លោកឧកញ៉ា សៀ ប្ញទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលប្រ៊ីដ គ្រុប បានគូសបញ្ជាក់ថា សម្រាប់អ្នកវិនិយោគខេត្តព្រះសីហនុពិតណាស់ នឹងវិញមករកសភាពដើមវិញ ដោយនឹងត្រូវចំណាយពេលវេលាមិនលើសពី៣ឆ្នាំទៀតនោះឡើយ។ ទន្ទឹមនឹងនេះដែរ អ្នកវិនិយោគក៏គួរតែចាប់យកឱកាសដើម្បីធ្វើការវិនិយោគក្នុងខេត្តសក្តានុពលសេដ្ឋកិច្ចមួយនេះ ឲ្យទាន់ពេលវេលា ជៀសវាងការស្តាយក្រោយនៅពេលខាងមុខ។
លោកឧកញ៉ា សៀ ឫទ្ធី គូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំលើកឧទាហរណ៍ ដូចជាខ្ញុំកន្លងមកខ្ញុំចង់ទិញដីនៅនោះ (ខេត្តព្រះសីហនុ) ដើម្បីធ្វើអគារ សម្រាប់របរទទួលខ្ញុំ ខ្ញុំអត់មានឱកាសទេ! ពីព្រោះដីវាឡើងអស់ហើយ។ ប៉ុន្ដែ ពេលនេះ ជាឱកាសរបស់ខ្ញុំ។ ចឹងអ្នកវិនិយោគ គេចេះឆ្លៀតឱកាសណាស់ក្នុងការបង្កើត គ្រាន់តែយើងត្រូវមើលទៅលើអ្វីទៅជាគោលនយោបាយរបស់រដ្ឋាភិបាល។ ហ្នឹង! អ្នកវិនិយោគគេសម្លឹងធំនៅលើអាហ្នឹងទេ! ទី២គឺទីផ្សារ បើមានគោលនយោបាយល្អហើយ តើខ្ញុំបង្កើតទីផ្សារសម្រាប់ក្នុងស្រុក ឬក្រៅស្រុក? យើងត្រូវសិក្សាឲ្យច្បាស់!»។
លោកឧកញ៉ា សៀ ឫទ្ធី បានសង្កតធ្ងន់ទៀតថា នៅពេលនេះ អ្នកដែលមានបំណងវិនិយោគនៅក្នុងខេត្តព្រះសីហនុត្រូវគិតគូរឲ្យបានច្បាស់។ លោក ឧកញ៉ា បញ្ជាក់ថា «ពេលនេះវាមានបញ្ហា តែជាឱកាស» ។
ទន្ទឹមនឹងនេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុបានក្លាយជាទិសដៅដ៏មានប្រជាប្រិយបំផុត សម្រាប់អ្នកវិនិយោគ និងជាតំបន់មួយដែលត្រូវបានគេមើលឃើញថា មានការកើនឡើងខ្លាំងនៃការវិនិយោគ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ហើយក៏នឹងបន្តរីកចម្រើនថែមទៀតក្រោយពីវិបត្តិកូវីដ-១៩ផុតរលត់ទៅ។
សូមជម្រាបថា បើតាមរដ្ឋបាលខេត្តព្រះសីហនុក្នុងរយៈពេល ៤ ឆ្នាំ ចុងក្រោយមកនេះ ទុនវិនិយោគលើវិស័យសំណង់ក្នុងខេត្តព្រះសីហនុ ត្រូវបានរាយការណ៍ថា មានចំនួនកើនឡើងរហូតដល់ជាង ៧ ពាន់លានដុល្លារ គិតមកដល់ត្រឹមឆមាសទី១ ឆ្នាំ២០២០ ជាមួយនឹងគម្រោងសាងសង់សរុបរហូតដល់ជាង ១ពាន់គម្រោង៕