ការសម្រេចចុះបង្រ្កាបលើកុងស៊ីបញ្ចាំដែលមិនមានភាពស្របច្បាប់នេះ បានធ្វើឡើងក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានប្រកាសនិងចាត់វិធានការក្ដៅចុះត្រួតពិនិត្យទៅលើកុងស៊ីបញ្ចាំកាលពីប៉ុន្មានសប្ដាហ៍មុននេះ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញបានចុះត្រួតពិនិត្យលើកុងស៊ីបញ្ចាំជាង១០០កន្លែង នៅទូទាំងរាជធានីភ្នំពេញ ហើយក្នុងនោះ អាជ្ញាធរបានរកឃើញ និងសម្រេចបិទអាជីវកម្មកុងស៊ីបញ្ចាំប្រមាណជាង៥០ទីតាំង ដែលមិនមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មនិងកុងស៊ីបញ្ចាំមួយចំនួនទៀត មានទទួលទ្រព្យដាក់បញ្ចាំដោយគ្មានឯកសារបញ្ជាក់ច្បាស់លាស់។
លោកបន្ថែមថា ការសម្រេចចិត្តបិទកុងស៊ីបញ្ចាំជាង៥០ទីតាំងនេះ គឺដើម្បីធានារក្សានូវសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ពោលគឺបញ្ជៀសនូវការទទួលផលចោរកម្មពីសេវាបញ្ចាំ ដែលវាជាក្ដីកង្វល់មួយរបស់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរតែងតែយកចិត្តទុកដាក់ខ្ពស់ផងដែរ។
ជាមួយគ្នានេះ នាយកគ្រប់គ្រងក្រុមហ៊ុនបញ្ចាំ Cash U Up លោក គុជ សេដ្ឋា បានលើកឡើងដែរថា លោកគាំទ្រទាំងស្រុងចំពោះវិធានការរបស់អាជ្ញាធរក្នុងការចុះត្រួតពិនិត្យគ្រប់កុងស៊ីបញ្ចាំនេះ ព្រោះវាមិនត្រឹមតែធ្វើឲ្យការប្រកួតប្រជែងក្នុងវិស័យនេះ មានភាពល្អប្រសើរ និងស្មើភាពគ្នាប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជួយឲ្យអ្នកប្រើប្រាស់សេវានេះ មានភាពកក់ក្ដៅជាងមុននិងបញ្ជៀសការទទួលផលចោរកម្មដោយចេតនា ឬអចេតនា ដែលនឹងបង្កឲ្យមានអសន្ដិសុខសង្គម។
លោក គុជ សេដ្ឋា បានគូសបញ្ជាក់អំពីភាពខុសគ្នារវាងក្រុមហ៊ុន ឬហាងបញ្ចាំស្របច្បាប់ និងហាងបញ្ចាំមិនមានភាពស្របច្បាប់យ៉ាងដូច្នេះថា «ជាទូទៅ អាជីវកម្មហាងបញ្ចាំអាចស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយក្រោយពីបានអាជ្ញាប័ណ្ណហើយ ខាងក្រសួងក៏មានការចុះអប់រំណែនាំដើម្បីឲ្យការអនុវត្តលើការទទួលបញ្ចាំមានប្រសិទ្ធភាព និងស្របទៅតាមនីតិវិធីច្បាប់ ដូចជា នីតិវិធីក្នុងការទទួលបញ្ចាំ ការកត់ត្រាបញ្ចាំ និងលក្ខខណ្ឌក្នុងការទទួលបញ្ចាំឲ្យបានត្រឹមត្រូវជាដើម។ ពិសេសជាងនេះទៀត ខាងក្រុមហ៊ុនទទួលបញ្ចាំ ក៏មានកាតព្វកិច្ចក្នុងការប្រកាសពន្ធ និងបង់ពន្ធជូនរដ្ឋផងដែរ។ ប៉ុន្ដែ អ្វីដែលភាពមិនស្របច្បាប់នៃហាងបញ្ចាំមួយចំនួននោះ គឺដោយសារតែពួកគាត់ខ្លះមិនបានសុំអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានមួយចំនួនទៀត មានអាជ្ញាប័ណ្ណហើយ តែមិនបានប្រកាសពីទ្រព្យដែលទទួលបញ្ចាំ និងបង់ពន្ធជូនរដ្ឋជាដើម»។
សូមបញ្ជាក់ដែរថា គិតរហូតមកទល់ពេលនេះ ហាងបញ្ចាំដែលមានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម នៅទូទាំងប្រទេសកម្ពុជា មានជាង ៤០០ហាងបញ្ចាំ ខណៈដែលសេវាកម្មនេះហាក់បីមានភាពងាយស្រួលក្នុងការទទួលបានសាច់ប្រាក់ក្រោយពីការដាក់បញ្ចាំទ្រព្យសម្បត្តិ ដូចជា ឡាន ម៉ូតូ និងសម្ភារៈមានតម្លៃផ្សេងៗទៀត៕