លោក មែនហ្រ្វិត វេប័រ (Manfred Weber) ប្រធានអង្គការចាត់តាំងគណបក្សនយោបាយអឺរ៉ុប ដែលជាប្លុកនយោបាយដ៏ធំបំផុតនៅក្នុងសហភាពអឺរ៉ុប បានប្រកាសថា អឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចសម្រាប់យុទ្ធនាការជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិន។ លោកបានអះអាងថា អឺរ៉ុប កំពុងឈានចូលទៅក្នុងដំណាក់កាល នៃជម្លោះពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ហើយស្ថានភាពនេះអាចធូរស្រាលទៅបាន លុះត្រាតែភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងរួមមួយ ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មដ៏ធំធេង នៅត្រឹមរដូវស្លឹកឈើជ្រុះខាងមុខ។
ជាមួយគ្នានេះ លោក ម៉ារ៉ូស សេហ្វកូវិច (Maros Sefcovic) ស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ក៏បានគូសបញ្ជាក់ផងដែរថា ទីក្រុងព្រុចសែលមានគោលដៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងជាមួយចិនយ៉ាងយូរបំផុតត្រឹមខែតុលា ខាងមុខ។ ការប្រកាសដាក់កំហិតនៅពេលនេះ ធ្វើឡើងចំពេលដែលអឺរ៉ុប មានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញបញ្ហាសមត្ថភាពផលិតលើសតម្រូវការរបស់ឧស្សាហកម្មចិន ដែលកំពុងវាយលុក និងបំផ្លាញខ្សែច្រវាក់ផលិតកម្មក្នុងស្រុករបស់អឺរ៉ុប ដែលកំពុងជួបការលំបាកស្រាប់។
លោក សេហ្វកូវិច បានសង្កត់ធ្ងន់ថា អឺរ៉ុបត្រូវការផ្លាស់ប្តូរវិធីសាស្ត្រក្នុងការទាក់ទងជាមួយចិន ដោយបង្កើតឱ្យមានទីលានប្រកួតប្រជែងដោយស្មើភាព ព្រោះនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដាច់ខាតមិនត្រូវមានការទម្លាក់លុយឧបត្ថម្ភធនពីរដ្ឋាភិបាល ដើម្បីបង្ខូចតម្លៃទីផ្សារនោះឡើយ។
ផ្អែកតាមទិន្នន័យផ្លូវការរបស់ Eurostat កាលពីឆ្នាំ២០២៥ កន្លងទៅ សហភាពអឺរ៉ុបមានឱនភាពពាណិជ្ជកម្មជាមួយចិនរហូតដល់ទៅជិត៤១០ពាន់លានដុល្លារ ក្នុងនោះចិនបាននាំទំនិញចូលមកទីផ្សារអឺរ៉ុបមានតម្លៃរហូតដល់ទៅជិត៦៣៧ពាន់លានដុល្លារ ខណៈដែលអឺរ៉ុបអាចនាំចេញទៅចិនវិញបានត្រឹមតែជាង២២៧ពាន់លានដុល្លារប៉ុណ្ណោះ។ តាមរយៈអតុល្យភាពពាណិជ្ជកម្មនេះទើបជំរុញឱ្យសហភាពអឺរ៉ុបលែងអង្គុយឱបដៃឈរមើល ហើយកំពុងតែបង្កើតយន្តការការពារផលិតផលផ្ទៃក្នុងរបស់ខ្លួន៕
ដោយៈ សរ សុជាតិ