង ប៉ុន្ដែ ក្នុងចំណោមនោះ មានតែ ៣.០០០ គ្រឿងប៉ុណ្ណោះ ឬស្មើនឹង ៩% ដែលមានបំពាក់ឧបករណ៍នាវាចរណ៍ តាមប្រព័ន្ធផ្កាយរណប តាមអ្វីដែលជាការស្នើសុំរបស់សហគមន៍អឺរ៉ុប។ ទោះយ៉ាងណា តាមក្រុមអ្នកនេសាទទាំងនោះ បានលើកឡើងថា ការបំពាក់នូវឧបករណ៍ទាំងនេះ មានការចំណាយខ្ពស់ពេកសម្រាប់ពួកគេ។
វៀតណាម ត្រូវបានអង្គការ FAO ចាត់ចំណាត់ថ្នាក់ថា ជាប្រទេសមួយ ក្នុងចំណោមកំពូលប្រទេសទាំង១០ នៅទូទាំងពិភពលោក ដែលមានការផលិតគ្រឿងសមុទ្រ ច្រើនជាងគេ។ ក្នុងនោះ អឺរ៉ុប ជាអ្នកនាំចូលត្រីច្រើនជាងគេនៅទូទាំងពិភពលោក។
សូមជម្រាបថា មិនមែនតែវៀតណាមទេ ដែលទទួលបានការពិន័យកាតលឿងពីសហគមន៍អឺរ៉ុប ពោលគឺ មុនវៀតណាមទទួលបានកាតលឿនេះ ប្រទេសថៃ ក៏ធ្លាប់ទទួលបាន កាតលឿងនេះដែរ ខណៈដែលកម្ពុជា គឺទទួលបានកាតក្រហមតែម្ដង ហើយសហភាពអឺរ៉ុប ក៏បានបិទមិនឲ្យកម្ពុជានាំចូលផលិតផលនេសាទសមុទ្រទៅអឺរ៉ុបផងដែរ។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន ធ្លាប់បានលើកឡើងថា ការពិន័យកាតក្រហមមកលើកម្ពុជានេះ គឺដោយសារតែសហភាពអឺរ៉ុបបានរកឃើញទូកនេសាទរបស់កម្ពុជាបានធ្វើការនេសាទមិនស្របច្បាប់ កាលពីពេលកន្លងទៅ។
ទោះយ៉ាងណា រាជរដ្ឋាភិបាលនឹងនៅតែបន្តជំរុញឲ្យសហភាពអឺរ៉ុប ដកកាតក្រហមចេញពីកម្ពុជា ដើម្បីបើកចំហទីផ្សារជលផលសមុទ្រកម្ពុជា សម្រាប់នាំចេញទៅកាន់អឺរ៉ុបនៅថ្ងៃអនាគត៕