អំពើពុករលួយ

តើរដ្ឋត្រូវចាត់វិធានការបែបណាដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពលើការដេញថ្លៃគម្រោងអភិវឌ្ឍន៍ នៅថ្នាក់ក្រោមជាតិ សំដៅលុបបំបាត់អំពើពុករលួយ?


ភាពមិនប្រក្រតី នៃគម្រោងដេញថ្លៃធ្វើផ្លូវ និងដំឡើងបង្គោលភ្លើងសូឡានៅឃុំមួយ នៃខេត្តកំពង់ឆ្នាំង ដែលមានតម្លៃខ្ពស់កប់ពពករហូតដល់៨លានរៀល ឬ២ពាន់ដុល្លារក្នុង១ដើម កំពុងបង្កជាចម្ងល់ និងការសង្ស័យយ៉ាងខ្លាំងពីប្រជាពលរដ្ឋជុំវិញអំពើពុករលួយ។ ជុំវិញរឿងអាស្រូវនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបញ្ជាផ្ទាល់ឱ្យអាជ្ញាធរខេត្តស្រាវជ្រាវរកឬសគល់ភ្លាមៗ ខណៈក្រុមអ្នកជំនាញចាត់ទុកបញ្ហានេះបានស្តែងឱ្យឃើញពីគម្លាតយ៉ាងធំរវាងឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការកែទម្រង់របស់ថ្នាក់ដឹកនាំ និងការអនុវត្តជាក់ស្តែងរបស់មន្ត្រីមូលដ្ឋានខិលខូចមួយចំនួន។
អំពើពុករលួយ
ដោយ

លោក ឱក សេរីសោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អ បានចាត់ទុកភាពមិនប្រក្រតី នៃគម្រោងដេញថ្លៃបង្គោលភ្លើងសូឡានៅឃុំមួយ នៃខេត្តកំពង់ឆ្នាំងដែលមានតម្លៃរហូតដល់៨លានរៀលក្នុង១ដើមនាពេលថ្មីៗនេះថា មិនមែនជាបញ្ហាថ្មី ដែលទើបតែកើតមានឡើងនោះទេ ប៉ុន្តែជាវប្បធម៌គប់គិតគ្នាជាប្រព័ន្ធរវាងក្រុមហ៊ុនដេញថ្លៃ និងអាជ្ញាធរមូលដ្ឋានមួយចំនួនជាយូរមកហើយ។ បន្ថែមលើនេះ វាបានបង្ហាញពីភាពចន្លោះប្រហោង និងគម្លាតនៃការអនុវត្តរបស់មន្រ្តីថ្នាក់មូលដ្ឋានដែលតែងកេងចំណេញលើថវិកាជាតិ និងលុយបង់ពន្ធរបស់ប្រជាពលរដ្ឋ ដែលខុសពីឆន្ទៈនយោបាយយ៉ាងម៉ឺងម៉ាត់ក្នុងការកែទម្រង់របស់រដ្ឋាភិបាល។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះយល់ថា ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធគួរបើកស៊ើបអង្កេតឱ្យបានស៊ីជម្រៅដល់ខ្សែបណ្តាញអ្នកពាក់ព័ន្ធទាំងអស់យកទៅអនុវត្តទោសទណ្ឌឱ្យធ្ងន់ធ្ងរ ដើម្បីឱ្យរាងចាល។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានចាត់ទុកភាពមិនប្រក្រតីនៃការអនុវត្តការងារលទ្ធកម្មនៅថ្នាក់មូលដ្ឋាន គឺបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿចិត្តរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត និងអ្នកបង់ពន្ធ ទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងចាត់ចែងថវិការដ្ឋ។ ដូច្នេះអ្នកជំនាញរូបនេះ អំពាវនាវឱ្យមានការស៊ីបអង្កេតឱ្យដល់ឬសគល់ និងដាក់ទោសទណ្ឌអ្នកដែលពាក់ព័ន្ធឱ្យបានធ្ងន់ធ្ងរ និងតម្លាភាព ប្រសិនបើរកឃើញកំហុសឆ្គង ឬអំពើពុករលួយមែន ដ្បិតការសម្រេចចិត្តលើគម្រោងលទ្ធកម្មថ្នាក់ក្រោមជាតិ មិនមែនធ្វើឡើងដោយឯកតោភាគីរបស់មេឃុំតែម្នាក់ឯងនោះទេ។ សម្រាប់លោកបណ្ឌិត ការដោះស្រាយបញ្ហាដោយគ្រាន់តែផ្លាស់ប្តូរតំណែង ឬលាក់បាំងកំហុស គឺមិនអាចទប់ស្កាត់អំពើពុករលួយបានឡើយ គឺមានតែការអនុវត្តច្បាប់ដោយសុចរិត និងគ្មានការលើកលែងទេ ទើបអាចកសាងជំនឿទុកចិត្តឡើងវិញ និងបង្កើតជាគំរូរាងចាលដល់មន្ត្រីដទៃទៀត។

ពាក់ព័ន្ធបញ្ហាដែលកំពុងផ្ទុះការវែកញែកដ៏ក្តៅគគុកនៅលើបណ្តាញសង្គមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងចុះពិនិត្យ និងស្រាវជ្រាវស្វែងរកឬសគល់នៃភាពមិនប្រក្រតីជុំវិញសូឡា១ដើមតម្លៃ៨លានរៀលនេះជាបន្ទាន់។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា គោលនយោបាយវិមជ្ឈការនៅថ្នាក់ក្រោមជាតិ មិនមែនប្រគល់ឱ្យតែសិទ្ធិអំណាចក្នុងការសម្រេចចិត្តនោះទេ ប៉ុន្តែត្រូវដើរទន្ទឹមគ្នាជាដាច់ខាតជាមួយនឹងការទទួលខុសត្រូវ។ ដូច្នេះអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវបង្កើនភាពស្មោះត្រង់ និងការប្រុងប្រយ័ត្ន ដើម្បីធានាថា គម្រោងនីមួយៗបម្រើផលប្រយោជន៍ពិតប្រាកដជូនប្រជាជន។

គួររំលឹកថា ករណីរៀបចំគម្រោងដេញថ្លៃបង្គោលភ្លើងសូឡា១ដើមតម្លៃរហូតដល់៨លានរៀលនេះ គឺស្ថិតនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីមានការរិះគន់យ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម អភិបាលខេត្តកំពង់ឆ្នាំង បានចាត់មន្ត្រីជំនាញឱ្យចុះស្រាវជ្រាវប្រមូលព័ត៌មានដល់ទីតាំងជាក់ស្តែង ដើម្បីប្រមូលភស្តុតាង និងចាត់វិធានការផ្លូវច្បាប់ជាបន្ត ប្រសិនបើប្រាកដជាមានអំពើពុករលួយ និងភាពមិនប្រក្រតីកើតឡើងមែននោះ៕




អត្ថបទបន្ទាប់


ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» នាចុងសប្តាហ៍នេះ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ…

សេដ្ឋកិច្ចថៃ ដើរលើផ្លូវរលាក់ដ៏ស្មុគស្មាញ ខណៈធនាគារកណ្តាលថៃ ព្រមានពីហានិភ័យថ្មីៗកើតឡើង

ធនាគារកណ្តាលថៃ បានព្រមានថា ពេលនេះ ​ប្រទេសថៃ មិនទាន់ឆ្លងផុតវិបត្តិសេដ្ឋកិច្ចនៅឡើយទេ។ ហើយហានិភ័យពីពន្ធគយរបស់សហរដ្ឋអាម៉េរិក ការបិទរោងចក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ