យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News នៅថ្ងៃទី២៧ ខែវិច្ឆិកា លោក ដាំង ភុក ង្វៀន (Đặng Phúc Nguyên) អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាមបានបង្ហាញថា ការនាំចេញបន្លែ និងផ្លែឈើក្នុងខែវិច្ឆិកា ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃជាង៩០០លានដុល្លារ។ តួលេខនេះថយចុះជិត១០% បើធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងរហូតដល់៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ដោយឡែកការនាំចូលវិញមានទំហំជាង៣ពាន់លានដុល្លារ កើនឡើងជាង៣២%។
បើក្រឡេកមើលទីផ្សារនាំចេញសំខាន់ៗ ប្រទេសចិននៅតែជាអតិថិជនធំជាងគេបំផុត បន្ទាប់មកគឺសហរដ្ឋអាម៉េរិក ជប៉ុន កូរ៉េខាងត្បូង និងហូឡង់ ខណៈកម្ពុជាក៏ជាទីផ្សារធំមួយរបស់វៀតណាមផងដែរ។ គិតចាប់ពីខែមករា ដល់ខែតុលា ការនាំចេញទៅទីផ្សារចិនកើនឡើង២០%ដល់ជាង៥ពាន់លានដុល្លារ ខណៈសហរដ្ឋអាម៉េរិកមានជាង៥៥៦លានដុល្លារ កើនឡើង២២% និងប្រទេសជប៉ុនមានជាង២៩៤លានដុល្លារកើនឡើង ១២%។
ក្នុងចំណោមផលិតផលនាំចេញទាំងអស់«ទុរេន»នៅតែជាស្តេចផ្លែឈើដែលរកចំណូលបានច្រើនជាងគេ ដោយត្រឹមរយៈពេល ៩ខែឆ្នាំ២០២៦ ទុរេនបាននាំចំណូលចូលវៀតណាមរហូតដល់ជាង៣ពាន់លានដុល្លារ ដែលក្នុងនោះប្រមាណ៣,៣ពាន់លានដុល្លារហូរចេញពីទីផ្សារប្រទេសចិន រីឯផ្លែស្រកានាគ ចេក ដូង និងស្វាយឈរនៅលំដាប់បន្ទាប់។
មន្ត្រីនៃនាយកដ្ឋានផលិតកម្ម និងការពាររុក្ខជាតិបានគូសបញ្ជាក់ថា ទាំងទុរេនស្រស់ និងទុរេនក្លាស្សេ សុទ្ធតែកំពុងវាយលុកទីផ្សារអន្តរជាតិយ៉ាងខ្លាំង ដោយទុរេនស្រស់ត្រូវបាននាំចេញទៅកាន់២៨ប្រទេស និងទុរេនក្លាស្សេទៅកាន់ជាង២០ប្រទេស។ គួរកត់សម្គាល់ថា ចំណូលនាំចេញទុរេនរបស់វៀតណាមបានហក់ឡើងយ៉ាងគំហុកពីជិត១៧៨លានដុល្លារក្នុងឆ្នាំ២០២១ មកដល់ជិត៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលស្មើនឹង៤៥% នៃទំហំនាំចេញបន្លែផ្លែឈើសរុប។
ក្រៅពីទុរេន ផ្លែចេកក៏កំពុងលេចធ្លោខ្លាំង និងក្លាយជាចលករជំរុញកំណើននាំចេញថ្មីមួយទៀតរបស់វៀតណាមផងដែរ ដោយនៅក្នុងរយៈពេល៩ខែឆ្នាំនេះ ការនាំចេញចេករកចំណូលបានជិត៣១០លានដុល្លារកើនឡើងជិត២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈបច្ចុប្បន្នវៀតណាមមានផ្ទៃដីដាំដុះចេកសរុបប្រមាណ១៦៣,០០០ហិកតា៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស