នាពិធីសម្ពោធ Showroom និងការិយាល័យលក់របស់បុរីវិមានសំណាងដែលជាផ្ទះលំដាប់អភិជនកាលពីថ្ងៃទី៣១ ខែកក្កដា ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia ហាក់គ្មានការព្រួយបារម្ភចំពោះវិបត្តិឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ក្នុងការធ្វើឲ្យប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុនលោកនោះទេ។ លោកអះអាងថា បុរីវិមានសំណាងផ្តោតលើអតិថិជនអ្នកមាន ឬអ្នកមានចំណូលកម្រិតខ្ពស់ ព្រោះកន្លងមកលោកឧកញ៉ាសង្កេតឃើញថា បើទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ តែទីផ្សារផ្ទះដែលមានតម្លៃថ្លៃហើយផ្តោតលើអតិថិជនគោលដៅអ្នកមានមិនសូវរងផលប៉ះពាល់ ដូចផ្ទះ ដែលផ្តោតលើអតិថិជន ដែលមានចំណូលក្រោមមធ្យមនោះទេ។
ទោះយ៉ាងណា លោកឧកញ៉ា គីម ហ៊ាង កត់សម្គាល់ឃើញថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ជាងពីរឆ្នាំកន្លងមកនេះក៏បានធ្វើឲ្យគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុនមួយចំនួនរងបរាជ័យនិងជាប់គាំងផងដែរ។ តែសម្រាប់អ្នកជំនាញរូបនេះ បានចាត់ទុកការបរាជ័យទាំងនោះជារឿងបុគ្គល ដែលភាគច្រើនកើតឡើងលើអ្នកដែលមិនមានជំនាញច្បាស់លាស់។ ទោះបីយ៉ាងនេះក្តី លោកឧកញ៉ា ទទួលស្គាល់ថា ការឡើងចុះទីផ្សារទិញលក់វាជារឿងធម្មតាក្នុងវិស័យអចលនទ្រព្យ។
ជាមួយគ្នានេះលោកជំទាវ គង់ សំណាង អគ្គនាយិការបុរីវិមានសំណាងបានគូសបញ្ជាក់ថា ប្រាក់ចំណេញមិនស្ថិតក្នុងជម្រើសទី១នៃការអភិវឌ្ឍគម្រោងលំនៅឋានរបស់បុរីវិមានសំណាងនោះទេ ពោលគឺគុណភាព សោភ័ណ និងសុខមាលភាពទៅវិញទេ ដែលជាជម្រើសចាំបាច់សម្រាប់គម្រោងមួយនេះ។ លោកជំទាវអះអាងថា ការគិតពីគុណភាពជាជាងប្រាក់ចំណេញនេះ គឺដើម្បីសាងទំនុកចិត្ត និងភាពទទួលខុសត្រូវចំពោះអតិថិជន ដែលជាទស្សនវែងឆ្ងាយរបស់បុរីវិមានសំណាង ដែលចង់ពង្រីកគម្រោងបន្ថែមទៅថ្ងៃអនាគត។
របាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញឲ្យឃើញថា តម្លៃលំនៅឋាននៅកម្ពុជាពុំសូវមានការប្រែប្រួលខ្លាំងនោះទេ ក្នុងតម្លៃលំនៅឋាននៅរាជធានីភ្នំពេញត្រូវបានប៉ាន់ស្មានថាមានកំណើន៣,៥% ដែលឆ្លុះបញ្ចាំងពីតម្រូវការក្នុងស្រុក ពិសេសសំណង់លំនៅឋានដែលមានតម្លៃទាប និងមធ្យម។ ដោយឡែកតម្លៃលំនៅឋាននៅតាមខេត្តនានាត្រូវបានប៉ាន់ស្មានថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ មានការធ្លាក់ចុះ៤,៣% តែមានកំណើនបន្តិចវិញនៅឆមាសទី១ឆ្នាំនេះ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានព្យាករថា វិស័យសំណង់ទទួលបានកំណើនបន្តិចវិញហើយ តែស្ថិតក្នុងកម្រិតទាប ដោយកំណើននេះគាំទ្រដោយលំហូរវិនិយោគបរទេស កំណើនឥណទានក្នុងវិស័យនេះ និងការកើនឡើងប្រាក់ចំណូលក្នុងស្រុក និងការនាំចូលគ្រឿងសំណង់ជាដើម៕