ការនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុននឹងកាន់តែប្រសើរថែមទៀត

អ្នកជំនាញរំពឹងខ្ពស់ចំពោះការនិយោគ និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ក្រោយភាគីទាំងពីរពង្រីក ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសរួមគ្នាអំពីការឯកភាពក្នុងការពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសដែលប្រទេសទាំងពីររំឭកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន រូបភាព៖ SPM page

អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា តាមរយៈដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងជប៉ុននេះ នឹងជំរុញឲ្យការវិនិយោគ និងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានកត់សម្គាល់ដោយសេចក្តីសោមនស្សចំពោះទំនាក់ទំនងដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា-ជប៉ុន ដោយបានរំឭកអំពីដំណើរទស្សនៈកិច្ចទាំងពីរលើករបស់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនមកកាន់កម្ពុជា និងទស្សនកិច្ចទាំងពីរលើករបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំនេះ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងដ៏យូរលង់ និងបានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឯកឧត្តម គីស៊ីដា ហ្វូមីអូ ក៏បានប្រកាសរួមគ្នាអំពីការឯកភាពក្នុងការពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសដែលប្រទេសទាំងពីររំឭកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នាឆ្នាំក្រោយផងដែរ។

បើតាម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈជំនួបទេ្វភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន គឺជាឱកាសល្អមួយរបស់កម្ពុជាក្នុងការជួបពិភាក្សាគ្នាជំរុញការធ្វើពាណិជ្ជកម្មរួមគ្នា ក៏ដូចជាការជំរុញការធ្វើវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។

យ៉ាងណាមិញ ឧកញ៉ា លឹម ហេង ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន បើធៀបគ្នានឹងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-អាមេរិក នោះ គឺសុទ្ធតែជាប្រទេសដៃគូរពាណិជ្ជកម្មដ៏សំខាន់ដែលកម្ពុជាត្រូវការទាំងអស់។ បើទោះបីជាជញ្ជីងពាណិជ្ជកម្មមិនមានភាពស្មើគ្នាក្តី ក៏ប៉ុន្តែកម្ពុជាគឺសុទ្ធតែត្រូវការការដោះដូរពាណិជ្ជកម្មគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាក់ស្តែង តាមរយៈការពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នេះទៀតសោត ឧកញ៉ា លឹម ហេង ជឿជាក់ថា ការដោះដូរធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ក៏ដូចជាការរវិនិយោគផ្សេងៗទៀត នឹងមានការកើនឡើងកាន់តែល្អប្រសើរថែមទៀត លើសពីនេះ នឹងអាចឈានដល់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុនផងដែរ។

សូមបញ្ជាក់ថា នៅរយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុនសម្រេចបានទំហំទឹកប្រាក់សរុបប្រមាណ ១,៦ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន មានចំនួនប្រមាណជិត ១ពាន់លានដុល្លារអាមេរិក មានកំណើន ៧,៤% ខណៈការនាំចូលពីជប៉ុនមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៦រយលានដុល្លារ មានកំណើនជិត ២៦%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ៖ គាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»និង CamTech S…

ពាណិជ្ជកម្មកម្ពុជា-អាមេរិកត្រូវបានរំពឹងកើនឡើងបន្ថែមទៀត ខណៈនៅ១០ខែឆ្នាំនេះកើនដល់ជិត ៨ពាន់លានដុល្លារ

ជញ្ជីងពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅរយៈពេល១០ខែ ក្នុងឆ្នាំ២០២២ បានកើនដល់ជិត ៨ពាន់លានដុល្លារអាមេរិក កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ