មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំនៅប្រទេសថៃនេះ មានតួនាទីសំខាន់ណាស់ ក្នុងការជំរុញផ្សព្វផ្សាយសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និង ចំណេះដឹងផ្សេងៗ ក្នុងការធ្វើជំនួញ វិនិយោគ និង ការលើកកម្ពស់គុណភាពទំនិញ-សេវាកម្ម ការជំរុញផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារ ព្រមទាំងការសម្របសម្រួល ចរចាជាមួយស្ថាប័នរដ្ឋទាំងក្នុងប្រទេសថៃ និង កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់សមាជិក។
ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានមានប្រសាសន៍ថា វត្តមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំប្រទេសថៃ គឺជាការបើកទំព័រសករាជថ្មី សម្រាប់ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ថៃ ក្រោយវិបត្តិជំងឺកូវីដ១៩ដែលបានធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ នៅរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។
ឯកឧត្តម អ៊ូក សោភ័ណ្ឌ បានបន្តថា នេះគឺកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់វិបត្តិជំងឺកូវីដ១៩ សំដៅកសាងភាពធន់នៃសេដ្ឋកិច្ចឡើងវិញ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ការបង្កើត និង ចូលរួមប្លុកពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ព្រមទាំងការធ្វើវិសោធនកម្មច្បាប់វិនិយោគ និងកំណែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុងប្រទេស។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ សម្រេចបានជាង ៧ពាន់លានដុល្លារប៉ុណ្ណោះ រអិលធ្លាក់ចុះ២៣% ធៀបនឹងឆ្នាំ២០១៩ ដែលធ្លាប់មានដល់ទៅជាង ៩ពាន់លានដុល្លារ។ នេះបើតាមតួលេខពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលខេមបូណូមីសទទួលបាននៅថ្ងៃទី ០៣ ខែកុម្ភៈ។ ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ មានការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ដោយសារតែរងនូវឥទ្ធពលអាក្រក់នៃវិបត្តិកូវីដ-១៩ ដែលកំពុងបន្ដយាយីពិភពលោកនៅឡើយ៕