វិស័យធនាគារ

ប្រធានធនាគារកណ្តាលអឺរ៉ុបអះអាងថា អត្រាការប្រាក់អាចកាត់បន្ថយនៅរដូវក្តៅខាងមុខ


លោកស្រី គ្រីស្ទីន ឡាហ្គាត ប្រធានធនាគារកណ្តាលអឺរ៉ុប បានប្រាប់ក្រុមមេដឹកនាំសេដ្ឋកិច្ចពិភពលោកនៅកិច្ចពិភាក្សាមួយនទីក្រុងដាវូស ប្រទេសស្វីស ថា ការកាត់បន្ថយអត្រាការប្រាក់អាចនឹងកើតមាននៅរដូវក្តៅខាងមុខនេះ។ យ៉ាងណាក៏ដោយលោកស្រីអះអាងថា នៅពេលនេះ ធនាគារកណ្តាលអឺរ៉ុបនៅតែបន្តតាមដានស្ថានភាពសេដ្ឋកិច្ច ដើម្បីធានាឲ្យប្រាកដនៅលើចីរភាពនៃការសម្រេចចិត្ត។
វិស័យធនាគារ
ដោយ

ប្រធានធនាគារកណ្តាលអ៊ឺរ៉ុប លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) បានបង្ហាញនូវការជឿជាក់របស់លោកស្រីថា ការកាត់បន្ថយអត្រាការប្រាក់អាចនឹងមាននៅលើតុនៅរដូវក្ដៅ ហើយនៅពេលនេះអ្នកជំនាញកំពុងតែតាមដានស្ថិតិ ដើម្បីធានាឲ្យប្រាកដថា ការសម្រេចចិត្តនោះនឹងមានចីរភាព​។

អ្នកជំនាញហិរញ្ញវត្ថុរូបនេះទទួលស្គាល់ថា អត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប គឺពិតជាបានឡើងដល់ចំណុចកំពូលប្រាកដមែន ដោយសារតែភាពមិនប្រាកដប្រជា ដែលកំពុងបន្ត និងនៅតែជាសូចនាករ ដែលមិនទាន់បានកំណត់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាថាមពល និង អតិផរណាផ្សេងៗ។

បើតាមស្ថិតិដែលគេបានកត់ត្រា អត្រាអតិផរណានៅក្នុងចំណោមប្រទេស ដែលកំពុងតែចាយប្រាក់អឺរ៉ូ គឺឡើងពី២,៤% នៅក្នុងខែវិច្ឆិកា រហូតដល់២,៩ %នៅក្នុងខែធ្នូ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កំណត់ត្រានេះ គឺនៅតែទាបបើធៀបនឹងស្ថិតិដែលគេកត់ត្រានៅក្នុងរង្វង់២ឆ្នាំមកនេះ។

អត្រាអតិផរណានៅអឺរ៉ុបបានឡើងខ្ពស់កប់ពពក ពោលគឺលើសពី១០% កាលពីខែតុលា ឆ្នាំ២០២២ ប៉ុន្តែបានចុះសន្សឹម​ៗមកវិញមកដល់ក្រោម៣% នៅចុងឆ្នាំ២០២៣។

ជុំវិញមូលហេតុដែលធនាគារកណ្តាលអឺរ៉ុបមិនព្រមសម្រេចចិត្តភ្លាមៗអំពីការបញ្ចុះអត្រាការប្រាក់នេះ លោកស្រី គ្រីស្ទីន ឡាហ្គាត បានលើកឡើងថា សូមកុំមានទស្សនៈសុទិដ្ឋិនិយមពេកនឹងស្ថិតិធ្លាក់ចុះនៃអត្រាអតិផរណា ទោះជានៅពេលនេះ ធនាគារកណ្តាលអឺរ៉ុបបានមើលឃើញថា អឺរ៉ុបកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅបញ្ចុះអតិផរណាត្រឹម២% ក៏ដោយ។

យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមថា អឺរ៉ុបនឹងដើរដល់ចំណុចដែលខ្លួនបានដាក់ការរំពឹងទុក និងអាចទាញទម្លាក់អត្រាអតិផរណាមកនៅត្រឹម២%នៅឆ្នាំ២០២៥ ប៉ុន្តែពេលខ្លះស្ថានការណ៍វាប្រែប្រួល។

លោកស្រីបានបន្តថា ធនាគារកណ្តាលអឺរ៉ុបកំពុងតាមដានយ៉ាងដិតដល់នូវសូចនាករសេដ្ឋកិច្ចមួយចំនួន រួមទាំងប្រាក់ឈ្នួល ប្រាក់ចំណេញ តម្លៃថាមពល ទីផ្សារការងារ និងសក្ដានុពលនៃខ្សែច្រវាក់ផ្គត់ផ្គង់ជាដើម។ នៅពេលនេះស្ថិតិបានបង្ហាញថា អត្រាការប្រាក់របស់ស្ថាប័នហិរញ្ញវត្ថុនៅក្នុងតំបន់ចាយលុយអឺរ៉ូ គឺនៅក្នុងរង្វង់៤,៥%៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើរូបិយប័ណ្ណប្រទេសណាខ្លះ ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៤?

រូបិយបណ្ណរបស់ប្រទេសធំៗចំនួន៥ បានជាប់ឈ្មោះជារូបិយបណ្ណដែលមានឥទ្ធិពលខ្លាំងបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០២៤។ រូបិយបណ្ណរបស់ប្រទេសទាំងនោះត្រូវ…

ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សពេញដោយភាពច្នៃប្រឌិតនៅកន្លែងការងារ

ធនាគារ ព្រីនស៍ ជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ