អត្រាការប្រាក់

ធនាគារកណ្ដាលអឺរ៉ុបគ្មានផែនការកាត់បន្ថយអត្រាការប្រាក់ ទោះអតិផរណាមានការធ្លាក់ចុះ


ធនាគារកណ្តាលអ៊ឺរ៉ុប(ECB) កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលនូវក្ដីសង្ឃឹមពីការកាត់បន្ថយ អត្រាការប្រាក់នៅក្នុងកិច្ចពិភាក្សាឆាប់ៗនេះ ដោយធនាគារនេះបានបញ្ជាក់ជាថ្មីថា ការចំណាយលើប្រាក់កម្ចីនឹងនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ដដែល បើទោះជាមានការរំពឹងទុកថា កម្រិតអតិផរណានឹងធ្លាក់ចុះយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អត្រាការប្រាក់
ដោយ

ធនាគារកណ្តាលរបស់តំបន់ចាយប្រាក់អឺរ៉ូ បានបន្តរក្សាការចំណាយលើប្រាក់កម្ចីឱ្យនៅដដែល ក្នុងកម្រិតចន្លោះពី៤.៤៥%ទៅ៤.៧៥% ហើយអត្រាការប្រាក់បញ្ញើក្នុងកម្រិតអតិបរមា៤% ហើយធនាគារនេះក៏មិនបានបង្ហាញសញ្ញាណាមួយពីលទ្ធភាពនៃការកាត់បន្ថយនោះដែរ ប៉ុន្តែប្រធានធនាគារកណ្តាលអឺរ៉ុប(ECB) គឺលោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) បានបញ្ជាក់ថា អតិផរណានឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ ហើយសម្ពាធតម្លៃនឹងនៅតែរឹងមាំនៅឡើយ។

លោកស្រី ឡាហ្គាដ បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីការសម្រេចចិត្តនេះថា តើពួកគេគួរតែបន្ថយការការពាររបស់ពួកគេដែរឬទេ? ហើយបន្ទាប់មកលោកស្រីបានបញ្ជាក់ថា ពួកគេពិតជាមិនគួរបន្ថយការការពារបស់ពួកគេនោះឡើយ ពោលគឺពួកគេមិនបានពិភាក្សាពីការកាត់បន្ថយអត្រាការប្រាក់ទាល់តែសោះ ហើយក៏គ្មានការពិភាក្សា ឬការជជែកវែកញែកណាមួយពីបញ្ហានេះដែរ។

លោកស្រី ឡាហ្គាដ បានទទួលស្គាល់ថា សម្ពាធតម្លៃមូលដ្ឋានបានធូរស្រាលក៏ពិតមែន ប៉ុន្តែលោកស្រីបាននិយាយថា អតិផរណាកើនខ្ពស់ដែលភាគច្រើនដោយសារការមិនដំឡើងប្រាក់ឈ្នួលនៅប្រទេសចាយប្រាក់អឺរ៉ូទាំង២០នោះ គឺមិនធ្លាក់ចុះដោយងាយៗនោះទេ។

ការបញ្ជាក់របស់លោកស្រី ឡាហ្កាដ អំពីការសម្រេចចិត្តរបស់ធនាគារ ECB នេះ បានធ្វើឡើងចំពេលក្រុមវិនិយោគិនកំពុងរំពឹងទុកថា ធនាគារនេះនឹងធ្វើកិច្ចប្រជុំមួយដែលបង្ហាញពីការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងនៅនិទាឃរដូវឆាប់បំផុតនៅក្នុងរង្វង់ខែមីនា ដែលអាចនឹងធ្វើឱ្យធនាគារ ECB ក្លាយជាធនាគារកណ្តាលដ៏ធំបំផុតដំបូងគេក្នុងការផ្លាស់ប្តូរទិសដៅបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយអតិផរណាចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។

ការគូសបញ្ជាក់របស់លោកស្រី ឡាហ្កាដ នេះគឺផ្ទុយស្រឡះទៅនឹងសារដ៏សំខាន់របស់លោក ជេរ៉ូម ផៅវែល ប្រធានធនាគារកណ្តាលអាម៉េរិក ដែលបានផ្ដល់សញ្ញានៅថ្ងៃពុធ ទី១៣ ខែធ្នូថា ការបន្ថយចំណាយលើប្រាក់កម្ចីនឹងមាននៅឆ្នាំក្រោយដោយក្រុមអ្នកបង្កើតគោលនយោបាយអាមេរិកនឹងបង្ហាញពីការកាត់បន្ថយចំនួនបីនៅពេលនោះ។ បន្ទាប់ពីធនាគារ ECB បានសម្រេចចិត្តបែបនេះហើយ ក្រុមពាណិជ្ជករបានកាត់បន្ថយក្ដីរំពឹងរបស់ពួកគេចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារនេះ ដោយឥឡូវនេះពួកគេរំពឹងថា នឹងចាប់ផ្ដើមកាត់បន្ថយនៅខែមេសា ហើយអាចកាត់បន្ថយសរុប១.៤%នៅឆ្នាំក្រោយ ខណៈកាលពីព្រឹកថ្ងៃព្រហស្បតិ៍ពួកគេរំពឹងថា នឹងអាចកាត់បន្ថយ១.៦%។

ទោះយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចមួយចំនួនតូចដែលត្រូវបានស្ទង់មតិដោយសារព័ត៌មានរ៉យទ័រនៅមុនពេលកិច្ចប្រជុំខាងមុខរបស់ធនាគារ ECB បានគិតថា ការកាត់បន្ថយអត្រាការប្រាក់ដំបូងរបស់ធនាគារនេះអាចនឹងចាប់ផ្ដើមធ្វើនៅក្នុងខែមិថុនា ឆ្នាំក្រោយ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


សភាអាម៉េរិកអនុម័តច្បាប់គោលនយោបាយការពារជាតិសម្រាប់ឆ្នាំ២០២៤ ជាង៨រយពាន់លានដុល្លារ ដើម្បីឱ្យលោក ចូ បៃដិន ចុះហត្ថលេខា

សភាតំណាងរាស្រ្តអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសំឡេងជាងពីរភាគបី បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិថ្មី សម្រាប់ឆ្នាំ២…

រដ្ឋមន្ត្រីរតនាគារអាម៉េរិកជំរុញឱ្យមហាយក្សចិនងាកចេញពីគោលនយោបាយសេដ្ឋកិច្ច ដែលជំរុញដោយរដ្ឋ

រដ្ឋមន្ត្រីរតនាគារអាម៉េរិក លោកស្រី Janet Yellen កាលពីថ្ងៃទី១៤ ខែធ្នូ បានជំរុញឱ្យមហាយក្សចិនងាកចេញពីគោលនយោបាយសេដ្ឋកិច្ច ដែលជំរុញដោយរដ្ឋ ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ