ដ្បិតថា តម្លៃផ្លែស្វាយស្រស់នៅឆ្នាំនេះ មានលក្ខណៈល្អប្រសើរ តែអ្នកជំនាញក៏បានបង្ហាញនូវការព្រួយបារម្ភ ខ្លះដែរ ចំពោះបញ្ហាមួយចំនួនក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយ ដែលអាចធ្វើឲ្យការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារអន្តរជាតិ បន្តថយចុះ ខណៈនៅឆ្នាំ២០២២ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារអរន្តជាតិ បានថយចុះជាង ៣០% បើធៀបនឹងឆ្នាំ២០២១។
ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញក្នុងការនាំចេញផ្លែស្វាយស្រស់ និងជាអគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា បានគូសបញ្ជាក់ថា ទីផ្សារស្វាយស្រស់នៅឆ្នាំនេះ ហាក់ប្រសើរជាងឆ្នាំមុន។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនួញរូបនេះ ក៏មានការព្រួយបារម្ភខ្លះដែរ ចំពោះការនាំចេញផ្លែស្វាយស្រស់ ដោយលោកអះអាងថា រហូតមកដល់ពេលនេះ ទិន្នផលផ្លែស្វាយស្រស់ខ្ចប់មិនទាន់ដល់រដូវប្រមូលផលនោះទេ ខណៈស្វាយសម្រាប់កែច្នៃវិញ មានតិចតួច ប៉ុណ្ណោះ។ បើតាមការអះអាងរបស់ ឧកញ៉ា ហ៊ុន ឡាក់ ឆ្នាំនេះ តម្លៃស្វាយស្រស់នៅតែប្រសើរជាងឆ្នាំមុន ហើយលោកជឿថា នៅរដូវប្រមូលផលខាងមុខ តម្លៃផ្លែស្វាយស្រស់ក៏នៅតែប្រសើរជាងឆ្នាំមុន។ ជាក់ស្ដែង សព្វថ្ងៃ តម្លៃផ្លែស្វាយស្រស់ខ្ចប់ អាចលក់បានក្នុងតម្លៃ ចន្លោះ ២៥០០រៀល ទៅ ៣ ០០០រៀល ក្នុងមួយគីឡូក្រាម។ ដោយឡែក ផ្លែស្វាយសម្រាប់យកទៅកែច្នៃវិញ មានតម្លៃប្រមាណ ១ ០០០រៀល ក្នុងមួយគីឡូក្រាម។
ដ្បិតថា ឆ្នាំនេះតម្លៃផ្លែស្វាយស្រស់អាចប្រសើរឡើងវិញ តែអ្នកជំនាញក៏មានក្ដីព្រួយបារម្ភចំពោះទិន្នផលផ្លែស្វាយនាឆ្នាំនេះ ផងដែរ ដែលអាចនឹងប៉ះពាល់ដល់ការនាំចេញផ្លែស្វាយសម្រាប់ឆ្នាំ២០២៣នេះ ជាពិសេសបញ្ហាអាកាសធាតុ តែម្ដង។ បើតាមការបញ្ជាក់របស់ឧកញ៉ា ហ៊ុន ឡាក់ នៅរយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់សរុបចំនួន ១៦ម៉ឺន២ពាន់តោន មានការថយចុះ ៣៣% បើធៀបនឹងឆ្នាំ២០២១។ ដោយឡែក ចំពោះបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយវិញ ត្រូវបានឧកញ៉ា ហ៊ុន ឡាក់ គូសបញ្ជាក់ថា នៅតែបន្តកើតមានឡើង ទាក់ទងនឹងដាំដុះ ការថែទាំ ការដឹកជញ្ជូន និងកត្តាទីផ្សារ ជាដើម។ ឧកញ៉ា ហ៊ុន ឡាក់ បានសង្កត់ធ្ងន់ថា ប្រសិនបើបញ្ហាទាំងអស់នេះ មិនទាន់មានការដោះស្រាយទេនោះ បញ្ហាប្រឈមក្នុងវិស័យដំណាំស្វាយ នៅតែកើតមាន និងប៉ះពាល់ដល់សេដ្ឋកិច្ចអ្នកក្នុងវិស័យនេះ ជាពិសេសការនាំចេញផ្លែស្វាយស្រស់នឹងបន្តធ្លាក់ចុះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ផ្លែស្វាយស្រស់បានជួបបញ្ហាទីផ្សារខ្លាំងមែនទែន ទាំងតម្លៃផ្លែស្វាយស្រស់ និងស្វាយកែច្នៃ ដោយតម្លៃស្វាយស្រស់បានធ្លាក់ចុះរហូត ១៥០រៀល ក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះនេះ គឺដោយសារតែ កន្លងមកប្រទេសចិន មានការរឹតត្បិតការនាំចេញ នាំចូលតាមច្រកព្រំដែន ដែលវាបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពនាំចេញពីកម្ពុជា ពិសេសផ្លែស្វាយតែម្ដង។ យ៉ាងណាក៏ដោយ ក្រោយប្រទេសចិន បានបើកប្រទេសឡើងវិញ អ្នកជំនាញក្នុងវិស័យនេះ ក៏បានបង្ហាញក្ដីរំពឹងដែរថា ទីផ្សារផ្លែស្វាយស្រស់នឹងល្អប្រសើរឡើងវិញ៕