សារព័ត៌មាន Bloomberg បានរាយការណ៍ថា អ្នកវិភាគម៉ាក្រូសេដ្ឋកិច្ចមួយចំនួននៅតែមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាម៉េរិកនឹងសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆ្នាំនេះ ប៉ុន្តែទំនងជាមិនអាចកើតឡើងនៅក្នុងកិច្ចប្រជុំពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា នាសប្តាហ៍ក្រោយនេះនោះទេ។
ដើម្បីរក្សានិរន្តភាពសេដ្ឋកិច្ច ក្រោយអត្រាអតិផរណាបានផ្ទុះឡើង ធនាគារកណ្តាលអាម៉េរិក បានសម្រេចតម្លើងអត្រាការប្រាក់ពី៥,២៥%ទៅ៥,៥% ជាមួយការប្រុងប្រយ័ត្នជានិច្ចតាំងតែពីខែកក្កដា ឆ្នាំ២០២៣។ ដោយសារកម្រិតអតិផរណានៅត្រីមាសទី៣នៃឆ្នាំ២០២៣ មានស្ថានភាពប្រសើរ ធនាគារកណ្តាលអាម៉េរិកបានអះអាងថា នេះជាសញ្ញាវិជ្ជមាន ហើយខ្លួននឹងកាត់បន្ថយអត្រាការប្រាក់វិញប្រសិនបើអតិផរណាធ្លាក់ចុះមកនៅត្រឹម២%។
អ្នកឃ្លាំមើលការសម្រេចចិត្តរបស់ធនាគារកណ្តាលអាម៉េរិក បានឲ្យដឹងថា ការសម្រេចចិត្តក្នុងការកាត់បន្ថយអត្រាការប្រាក់នឹងកើតមាននៅក្នុងឆ្នាំនេះ ពោលគឺនៅក្នុងរង្វង់ខែកញ្ញា ពីព្រោះអាម៉េរិកត្រូវរៀបចំការបោះឆ្នោតនៅក្នុងខែវិច្ឆិកា។
លោក ណែល កាសខារី (Neel Kashkari) អ្នកសេដ្ឋកិច្ចវិទូ១រូបបាននិយាយថា ការស្ទង់មតិមួយដែលគេបានធ្វើជាមួយនឹងអ្នកសេដ្ឋកិច្ចចំនួន៤៣រូប ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា បានឲ្យដឹងថា ភាគច្រើននៃអ្នកដែលបានចូលរួមនៅក្នុងការអង្កេតនោះបាននិយាយថា ការសម្រេចចិត្តក្នុងការកាត់បន្ថយអត្រាការប្រាក់តាមនិន្នាការអតិផរណា វាប្រសើរជាងការកាត់បន្ថយដោយប្រថុយប្រថាន ដែលនាំឲ្យប៉ះពាល់ដល់ទីផ្សារការងារ ឬវិបត្តិសេដ្ឋកិច្ច។
លោកបានអះអាងថា មេដឹកនាំធនាគារកណ្តាលអាម៉េរិក នឹងមិនប្រញាប់ប្រញាល់កាត់បន្ថយអត្រាការប្រាក់ឡើយ ពីព្រោះអត្រាអតិផរណាកាលពីខែមេសា ឡើងដល់២,៧% ខណៈដែលធនាគារកណ្តាលអាម៉េរិកយកមូលដ្ឋាននៃការសម្រេចចិត្តត្រឹម២%។
ដោយឡែកលោក គ្រីស្តូហ្វ័ វល័ (Christopher Waller) អ្នកសេដ្ឋកិច្ចវិទូ១រូបទៀតបានព្យាករថា ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិកទំនងជាអាចធ្វើឡើងនៅចុងឆ្នាំនេះ៕
ដោយៈ សរ សុជាតិ