យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ក្រុមហ៊ុន Evergrande និងលោក ហួយ ខា យ៉ាន (Hui Ka Yan) ដែលជាស្ថាបនិក និងជាអគ្គនាយករបស់ក្រុមហ៊ុននេះ ត្រូវបានចោទប្រកាន់ពីបទបំប៉ោងតួលេខប្រាក់ចំណូល៧៨ពាន់លានដុល្លារអាម៉េរិក ហើយជាលទ្ធផល និយ័តករទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន បានពិន័យក្រុមហ៊ុនមានមូលដ្ឋាននៅចិនដីគោក ហឹងតា រៀល អ៊ីស្ទេត (Hengda Real Estate) ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande ក្នុងទំហំទឹកប្រាក់ជាង៥៨៣លានដុល្លារអាម៉េរិក។
ទន្ទឹមនេះ លោក ហួយ ខា យ៉ាន (Hui Ka Yan) ស្ថាបនិកក្រុមហ៊ុន Evergrande ដែលកំពុងជាប់ផុងក្នុងបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាម៉េរិក ក៏ប្រឈមមុខនឹងបម្រាមមួយជីវិតពីទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិនផងដែរ។ កាលពីខែមករា ដើមឆ្នាំ២០២៤ ក្រុមហ៊ុន Evergrande ត្រូវបានតុលាការក្រុងហុងកុង ចេញសាលដីការបង្គាប់ឱ្យរម្លាយចោល និងលក់ឡាយឡុងទ្រព្យសកម្មរបស់ខ្លួនដើម្បីទូទាត់សងបំណុល។
គណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) បានចោទប្រកាន់លោក ហួយ ខា យ៉ាន (Hui Ka Yan) ដែលធ្លាប់ជាកំពូលមហាសេដ្ឋីមានបំផុតប្រចាំប្រទេសចិន ថាបានណែនាំឱ្យបុគ្គលិកក្រោមឱវាទបំប៉ោងតួលេខប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ហឹងតា រៀល អ៊ីស្ទេត (Hengda Real Estate) ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
យោងតាមឯកសាររបស់ក្រុមហ៊ុននេះផ្ញើទៅកាន់ផ្សារហ៊ុនក្រុងស៊ិនជិន (Shenzhen) និងក្រុងសៀងហៃ បង្ហាញថា លោក ហួយ ខា យ៉ាន (Hui Ka Yan) ក៏ត្រូវបានពិន័យជាប្រាក់ចំនួន៦,៥លានដុល្លារអាម៉េរិកផងដែរ។ ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុន Evergrande មិនបានឆ្លើយនោះទេ ពេលសារព័ត៌មាន BBC ទាក់ទងទៅ ដើម្បីសុំឱ្យឆ្លើយបំភ្លឺជុំវិញរឿងនេះ។
កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក ហួយ ខា យ៉ាន (Hui Ka Yan) ត្រូវបានដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិស ខណៈដែលលោកត្រូវបានស៊ើបអង្កេតលើការសង្ស័យថា បានប្រព្រឹត្តអំពើខុសច្បាប់។ ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីគណៈកម្មាធិការនិយ័តកម្មមូលបត្រចិន(CSRC) បានប្តេជ្ញាបង្ក្រាបការក្លែងបន្លំកឹបកេងមូលបត្រ និងការពារអ្នកវិនិយោគតូចៗស្លូតត្រង់ដែលគ្មានខ្នងបង្អែក៕
ដោយ: តែម សុខុម