ប៉ុន្ដែ សម្រាប់អ្នកចិញ្ចឹមមាន់ដែលមានការចងក្រងជាបណ្ដុំ ឬសមាគមត្រឹមត្រូវវិញ ពួកគេមិនសូវប្រឈមនឹងបញ្ហាទីផ្សារខ្លាំងនោះទេ បើទោះបីជាបច្ចុប្បន្ន តម្លៃទីផ្សារមាន់សាច់មានទាបមកនៅត្រឹមជាង ៤ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈដែលតម្លៃកាលពីខែសីហាធ្លាប់មានដល់ ៦ពាន់រៀលក៏ដោយ។ ព្រោះអ្វី? ព្រោះថាកសិករដែលមានការចងក្រងជាបណ្ដុំ ឬសមាគម គេមានការកម្រិតទៅលើការចិញ្ចឹម និងបច្ចេកទេស ដើម្បីឲ្យស្របតាមតម្រូវការទីផ្សារជាក់ស្ដែង។ នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីជំនាញកសិកម្ម។
ទីផ្សារមាន់សាច់កំពុងប្រឈមបញ្ហាធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ ពោលគឺបានធ្លាក់ចុះពីតម្លៃប្រមាណជាង ៦ពាន់រៀលក្នុងមួយគីឡូក្រាមកាលពីខែសីហា មកនៅត្រឹមជាង៤ពាន់រៀលប៉ុណ្ណោះ គិតមកទល់ចុងខែធ្នូនេះ។
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋាននៃអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា កន្លងមក ទីផ្សារមាន់សាច់បានឡើងខ្ពស់រហូតប្រមាណ ៦ពាន់រៀល ក្នុងមួយគីឡូក្រាម ជាហេតុធ្វើឱ្យក្រុមអ្នកចិញ្ចឹមមាន់នាំគ្នា ចិញ្ចឹមមាន់បន្ថែមរហូតលើសតម្រូវការ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ន សមាគមចិញ្ចឹមសត្វបានធ្វើការយ៉ាងជិតស្និទជាមួយក្រសួងកសិកម្ម ដើម្បីតាមដាន និងដោះស្រាយរាល់បញ្ហាដែលកើតមានជូនកសិករ ដូចជា បញ្ហាទីផ្សារជ្រូករស់ កាលពីកន្លងមក ជាដើម។ ដោយឡែក សម្រាប់ក្រុមអ្នកចិញ្ចឹមមាន់សាច់វិញ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានសុខភាពសត្វ មើលឃើញថា ហាក់មិនទាន់មានចងក្រងជាបណ្ដុំនៅឡើយ ដែលធ្វើឱ្យក្រសួងកសិកម្ម ពិបាកក្នុងការដោះស្រាយបញ្ហាជូនពួកគេ។
ជុំវិញបញ្ហាទីផ្សារមាន់សាច់ធ្លាក់ថ្លៃដែរនេះ
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា
បានអះអាងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ជាការពិត សព្វថ្ងៃ បញ្ហាចំណីឡើងថ្លៃ
តែតម្លៃមាន់ធ្លាក់ចុះគឺជាបញ្ហាសម្រាប់ក្រុមអ្នកចិញ្ចឹមសត្វ។ លោក ស្រ៊ុន ពៅ
បានគូសបញ្ជាក់ថា ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហានានា ជូនកសិករ ទើបកន្លងមក
សមាគមចិញ្ចឹមសត្វ តែងតែអំពាវនាវឱ្យក្រុមអ្នកចិញ្ចឹមសត្វទាំងអស់
ចូលជាសមាជិកនៃសមាគមចិញ្ចឹមសត្វ
ដើម្បីរៀបចំផែនការក្នុងការចិញ្ចឹមឱ្យស្របនឹងតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន។
បើតាមប្រធានសមាគមចិញ្ចឹមសត្វរូបនេះ ការមិនចូលជាសមាជិកសមាគម និងការចិញ្ចឹមគ្មានផែនការច្បាស់លាស់
នឹងធ្វើឱ្យក្រុមកសិករជួបនូវហានិភ័យទីផ្សារ។
បន្ថែមនេះ លោក ស្រ៊ុន ពៅ បានសង្កត់ធ្ងន់ថា សព្វថ្ងៃ ក្រុមអ្នកចិញ្ចឹមមាន់ដែលជាសមាជិកសមាគមចិញ្ចឹមសត្វ មិនបានជួបបញ្ហាទីផ្សារនោះទេ ព្រោះសមាជិកសមាគមសុទ្ធតែចិញ្ចឹមក្នុងបរិមាណដែលសមាគមបានកំណត់ និងសិក្សាតាមតម្រូវការទីផ្សារច្បាស់លាស់។
ខេមបូណូមីស បានទាក់ទងទៅកាន់ អ្នកចិញ្ចឹមមាន់សាច់ នៅខេត្តកំពង់ស្ពឺ លោក ហេង យ័ន និងតំណាងកសិដ្ឋានចិញ្ចឹមមាន់បៃតងនៅខេត្តសៀមរាប សុទ្ធតែបានអះអាងថា ការចិញ្ចឹមមាន់សាច់ មិនមានជួបបញ្ហាប្រឈមទីផ្សារខ្លាំងនោះទេ ព្រោះកសិដ្ឋានរបស់ពួកគាត់មានចុះកុងត្រាលក់ទៅឲ្យក្រុមហ៊ុនតាមតម្លៃដែលបានព្រមព្រៀងគ្នាជាមុន។
យ៉ាងណាក៏ដោយចុះ ក្រុមអ្នកចិញ្ចឹមមាន់សាច់មួយចំនួនដែលកំពុងជួបបញ្ហាទីផ្សារ នៅតែនាំគ្នារអ៊ូរទាំពីតម្លៃមាន់សាច់ធ្លាក់ចុះ និងបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយរកដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលផង។
សូមបញ្ជាក់ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែអំពាវនាវឱ្យក្រុមអ្នកចិញ្ចឹមមាន់ទាំងអស់ ដែលមិនទាន់បានចូលជាសមាជិកសមាគម គួរតែចូលរួមជាសមាជិក ដើម្បីឱ្យខាងសមាគម មានលទ្ធភាពក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងហានិភ័យទីផ្សារ៕