ធនាគារកណ្តាលអឺរ៉ុប (ECB) បានបន្ធូរបន្ថយគោលនយោបាយរបស់ខ្លួនជាបន្តបន្ទាប់ ខណៈដែលការព្រួយបារម្ភពីអតិផរណាបានធូរស្រាលច្រើន ហើយការជជែកដេញដោលនៅពេលនេះបានងាកទៅផ្ដោតលើថា តើធនាគារកណ្តាលអឺរ៉ុប បញ្ចុះអត្រាការប្រាក់លឿនគ្រប់គ្រាន់ ដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ចអឺរ៉ុបដែលមានសម្ទុះយឺតជាងបណ្ដាប្រទេសជាដៃគូទូទាំងពិភពលោកហើយនៅ។
ដោយមានការព្យាករថាអតិផរណានឹងត្រលប់ទៅរកអត្រាគោលដៅ២%របស់ខ្លួនវិញនៅដើមឆ្នាំ២០២៥ ហើយកំណើនសេដ្ឋកិច្ចនឹងនៅតែមានសន្ទុះយឺតនោះ ធនាគារកណ្ដាលអឺរ៉ុប ក៏បានបញ្ចុះអត្រាការប្រាក់របស់ខ្លួនលើប្រាក់បញ្ញពីរង្វង់៣,២៥%មកនៅត្រឹម៣%ដូចការរំពឹងទុក។ ធនាគារកណ្ដាលអឺរ៉ុប ក៏បានធ្វើវិសោធនកម្មគោលការណ៍ណែនាំរបស់ខ្លួនផងដែរ ដែលនេះជាការឱ្យតម្រុយថា ធនាគារកណ្ដាលអឺរ៉ុបអាចនឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅពេលដ៏ខ្លីខាងមុខ។
ប្រធានធនាគារកណ្ដាលអឺរ៉ុបលោកស្រី គ្រីស្ទីន ហ្គាឡាដ (Christine Lagarde) បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា ការកាត់បន្ថយអតិផរណាកំពុងដំណើរការយ៉ាងល្អ ហើយព្យាករថា អតិផរណានឹងឈានដល់អត្រាគោលដៅ២% នៅត្រឹមឆ្នាំ២០២៥។
ទន្ទឹមនេះ ធនាគារជាតិស្វីស (SNB) បានលើកឡើងថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រួមទាំងគោលនយោបាយពាណិជ្ជកម្មដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ផង អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប ធ្លាក់ចុះ ខណៈដែលអឺរ៉ុប ក៏កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកនយោបាយ៕
ដោយ: តែម សុខុម