ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា «គិតត្រឹមម៉ោង ៧:៣០នាទីព្រឹកនេះ រោងចក្រទាំងអស់ដែលបានដំណើរការកាលពីថ្ងៃសៅរ៍ នៅតែបើកដំណើរការធម្មតា។ បន្ថែមពីនេះទៀត នៅខេត្តស្វាយរៀង រោងចក្រដែលបានឈប់សម្រាកកាលពីថ្ងៃសៅរ៍ក៏បានបើកដំណើរការវិញដែរ នៅថ្ងៃនេះ។ ជារួមគឺរោងចក្រលើស ៩៥% បានដំណើរការ រីឯកម្មកររោងចក្រក៏បានមកធ្វើការធម្មតា»។ ឯកឧត្តមបន្ថែមថា «កម្មករនិយោជិតដែលបានឈប់ការងារក្នុងអំឡុងពេលចូលឆ្នាំនេះ នឹងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃក្រោយចូលឆ្នាំ។ កម្មករនោះនឹងមិនទទួលបានប្រាក់បៀវត្សទេ ប្រសិនជាឈប់ដោយគ្មានការអនុញ្ញាតពីរោងចក្រ»។
ក្រសួងការងារតាមរយៈការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល បានលើកថ្ងៃឈប់សម្រាកនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំនេះ ដោយសារវិបត្តិកូវីដ-១៩ ដោយនឹងត្រូវរងចាំរហូតដល់បញ្ចប់ការរាតត្បាតនៃវីរុសកូវីដ១៩ ហើយក្រសួងការងារនឹងសងថ្ងៃឈប់សម្រាកដល់ប្រជាពលរដ្ឋនៅពេលវេលាមួយដែលសមស្រប។
សូមជម្រាបថា នៅព្រឹកថ្ងៃច័ន្ធ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ គឺជាចូលឆ្នាំទី០១ ខណៈដែលឆ្នាំថ្ងៃឈប់សម្រាកចូលឆ្នាំនៅឆ្នាំនេះ មានរហូតដល់ទៅ៤ថ្ងៃ៕