
ក្រុមហ៊ុនសាយរ៉េ គ្រុប (Syre Group) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីល្បាញលំដាប់ពិភពលោក H&M របស់ប្រទេសស៊ុយអែត គ្រោងបោះទុនវិនិយោគរហូតដល់១ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់រោងចក្រកែច្នៃកាកសំណល់វាយនភណ្ឌឡើងវិញនៅប្រទេសវៀតណាម។
លោកស្រី ស៊ូសាណា ខេមបែល (Susanna Campbell) ប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធសាយរ៉េ គ្រុប (Syre Group) បានប្រកាសពីផែនការបោះទុនវិនិយោគយ៉ាងសម្បើមក្នុងទំហំរាប់ពាន់លានដុល្លារអាម៉េរិកនេះ ក្នុងអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ កាលពីថ្ងៃពុធ ទី២៣ ខែមេសា។
លោកស្រី ស៊ូសាណា ខេមបែល បានថ្លែងថា គោលដៅរបស់ក្រុមហ៊ុនលោកស្រី គឺសាងសង់រោងចក្រកែច្នៃកាកសំណល់វាយនភណ្ឌឡើងវិញធំៗនៅក្នុងតំបន់យុទ្ធសាស្ត្រនានា ទូទាំងពិភពលោក រួមទាំងនៅប្រទេសវៀតណាម ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ សាយរ៉េ គ្រុប (Syre Group) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនម៉ាកយីហោសម្លៀកបំពាក់ដ៏ល្បីល្បាញលំដាប់ពិភពលោក H&M និងក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យា Vargas កែច្នៃកាកសំណល់វាយនភណ្ឌដោយប្រើប្រាស់បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។
រោងចក្រខ្នាតយក្សដែលគ្រោងសាងសង់នៅក្នុងខេត្តប៊ិញឌិញ (Binh Dinh) ប្រទេសវៀតណាម និងដែលគ្រោងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៨ ខាងលើនេះនឹងមានសមត្ថភាពកែច្នៃកាកសំណល់វាយនភណ្ឌបាន២៥ម៉ឺនតោនក្នុងមួយឆ្នាំៗ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានសរសើរក្រុមហ៊ុនខាងលើនេះ ដែលផ្ដោតការយកចិត្តទុកដាក់លើការផលិតស្អាត និងបៃតង ដោយលោកបានកត់សម្គាល់ថា ការកែច្នៃកាកសំណល់វាយនភណ្ឌយកមកប្រើប្រាស់ឡើងវិញនឹងរួមចំណែកដល់ការការពារបរិស្ថាន៕
ដោយ: តែម សុខុម