កាលពីខែមុនមានការចោទប្រកាន់ពីការស៊ីសំណូក និងការកេងបន្លំទាក់ទងនឹងវិស័យអចលនទ្រព្យក្នុងកម្រិតលើសពី៣% នៃផលិតផលក្នុងស្រុកសរុប ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងការ បង្ក្រាបអំពើពុករលួយដ៏ធំទូលាយមួយនៅប្រទេសវៀតណាម។
ប៉ុន្តែលោក ស្តេហ្វិន ហ៊ីកហ្គីន (Stephen Higgins) នាយកប្រតិបត្តិនៅក្រុមហ៊ុនអចលនទ្រព្យ Cushman & Wakefield ប្រចាំប្រទេសវៀតណាម បាននិយាយថា ក្រុមហ៊ុនជាច្រើន ដែលផ្លាស់ប្តូរការផលិតរបស់ពួកគេចេញពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមនោះ បន្តជំរុញឱ្យមានតម្រូវការសម្រាប់សួនឧស្សាហកម្មក្នុងស្រុក ដែលនឹងពង្រីកជាងមួយភាគបីនៅកន្លែងមួយចំនួន។
ការិយាល័យស្ថិតិទូទៅបាននិយាយថា ការព្រួយបារម្ភពីបំណុល និងការធ្លាក់ចុះតម្រូវការបានរីករាលដាលពេញវិស័យអចលនទ្រព្យដោយក្រុមហ៊ុនអចលនទ្រព្យជាង១ពាន់ បានក្ស័យធនក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៣។
ប្រធានក្រុមហ៊ុន Cushman & Wakefield ប្រចាំវៀតណាម គឺលោកស្រី ត្រាង ប៊ូ (Trang Bui) បាននិយាយថា ផ្ទះគឺជាផ្នែកតែមួយគត់ដែល«ស្ងប់ស្ងាត់» ប៉ុន្តែតម្រូវការសម្រាប់កន្លែងឧស្សាហកម្ម និងការិយាល័យកំពុងកើនឡើង ហើយក្នុងនាមជាអ្នកឯកទេសខាងអចលនទ្រព្យជើងចាស់ម្នាក់ លោកស្រី ប៊ូ បានបង្ហាញទស្សនៈដ៏ភ្លឺស្វាងជាងអ្នកផ្សេងទៀតដោយបានព្យាករថា ការលក់លំនៅឋាននឹងត្រលប់មកវិញនៅឆមាសទីមួយនៃឆ្នាំ២០២៤ ខាងមុខ ដោយសារអត្រាការប្រាក់កម្ចីធ្លាក់ចុះ។
សូមរំលឹកថា កាលពីប៉ុន្មានសប្ដាហ៍មុននេះប៉ូលិសបានចាប់ខ្លួនអ្នកអភិវឌ្ឍន៍អចលនទ្រព្យម្នាក់ឈ្មោះ វ៉ាន ធីញ ផាត (Van Thinh Phat) ជាប់ចោទពីបទកឹបកេងប្រាក់ជិត១៣ពាន់លានដុល្លារ ដែលធ្វើឱ្យក្រុមអ្នកវិនិយោគបរទេសប្រុងប្រយ័ត្នយ៉ាងខ្លាំងតាំងពីមានករណីនេះមក។
លោកស្រី ប៊ូ បានប្រាប់សារព័ត៌មាននីកេអេស៊ាដោយក្ដីរំពឹងថា មន្ត្រីវៀតណាមនឹងចំណាយពេល២ឆ្នាំ ដើម្បីពិនិត្យពិច័យផ្នែកហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់អ្នកអភិវឌ្ឍន៍ ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរយៈពេលជាងមួយទសវត្សរ៍មកហើយ។
ថ្លែងនៅឯសន្និសីទសារព័ត៌មាននៅទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ លោស្រី ប៊ូ បាននិយាយថា ក្រុមវិនិយោគិនកំពុងតាមដានយ៉ាងដិតដល់ដោយចង់ឃើញថា តើរដ្ឋាភិបាលវៀតណាមនឹងដោះស្រាយស្ថានការណ៍នេះ និងកសាងទំនុកចិត្តរបស់ក្រុមវិនិយោគិនឡើងវិញដោយរបៀបណា៕
អត្ថបទ៖ សុខ ជា