កម្ពុជានឹងនាំចេញផ្លែមៀនលើកដំបូងទៅប្រទេសចិន

ទីបំផុត កម្ពុជានឹងនាំចេញផ្លែមៀនស្រស់លើកដំបូងទៅប្រទេសចិន នៅក្នុងសប្តាហ៍នេះ


នៅទីបំផុត ការនាំចេញផ្លែមៀនទៅកាន់ទីផ្សារប្រទេសចិន ដែលម្ចាស់ចម្ការ និងក្រុមហ៊ុននាំចេញមៀនទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ នឹងអាចចាប់ផ្ដើមធ្វើឡើងនៅក្នុងសប្ដាហ៍នេះហើយ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់សហគមន៍មៀនប៉ៃលិនបានអះអាងប្រាប់ខេមបូណូមីសថា ផ្លែមៀនប៉ៃលិនស្រស់កម្ពុជាចំនួន ១កុងតឺន័រដំបូង នឹងដឹកចេញពីកម្ពុជាទៅកាន់ប្រទេសចិន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
ទីបំផុត កម្ពុជានឹងនាំចេញផ្លែមៀនស្រស់លើកដំបូងទៅប្រទេសចិន នៅក្នុងសប្តាហ៍នេះ

ក្រោយពីរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលបានចុះបញ្ជីសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន កាលពីដើមខែកញ្ញា រួចមក នៅទីបំផុត កម្ពុជានឹងអាចនាំចេញ​ផ្លែមៀនទៅកាន់ទីផ្សារប្រទេសចិន​នៅក្នុងសប្ដាហ៍នេះហើយ។

លោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀនប៉ៃលិន បានបញ្ជាក់ឲ្យដឹងថា ផ្លែមៀនប៉ៃលិនកម្ពុជានឹងធ្វើការដឹកចេញពីកំពង់ផែកម្ពុជា ទៅកាន់ប្រទេសចិននៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ ក្នុងចំនួន១កុងតឺន័រដំបូង ដែលស្មើនឹងចំនួនប្រមាណ ២៥តោន ខណៈនឹងមានការនាំចេញជាបន្តបន្ទាប់ទៀតផងដែរ ហើយការដឹកជញ្ជូននឹងទៅដល់ប្រទេសចិនយ៉ាងយូរក្នុងរយៈពេល៦ថ្ងៃផងដែរ។ បើតាម លោក សារ ចំរើន ចាប់ពីពេលនេះតទៅ កម្ពុជានឹងអាចធ្វើការនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិនជាបន្តបន្ទាប់តែម្តង ប្រសិនជាមិនមានជួបប្រទះបញ្ហាណាមួយដែលរំខានតាមផ្លូវដឹកជញ្ជូនទេនោះ។ លើសពីនោះ ក្រុមហ៊ុននឹងធ្វើការទិញដោយមិនកំណត់នូវចំនួននោះឡើយ ពោលគឺមានប៉ុន្មាន គឺទិញទាំងអស់តែម្តង ឲ្យតែផ្លែមៀនទាំងនោះ មានគុណភាព និងត្រូវតាមស្តង់ដា ភូតគាមអនាម័យ (GAP) ដែលបានកំណត់ក្នុងការនាំចេញទៅប្រទេសចិន។

លោក សារ ចំរើន បញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនដែលបាននាំចេញមៀនប៉ៃលិនទៅប្រទេសចិននេះ បានធ្វើកិច្ចសន្យាទិញផ្លៃមៀនពីប្រជាពលរដ្ឋ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ហើយនៅពេលបច្ចុប្បន្នខាងក្រុមហ៊ុនកំពុងធ្វើការប្រមូលផលបេះផ្លែមៀនដែលទុំបណ្តើរៗពីចម្ការរបស់ប្រជាកសិករផងដែរ។

ហើយចំពោះតម្លៃផ្លែមៀនប៉ៃលិនដែលក្រុមហ៊ុនបានទិញពីប្រជាកសិករនោះ គឺតម្លៃត្រូវកំណត់ទៅតាមខែនីមួយៗ ដោយគិតចាប់ពីដើមខែតុលា ដល់ចុងខែធ្នូ ឆ្នាំ ២០២២នេះ គឺក្រុមហ៊ុនទិញពីប្រជាកសិករក្នុងតម្លៃ ៣៣០០រៀលក្នុងមួយគីឡូក្រាម, ក្នុងខែមករាឆ្នាំ ២០២៣ មានតម្លៃ ៣៥០០រៀលក្នុងមួយគីឡូក្រាម, ចំពោះខែ កុម្ភៈ មានតម្លៃ ៣៩០០ រៀលក្នុងមួយគីឡូក្រាម និង ក្នុងខែមីនា មានតម្លៃ ៤៣០០ រៀលក្នុងមួយគីឡូក្រាមផងដែរ។ លោក បានបន្ថែមថា ចំពោះតម្លៃនេះដែរ គឺជាតម្លៃដែលក្រុមហ៊ុនទិញពីកសិករ ដោយគិតតម្លៃនៅលើដើមតែម្តង បានន័យថា ការចំណាយផ្សេងៗក្នុងការបេះ ការប្រមូលផល ការវេចខ្ចប់នានា គឺជាបន្ទុករបស់ក្រុមហ៊ុនដែលទិញពីកសិករជាអ្នកចំណាយទាំងអស់តែម្តង។

ក្រោយពីសម្រេចបាននូវការនាំចេញនេះដែរ ទីប្រឹក្សាសហគមមៀនប៉ៃលិនរូបនេះ បានអះអាងថា ទាំងរូបលោក និងប្រជាកសិករដែលដាំដំណាំមៀនប៉ៃលិននេះ ពិតជាមានក្តីសប្បាយរីករាយជាពន់ពេក នៅពេលដែលកម្ពុជា សម្រេចបានជោគជ័យនូវការនាំចេញមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននេះ។

បើតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ២០២១ ដំណាំមៀននៅទូទាំងប្រទេសកម្ពុជាមានការដាំដុះលើផ្ទៃដីសរុបជិត១ម៉ឺន៣ពាន់ហិកតា ខណៈផ្ទៃដីប្រមូលផលមានជាង១ម៉ឺនហិកតា ដោយទិន្នផលអាចទទួលបានជាមធ្យមជាង១ម៉ឺន២ពាន់តោនក្នុងមួយហិកតា ដែលមានបរិមាណផលសរុបជាង១៣ម៉ឺនតោន។

ដំណាំមៀន គឺជាដំណាំកសិ-ឧស្សាហកម្មមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ជាលក្ខណៈស្រស់ និងក្រៀម។ សូមបញ្ជាក់ថា ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់៕




អត្ថបទបន្ទាប់


វៀតណាមនឹងមានកំណើនដ៏លឿនរហ័សបំផុតប្រចាំតំបន់អាស៊ី២សម្រាប់ឆ្នាំជាប់គ្នា

ព័ត៌មាន
មេដឹកនាំវៀតណាម បានបង្ហាញទំនុកចិត្តចំពោះកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះថា នឹងកើនឡើងលើសការរំពឹងទុក ហើយជាកម្រិតកំណើនលឿនជាងគេបំផុតក្នុង…

ហេតុអ្វីសិស្សានុសិស្សគួរចាប់យកការរៀនជំនាញបច្ចេកវិទ្យាឌីជីថលនៅសកលវិទ្យាល័យ?

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លើកទឹកចិត្តឲ្យសិស្សានុសិស្ស ដែលទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម្រាប់ឆ្នាំសិក្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ