លោក ស៊ិន ចន្ធី ប្រធានសមាគម ភស្តុភាកម្មកម្ពុជាបានឲ្យដឹងថា គម្រោងបើកច្រកព្រំដែនរវាងកម្ពុជា និងថៃជាកម្លាំងចលករដ៏សំខាន់មួយក្នុងការពន្លឿនការដឹកជញ្ជូនទំនិញកាន់តែប្រសើរ និងមិនធ្វើឲ្យមានទំនិញកកស្ទះនៅតាមច្រកព្រំដែនទៀតនោះទេ។
លោកបញ្ជាក់ថា ច្រកព្រំដែនថ្មីដែលរាជរដ្ឋាភិបាលបានធ្វើការតភ្ជាប់ជាមួយប្រទេសថៃរួចហើយ គឺច្រកស្ទឹងបត់ ដែលរំពឹងថា ច្រកមួយនេះ នឹងអាចបញ្ចៀសបាននូវការកកស្ទះទំនិញនៅតាមច្រកប៉ោយប៉ែតបានមួយកម្រិតធំ។
លោកបន្ថែមថា ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានចរចាជាមួយប្រទេសថៃក្នុងការបើកឲ្យផលិតផលខ្មែរដូចជាដំឡូងមីគឺអាចដឹកតាមច្រកព្រំ និងច្រកបឹងត្រកួនឆ្ពោះទៅកំពង់ផែឡាមច្បាង ដើម្បីនាំចេញបានទៅកាន់ប្រទេសថៃ ឬប្រទេសទី៣ មានប្រទេសចិន កូរ៉េ និងសហគមអឺរ៉ុបជាដើម។
យ៉ាងណាក៏ដោយចុះ ថ្មីៗនេះបើតាមលោក ស៊ិន ចន្ធី សកម្មភាពដឹកជញ្ជូន ទំនិញ នៅកម្ពុជាចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញបន្តិចហើយ បើទោះបី ទំនិញកម្ពុជាមិនសូវជាមានការនាំចេញទៅអាមេរិក និងអឺរ៉ុបច្រើនក៏ដោយចុះ សកម្មភាពដឹកជញ្ជូនទំនិញក្នុងតំបន់ គឺមានភាពល្អប្រសើរឡើងដោយបានកើនវិញ ២០ភាគរយ បើធៀបនឹងកាលពីខែ៥ ខែ៦ កន្លងទៅ។
លោកចន្ធី បញ្ជាក់ថា សកម្មភាពដឹកជញ្ជូនទំនិញបានប្រសើរឡើងវិញដែលគិតជាសរុបនៃកំណើនមានរហូតដល់៦០ភាគរយឡើងវិញ ខណៈកាលពីមុនសកម្មភាពដឹកជញ្ជូនមានត្រឹម៣០ភាគរយ។ លោកបន្តថា ទំនិញភាគច្រើនដែលត្រូវបាននាំចេញនាពេលនេះជាទំនិញវិនិយោគ ពោលគឺនៅតែជាទំនិញឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង និងបន្ទាប់មកគឺទំនិញកសិកម្ម៕