ទិន្នន័យរបស់ក្រុមហ៊ុន Refinitiv បានបង្ហាញថា ជនបរទេសបានលក់ភាគហ៊ុននៅចិនដីគោកក្នុងទំហំទឹកប្រាក់ជិត ២ ពាន់លានដុល្លារនៅក្នុងខែឧសភា បន្ទាប់ពីលក់បានប្រមាណ ៦៥៩ លានដុល្លារនៅក្នុងខែមេសា។ ការលក់ភាគហ៊ុនរបស់ជនបរទេសនេះ ធ្វើឡើងតាមរយៈផ្សារហ៊ុន Stock Connect ដែលជាការជួញដូរឆ្លងដែនដ៏សំខាន់មួយរវាងផ្សារហ៊ុនចិនដីគោក និងផ្សារហ៊ុនក្រុងហុងកុង ។
ការលក់ភាគហ៊ុនចេញពីចិនកាន់តែច្រើនឡើងនេះ បានបង្ហាញពីការផ្លាស់ប្ដូរថយក្រោយសន្សឺមៗនៃការវិនិយោគដែលមានសន្ទុះខ្លាំងក្នុងទឹកប្រាក់សរុបជិត ២១ ពាន់លានដុល្លារក្នុងខែមករា ឆ្នាំ២០២៣។ ពេលនោះ ប្រទេសចិនបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីការរឹតបន្តឹងរយៈពេល ៣ ឆ្នាំ ដោយសារជំងឺកូវីដ។ ការបើកប្រទេសចិនឡើងវិញបានជំរុញឱ្យមានរលកនៃការរំពឹងទុកយ៉ាងខ្លាំងសម្រាប់កំណើន។
ក្តីសង្ឃឹមនោះបានរលាយអស់នៅពេលតម្រូវការទាំងក្នុងស្រុក ទាំងក្រៅស្រុក បានធ្លាក់ចុះ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចមិនមានសន្ទុះស្មើគ្នា។ ទិន្នន័យពីការិយាល័យស្ថិតិជាតិបានបង្ហាញថា ប្រាក់ចំណេញនៅតាមក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ។
ទោះបីជាមានរំហូរចេញនៅក្នុងខែកុម្ភៈ ខែមេសា និងខែឧសភាក៏ដោយ ក៏ការទិញដោយជនបរទេសនូវភាគហ៊ុនចិនដីគោកនៅតែមានចំនួនជាង ២៥ ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងការទិញភាគហ៊ុនតម្លៃប្រហែលជាង ៦ ពាន់លានដុល្លារ ពីសំណាក់ជនបរទេស ក្នុងរយៈពេលពេញមួយឆ្នាំ២០២២។
លោកស្រី ព្រូកសា អៀមថុងថុង (Pruksa Iamthongthong) នាយិកាវិនិយោគជាន់ខ្ពស់នៅផ្សារហ៊ុនអាស៊ីបាននិយាយថា ទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ និងអ្នកវិនិយោគអាជីវកម្ម មិនស្ទុះងើបឡើងវិញលឿនដូចដែលទីផ្សារបានរំពឹងទុកនោះទេ។ លោកស្រីបានបន្ថែមថា សេដ្ឋកិច្ចនឹងត្រូវការពេលវេលាដើម្បីងើបឡើងវិញ ហើយពួកគេនឹងឃើញពេលវេលានៃការគេចចេញពីហានិភ័យនៅក្នុងរយៈពេលខ្លី ជាការឆ្លើយតបទៅនឹងហានិភ័យជុំវិញការថយចុះសកម្មភាពសេដ្ឋកិច្ចនៅចំពោះមុខលទ្ធភាពដែលថាឱនភាពសេដ្ឋកិច្ចសកលអាចកើតមាន៕