ថ្លែងក្នុងសន្និសីទ និងពិព័រណ៍ ឌីជីថលកម្ពុជា ២០២០ នាពេលថ្មីៗនេះ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា តម្រូវការវិស័យឌីជីថល សម្រាប់យុវជន ត្រូវបានគេមើលឃើញថា គឺមានកំណើនយ៉ាងខ្លាំងក្នុងតំបន់អាស៊ាននេះ ហើយក្នុងនោះដែរ យុវជនកម្ពុជាក៏ត្រូវមានការត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីចាប់យកនូវនវានរវត្តន៍ក្នុងយុគ្គសម័យឌីជីថលនេះ ដើម្បីអាចទាញជាប្រយោជន៍បានកាន់តែច្រើន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម កាន ច័ន្ទមេត្តា បានបន្ថែមទៀតថា ចាប់ពីឆ្នាំ២០២០តទៅនេះ វិស័យឌីជីថល ក៏ដូចជាឧបករណ៍ឌីជីថល នឹងបង្កនូវលទ្ធភាពជាប្រយោជន៍កាន់តែខ្លាំងឡើង ក្នុងការប្រើប្រាស់លើការអភិវឌ្ឍវិស័យជាច្រើន ដោយបច្ចុប្បន្ន គេសង្កេតឃើញថា ឧបករណ៍ឌីជីថល ត្រូវបានប្រើប្រាស់ជាប្រយោជន៍គួរឲ្យកត់សម្គាល់នៅក្នុងវិស័យមួយចំនួនដូចជា សុខាភិបាល, កសិកម្ម, បច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យមួយចំនួនទៀត។
ដោយមើលឃើញពីសក្ដានុពល និងអត្ថប្រយោជន៍នៃវិស័យឌីជីថលនេះ វិទ្យាស្ថានជាតិ NIPTICT បានប្រកាសនឹងបន្តរៀបចំព្រឹត្តិការណ៍ពីព័រណ៍ ឌីជីថលកម្ពុជា ឆ្នាំ២០២០ នៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ ដោយព្រឹត្តិការណ៍នេះ មានការគាំទ្រដោយក្រសួងចំនួន៦ និងដៃគូរសហការជាក្រុមហ៊ុនឯកជនជាច្រើនទៀតផងដែរ។
ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍ Digital Cambodia 2020 នេះ គឺជាលើកទី២ហើយដែលវិទ្យាស្ថានជាតិ NIPTICT ធ្វើជាម្ចាស់ព្រឹត្តិការណ៍។ Digital Cambodia 2020 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ Digital Talents។ ឯកឧត្តម សេង សុខភាពជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាមួយដែលប្រមូលផ្តុំយុវជនឱ្យមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ផងដែរថា Digital Cambodia 2020 នឹងមានការចូលរួមពីរដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន និងវាគ្មិនដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រមាណ ១២០ រូប ខណៈព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ គេរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៣ម៉ឺននាក់ផងដែរ៕