ក្រៅពីផ្លែឈើទាំងបីមុខនេះ វៀតណាម ក៏មានការនាំចេញបន្លែ និងផ្លែឈើជាច្រើនមុខទៀតដែរ ខណៈថ្មីៗនេះ វៀតណាមកំពុងជំរុញបង្កើនការនាំចេញផ្លែមៀនទៅកាន់ទីផ្សារប្រទេសជប៉ុនថែមទៀត។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានវៀតណាម VNA។
ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមសម្រេចបាននូវសញ្ញាវិជ្ជមាននៅដើមឆ្នាំ២០២៣ ដោយទទួលបានចំណូលប្រមាណ ៣០០លានដុល្លារនៅក្នុងមួយខែដំបូងនៅឆ្នាំនេះ ពោលគឺកើនឡើង៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រការនេះ បានធ្វើឲ្យវៀតណាមមានក្ដីសង្ឃឹមថា នឹងឈានទៅសម្រេចបានគោលដៅនាំចេញបន្លែផ្លែឈើក្នុងតម្លៃសរុប ៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះ ពោលគឺនឹងកើនឡើងប្រមាណ ២០% ធៀបនឹងឆ្នាំមុន។ ក្នុងនោះ ផ្លែឈើបីមុខសំខាន់ៗរបស់វៀតណាម ដែលជាអ្នកនាំមុខទីផ្សារនាំចេញបន្លែផ្លែឈើផ្សេងទៀត នោះគឺ ផ្លែស្រកានាគ ចេក និងទុរេន។
កំណើននៃការនាំចេញបន្លែផ្លែឈើវៀតណានៅខែមករាកន្លងទៅនេះ គឺមានការចូលរួមដ៏សំខាន់នៃការបើទ្វារប្រទេសរបស់ចិនឡើងវិញ ដែលធ្វើឲ្យតម្រូវការបន្លែផ្លែឈើនាំចេញកើនឡើង គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនាំចេញវៀតណាម ដើម្បីលើកលើកកម្ពស់ការបញ្ជាទិញជាមួយដៃគូនៅអាមេរិក សហភាពអឺរ៉ុប និងជប៉ុនផងដែរ។
នៅក្នុងត្រីមាសទី៤នៅឆ្នាំ២០២២ បរិមាណការនាំចេញផ្លែទុរេនរបស់វៀតណាមមានការកើនឡើងយ៉ាងខ្លាំង ដោយមានតម្លៃជាទឹកប្រាក់ប្រមាណ ៤២១លានដុល្លារ កើនឡើងដល់ទៅ ១៣៧%ឯណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញផ្លែចេកវិញ ក៏មើលឃើញពីកំណើនរឹងមាំដូចគ្នាដែរ ពោលគឺសម្រេចបានដល់ទៅ ៣១១លានដុល្លារកាលពីឆ្នាំ២០២២ កើនឡើងជាង៣៤% ធៀបនឹងឆ្នាំ២០២១។
ពាណិជ្ជកម្មទំនិញ នៅតាមច្រកព្រំដែនវៀតណាម និងចិនមានសភាពមមាញឹកកាន់តែច្រើន ក្រោយប្រទេសចិនបើកទ្វារប្រទេសឡើងវិញ។ តួយ៉ាង គិតចាប់ពីថ្ងៃទី ១មករា ដល់ថ្ងៃទី ១៣ខែកុម្ភៈ ផ្លែឈើវៀតណាមប្រមាណ ២២ម៉ឺនតោន បាននាំចេញទៅកាន់ទីផ្សារចិនតាមច្រកព្រំដែននៅក្នុងភាគខាងជើងនៃខេត្ត ឡាក់សុន ហើយចំនួននេះ គឺមានការកើនឡើង ៤០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមការអះអាងរបស់ប្រធានសមាគមបន្លែផ្លែឈើវៀតណាម លោក ង្វៀន ថាញ់បិញ នៅឆ្នាំ២០២៣ លោកនៅតែមានសុទិដ្ឋិនិយមសម្រាប់ឧស្សាហកម្មនាំចេញបន្លែផ្លែឈើវៀតណាម ពិសេសការនាំចេញទុរេនតែម្ដង។ ប្រទេសចិន នៅតែជាប្រទេសនាំចូលទុរេនវៀតណាមច្រើនជាងគេបំផុត ក្នុងចំណោមទីផ្សារសំខាន់ៗផ្សេងទៀត ដូចជាអូស្ត្រាលី អាមេរិក ជប៉ុន និងកោះតៃវ៉ាន់ជាដើម។
វៀតណាមក៏ជាអ្នកនាំចេញផ្លែចេកធំបំផុតទី២ ទៅកាន់ប្រទេសចិន បន្ទាប់ពីហ្វីលីពីនផងដែរ ខណៈដែលប្រទេសចិនវិញ គឺមានការចំណាយប្រមាណ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់នាំចូលផ្លែចេកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
សូមបញ្ជាក់ថា ក្រុមហ៊ុនធំមួយរបស់វៀតណាម Hoang Phat Fruit Ltd ក៏បានបាននាំចេញផ្លែមៀន១០តោន ទៅកាន់ទីផ្សារជប៉ុនជាលើកដំបូងផងដែរ នៅដើមឆ្នាំនេះ។ តាមផែនការ ក្រុមហ៊ុនដដែលនេះ នឹងបន្ដនាំចេញមៀនទៅកាន់ទីផ្សារតាមរយៈយន្ដហោះឲ្យបានដល់ ៧០ ទៅ១០០តោនក្នុងមួយខែៗ ខណៈផ្លែមៀនរបស់វៀតណាមដាក់លក់រាយនៅក្នុងទីផ្សារជប៉ុន គឺមានតម្លៃខ្ពស់ រហូតដល់ទៅ ១៣,៥ដុល្លារក្នុងមួយគីឡូក្រាមឯណោះ។ បច្ចុប្បន្ននៅវៀតណាម មានការដាំដុះមានប្រហែល៨ម៉ឺនហិកតា ជាមួយទិន្នផលមៀន៦០ម៉ឺនតោនក្នុងមួយឆ្នាំ ប៉ុន្ដែមៀនដែលអាចគ្រប់លក្ខខណ្ឌតម្រូវនាំចេញបាន គឺមានក្នុងចំនួនតិចតួចប៉ុណ្ណោះ។