លទ្ធផលគាប់ប្រសើរជាងការរំពឹងទុកនេះបានកើតឡើងក្រោយពីក្រុមហ៊ុនមេរបស់ ហ្គោហ្គល់ គឺក្រុមហ៊ុន អាល់ហ្វាបេត (Alphabet) កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា បានរាយការណ៍ពីការស្ទុះងើបឡើងវិញនូវប្រាក់ចំណូល និងកំណើនប្រាក់ចំណូល ជាសញ្ញាមួយ ដែលទីផ្សារផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតកំពុងកើនឡើង បន្ទាប់ពីការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមហ៊ុន មេតា មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ក្រុមហ៊ុននេះរកបានចំណូលជិត១២ពាន់លានដុល្លារ ឬជាង៤ដុល្លារ ក្នុងមួយភាគហ៊ុននៅក្នុងត្រីមាសពីខែកក្កដា ដល់ខែកញ្ញា ពោលគឺបានកើនឡើងពីចំណូលជាង៤ពាន់លានដុល្លារ ឬជិត២ដុល្លារក្នុងមួយភាគហ៊ុនក្នុងពេលដូចគ្នាកាលពីឆ្នាំមុន ហើយប្រាក់ចំណូលឆ្នាំនេះបានកើនឡើង២៣% ឡើងដល់ចំនួនជាង៣៤ពាន់លានដុល្លារនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ដែលមានចំនួនជិត២៨ពាន់លានដុល្លារ។
បើតាមការស្ទង់មតិរបស់ក្រុមហ៊ុន FactSet បានឱ្យដឹងថា ក្រុមអ្នកវិភាគរំពឹងថា ក្រុមហ៊ុន មេតា នឹងរកប្រាក់ចំណូលបានជាមធ្យម៣.៦៤ដុល្លារ ក្នុងមួយភាគហ៊ុនទៅលើប្រាក់ចំណូលចំនួនជិត៣៤ពាន់លានដុល្លារ។
លោក ជេរ៉េមី ហ្គូលម៉េន (Jeremy Goldman) អ្នកវិភាគនៅក្រុមហ៊ុន Insider Intelligence បាននិយាយថា ទោះជាមានការប្រែប្រួលទីផ្សារបច្ចេកវិទ្យាកាន់តែទូលំទូលាយក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុន មេតា នៅតែបន្តបំពេញតាមការរំពឹងទុករបស់ខ្លួនដដែល ហើយថា ក្រុមហ៊ុន មេតា ឥឡូវនេះបានកំណត់ផ្លូវកំណើនដ៏មិននឹកស្មានដល់ជាមួយនឹងគន្លងផ្លូវដែលកើនឡើងប្រកបដោយនិរន្តរភាព ការចូលរួមរបស់អ្នកប្រើប្រាស់មានភាពរឹងមាំ និងការបង្កើនប្រសិទ្ធភាពចំណាយជាយុទ្ធសាស្ត្រផងដែរ។
ក្រុមហ៊ុន មេតា បាននិយាយថា ចំនួនអ្នកប្រើប្រាស់សកម្មនៅលើ Facebook គឺមានចំនួនជាង៣ពាន់លាននាក់ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា គឺបានកើនឡើង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។
ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែនៅលើប្រព័ន្ធអេបរបស់ក្រុមហ៊ុននេះ ដែលរួមមាន Facebook, Instagram, WhatsApp និង Messenger មានចំនួនជិត៤ពាន់លាននាក់ គិតត្រឹមដំណាច់ត្រីមាសទី៣ គឺបានកើនឡើង៧% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែក្រុមហ៊ុន មេតា មិនបានបង្ហាញពីតួលេខអ្នកប្រើរបស់ខ្លួន សម្រាប់កម្មវិធីផ្សេងទៀតក្រៅពី Facebook ប្រចាំត្រីមាសនោះទេ។
នាយកប្រតិបត្តិក្រុមហ៊ុន មេតា គឺលោក ម៉ាក ហ្សាក់ឃឺប៊ឺក (Mark Zuckerberg) បាននិយាយនៅក្នុងសន្និសីទតាមទូរសព្ទជាមួយក្រុមអ្នកវិភាគថា កម្មវិធី ស្រេត (Threads) របស់ក្រុមហ៊ុន មេតា ដែលបានចាប់ផ្តើមកាលពីខែកក្កដា មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន១០០លាននាក់។
លោកបានបន្ថែមថា លោកបានគិតជាយូរមកហើយថា វាគួរតែមានកម្មវិធីសន្ទនាសាធារណៈ រាប់ពាន់លាននាក់ដែលមានលក្ខណវិជ្ជមានជាងនេះ ហើយថា ប្រសិនបើពួកគេអាចទ្រាំចាំពីរបីឆ្នាំទៀតបាន លោកជឿថា កម្មវិធីស្រេត អាចជាឱកាសល្អក្នុងការក្លាយជាកម្មវិធីបែបនោះបាន។
សូមរំលឹកថា ការចំណាយសរុបរបស់ក្រុមហ៊ុន មេតា មានចំនួនជាង២០ពាន់លានដុល្លារ គឺធ្លាក់ចុះ៧% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយឥឡូវក្រុមហ៊ុននេះមានបុគ្គលិកចំនួនជិត៧ម៉ឺននាក់គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ពោលគឺថយចុះ២៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ត្រីមាសទី៤នេះ ក្រុមហ៊ុន មេតា កំពុងព្យាករពីប្រាក់ចំណូល ដែលអាចរកបានចន្លោះពីជាង៣៦ពាន់លានដុល្លារទៅ៤០ពាន់លានដុល្លារ ប៉ុន្តែអ្នកវិភាគរំពឹងថា នឹងមានចំនួនជិត៣៩ពាន់លានដុល្លារ៕