វិស័យពាណិជ្ជកម្ម

អ្នកជំនាញព្រមានថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់តំបន់អឺរ៉ុបនឹងរងការគំរាមកំហែង បើជម្លោះនៅសមុទ្រក្រហមបន្តអូសបន្លាយ


ចរន្តពាណិជ្ជកម្មអន្តរជាតិ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងការទាញយកចំណូលតាមរយៈការនាំចេញផលិតផលយុទ្ធសាស្ត្រដូចជាសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កសិផល និងអង្ករទៅកាន់ទីផ្សារពិភពលោក។ យ៉ាងណាមិញការផ្ទុះឡើងនៃសង្គ្រាមនៅមជ្ឈិមបូព៌ា និងការកើនឡើងកម្ដៅសន្តិសុខតាមផ្លូវទឹកសំខាន់ៗ កំពុងធ្វើឱ្យមានក្តីបារម្ភដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលយ៉ាងខ្លាំង។ តើការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅកាន់តំបន់អឺរ៉ុប អាចនឹងជួបព្យុះភ្លៀង និងសម្ពាធថ្លៃដើមទេ ខណៈភ្លើងសង្គ្រាមកំពុងរាលដាលដល់សមុទ្រក្រហម និងតំបន់សមុទ្រកាសព្យែន?
វិស័យពាណិជ្ជកម្ម
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ពាណិជ្ជកម្មរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ ខណៈការរាលដាលសង្រ្គាមនៅមជ្ឈិមបូព៌ាដល់សមុទ្រក្រហម និងសមុទ្រកាសព្យែន ក៏អាចប៉ះពាល់ដោយប្រយោលមកលើវិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើវិបត្តិទាំងនេះនៅតែបន្តអូសបន្លាយពេលយូរ នោះនឹងធ្វើឱ្យការដឹកជញ្ជូនអន្តរជាតិមានការឡើងថ្លៃ ដោយសារមធ្យោបាយដឹកជញ្ជូននានាត្រូវបើកផ្លូវវាងក្នុងចម្ងាយឆ្ងាយ និងចំណាយពេលយូរ ដើម្បីចៀសវាងការប៉ះទង្គិច។

ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានកត់សម្គាល់ឃើញថា នាវាដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់អឺរ៉ុបកំពុងរងផលប៉ះពាល់ និងការគំរាមកំហែងផ្ទាល់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ដរាបណាស្ថានការណ៍នៅច្រកសមុទ្រក្រហមមិនទាន់មានស្ថិរភាព ចង់ ឬមិនចង់ វានឹងរុញច្រានថ្លៃដើមដឹកជញ្ជូនឱ្យកើនឡើង ដែលបង្កជាសម្ពាធដល់ទំនិញនាំចេញរបស់កម្ពុជាជាច្រើនមុខ ដែលចាំបាច់ត្រូវឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះ។

បើតាមការគូសបញ្ជាក់របស់ឧកញ៉ា ស៊ិន ចន្ធី ជាទូទៅការដឹកជញ្ជូនទំនិញពីបណ្តាប្រទេសនៅតំបន់អាស៊ីរួមទាំងកម្ពុជាទៅកាន់ទ្វីបអឺរ៉ុបត្រូវពឹងផ្អែកលើច្រកយុទ្ធសាស្ត្រស្នូល ចំនួន៣រួមមានច្រកសមុទ្រអេឌែន, សមុទ្រក្រហម និងព្រែកជីកស៊ុយអេ ខណៈដែលតំបន់សមុទ្រកាសព្យែនមិនមែនជាច្រកផ្លូវទឹកចម្បងសម្រាប់ខ្សែចង្វាក់ដឹកជញ្ជូនមកកាន់អឺរ៉ុបនោះឡើយ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ស្រូវជាង២០ម៉ឺនហិកតារងការវាយប្រហារពីបាតុភូតអែលនីណូ ខណៈកសិករ និងអ្នកជំនាញស្នើឱ្យរដ្ឋាភិបាលបង្កើនការសាងសង់ប្រព័ន្ធធារាសាស្ត្រ

បាតុភូតអែលនីណូ កំពុងបង្កការគំរាមកំហែងដល់ការបង្កបង្កើនផលរបស់កសិករខ្មែរ ដោយកំពុងធ្វើឱ្យដីស្រែក្នុងខេត្តជាច្រើនប្រេះហួតហែង និងធ្វើឱ្យដំណាំស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ